ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ កំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រនិងជំនួយផ្សេងៗទៀតដល់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត៣០០នាក់ ដែលត្រូវបានអនុញាតឲ្យចូលចតនៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីត្រូវបានជាប់នៅលើសមុទ្រអស់រយៈពេលជាង៧ខែ។
របាយការណ៍នានាបានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជា៣៣០នាក់ បានចេញដំណើរតាមផ្លូវទឹកពីតំបន់ Cox’s Bazar នៃប្រទេសបង់ក្លាដែសកាលពីដើមឆ្នាំនេះ។ ដំណើររបស់ពួកគេនៅទីបំផុតបានបញ្ចប់កាលពីថ្ងៃទី០៧ ខែកញ្ញា បន្ទាប់ពីនៅរស់រានមានជីវិតក្រោយពីដំណើរតាមសមុទ្រដែលមានរយៈពេលជាង៧ខែ។
ជនភៀសខ្លួនភាគច្រើន ជាស្ត្រីនិងកុមារ។ បន្ទាប់ពីបានចុះចតនៅភាគខាងជើង ខេត្ត Aceh នៃប្រទេសឥណ្ឌូណេស៊ី ពួកគេបានប្រាប់បុគ្គលិកជំនួយថាមានអ្នកដំណើរជាង៣០នាក់ បានបាត់បង់ជីវិតនៅក្នុងពេលធ្វើដំណើរនោះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានរាយការណ៍ថាជនភៀសខ្លួនបានរៀបរាប់ពីស្ថានភាពដ៏អស់សង្ឃឹមនៅពេលពួកគេនៅលើនាវា និងការរងទារុណកម្មផ្លូវចិត្តដោយសារតែមិនដឹងថា តើពេលណាពួកគេ នឹងត្រូវបានសង្គ្រោះ ឬថាតើពួកគេនឹងត្រូវបានសង្គ្រោះដែរឬយ៉ាងណា។
អ្នកនាំពាក្យនៃទីភ្នាក់ងារ UNHCR លោក Babar Baloch បានប្រាប់វីអូអេថា ជនភៀសខ្លួន បានពណ៌នាប្រាប់អំពីការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
«រយៈពេល៧ខែនោះពិតជាគួរឲ្យបារម្ភណាស់។ ជនភៀសខ្លួនដែលស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ត្រូវបានរសាត់អណ្តែតលើសមុទ្រដោយមិនមានកំពង់ផែ ឬ ដីគោកសុវត្ថិភាពអាចចូលចតបាន។ ជនភៀសខ្លួនបានប្រាប់បុគ្គលិករបស់ទីភ្នាក់ងារ UNHCR ថា ពួកគេបានចាកចេញពីប្រទេសបង់ក្លាដែសកាលពីដើមខែកុម្ភៈនៃឆ្នាំនេះ ហើយបានព្យាយាមចូលចតក្នុងប្រទេសផ្សេងៗជាច្រើនសារតែមិនបានសម្រេចទេ»។
លោកBaloch និយាយទៀតថា ទីភ្នាក់ងារ UNHCR មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតរបស់ជនភៀសខ្លួនបាននៅឡើយទេ ហើយឥឡូវនេះ កំពុងបន្តស្វែងរកព័ត៌មានបន្ថែមទៀត។
«ទីភ្នាក់ងារ UNHCR មានព័ត៌មានអំពីការមកដល់របស់ជនភៀសខ្លួន ហើយកំពុងសម្ភាសពួកគេដោយមានជំនួយការបកប្រែ ទៅតាមតម្រូវការ។ នៅក្នុងដំណាក់កាលនេះ អាទិភាពចម្បងរបស់យើង គឺសុវត្ថិភាពនិងសុខភាពរបស់ពួកគេដែលមានស្ត្រីនិងកុមារងាយរងគ្រោះជាច្រើន»។
បុគ្គលិកនៃទីភ្នាក់ងារ UNHCR និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) កំពុងជួយអាជ្ញាធរក្នុងខេត្ត Aceh ដើម្បីវាយតម្លៃអំពីតម្រូវការរបស់ជនភៀសខ្លួន។ ពួកគេកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ ចំពោះអ្នកមកដល់ទាំងអស់តាមការទាមទាររបស់អាជ្ញាធរឥណ្ឌូណេស៊ី។
ទីភ្នាក់ងារនានានិយាយថាពួកគេក៏កំពុងផ្តល់ការសង្គ្រោះបឋម ផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រផ្សេងៗ ការថែទាំផ្លូវចិត្ត ផ្តល់ទីជម្រក ទឹក និងតម្រូវការចាំបាច់ផ្សេងទៀតផងដែរ៕
ប្រែសម្រួលដោយ ទុំ ម្លិះ