អ្នកគាំទ្ររាប់ពាន់នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោនៅក្នុងរដ្ឋធានីក្នុងប្រទេសនីហ្សេរីយ៉ាដើម្បីគាំទ្រដល់លោក Peter Obi ដែលជាបេក្ខជនប្រធានាធិបតីមួយរូប។
លោក Obi ដែលកំពុងមានភាពនាំមុខគេ បន្ទាប់មានការស្ទង់មតិសាធារណៈចំនួនពីរដែលចេញផ្សាយដោយកាសែតនីហ្សេរីយ៉ានៅសប្តាហ៍មុន បង្ហាញថា លោកកំពុងនាំមុខបេក្ខជនផ្សេងទៀតមកពីគណបក្សនយោបាយធំជាងគេចំនួនពីរនៅនីហ្សេរីយ៉ា នោះគឺគណបក្សសមាជវឌ្ឍនភាពទាំងអស់គ្នា (APC) និងគណបក្សប្រជាជនប្រជាធិបតេយ្យ (PDP)។
លោក Obi បានកើនប្រជាប្រិយភាពកាលពីខែឧសភាឆ្នាំមុន បន្ទាប់ពីលោកបានលាលែងពីគណបក្សគណបក្សប្រជាជនប្រជាធិបតេយ្យទៅចូលរួមជាមួយគណបក្សពលករដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមកពីគណបក្សនេះ។
លោកបានប្រាប់អ្នកគាំទ្រថា លោកនឹងដោះស្រាយបញ្ហាអសន្តិសុខរបស់នីហ្សេរីយ៉ា ស្តារសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវការផលិតក្នុងស្រុកដើម្បីកាត់បន្ថយការពឹងផ្អែករបស់នីហ្សេរីយ៉ាលើផលិតផលបរទេស។
លោក Peter Obi បេក្ខជនប្រធានាធិបតីមកពីគណបក្សពលករបានថ្លែងក្នុងសម្តីដើមថា៖
«ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អ្វីដែលប្រទេសយើងបានផលិតគឺអសន្តិសុខ ភាពក្រីក្រ កុមារមិនបានចូលសាលារៀន កូដកម្មរបស់និស្សិត ហើយយើងកំពុងបង្កើតឡើងអ្វីៗដែលខុស។ យើងនឹងផ្តល់ឱ្យអ្នកទាំងអស់គ្នានូវសន្តិសុខ និងទ្រព្យសម្បត្តិ។ ជនល្មើសមិនគួរឱ្យខ្លាចនោះទេ ប៉ុន្តែការដែលមិនមានភាពជាអ្នកដឹកនាំនោះទេដែលគួរឱ្យខ្លាច។ អ្នកនឹងមានមោទនភាពចំពោះប្រទេសរបស់អ្នក ដោយសារប្រទេសរបស់អ្នកនឹងចាកចេញពីប្រទេសប្រើប្រាស់ទៅជាប្រទេសផលិតវិញ»។
លោក Obi លោក Abubakar និងលោក Tinubu កំពុងធ្វើដំណើរជុំវិញប្រទេសដើម្បីទាក់ទាញសន្លឹកឆ្នោត នៅមុនថ្ងៃបោះឆ្នោតដែលត្រូវកំណត់យកនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។
នៅក្នុងសុន្ទរកថាយុទ្ធនាការ អសន្តិសុខជាប្រធានបទដ៏សំខាន់។ ប្រទេសនេះកំពុងប្រយុទ្ធជាមួយនឹងក្រុមយុទ្ធជនជីហាដនៅភាគឦសាន ប្រយុទ្ធនឹងក្រុមប្រដាប់អាវុធនៅភាគពាយព្យ និងតំបន់កណ្តាល និងប្រយុទ្ធជាមួយក្រុមបំបែកខ្លួននៅភាគខាងត្បូងផងដែរ។
ក្នុងពេលប្រមូលផ្តុំយុទ្ធនាគារនៅក្នុងរដ្ឋ Kano ដែលស្ថិតនៅភាគខាងជើងនៃប្រទេស លោក Atiku Abubakar បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាជនប្រជាធិបតេយ្យ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកថា៖
«តើអ្នកចង់ត្រឡប់ទៅរកសន្តិភាពនៅក្នុងរដ្ឋ Kano វិញទេ? តើអ្នកចង់ឱ្យបើកព្រំដែនដែរឬទេ? មានតែរដ្ឋបាលមកពីគណបក្សគណបក្សប្រជាជនប្រជាធិបតេយ្យទេដែលអាចអនុវត្តគោលនយោបាយទាំងនេះបាន។ ខ្ញុំចង់អំពាវនាវឱ្យអ្នកទាំងអស់ទៅបោះឆ្នោតឱ្យគណបក្សប្រជាជនប្រជាធិបតេយ្យពីថ្នាក់លើដល់ថ្នាក់ក្រោម។ យើងបានធ្វើរួចហើយកាលពីមុន។ យើងត្រូវធ្វើវាម្តងទៀត»។
ក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៩ លោក Atiku អាយុ ៧៦ឆ្នាំបានចាញ់លោក Muhammadu Buhari ដែលជាប្រធានាធិបតីបច្ចុប្បន្ន។
លោក Kelechi Onyenze បានចូលរួមក្នុងការប្រមូលផ្តុំក្នុងរដ្ឋ Kano ដើម្បីគាំទ្រគណបក្សប្រជាជនប្រជាធិបតេយ្យ។
លោក Kelechi Onyenze បានថ្លែងក្នុងសម្តីដើមថា៖ «តើអ្នកណាទៀតដែលមានបទពិសោធន៍ដូចបុរសម្នាក់នេះដែលមានទាំងបទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្ម និងវិស័យឯកជន? គាត់ជាសហគ្រិន ជាថៅកែរបស់កម្មករនិយោជិត។ លោក Atiku បានបង្កើតទ្រព្យសម្បត្តិ និងរកឃើញនូវទេពកោសល្យ»។
លោកប្រធានាធិបតី Buhari បានដឹកនាំព្រឹត្តិការណ៍យុទ្ធនាការដើម្បីគាំទ្រលោក Bola Ahmed Tinubu បេក្ខជនប្រធានាធិបតីមកពីគណបក្សសមាជវឌ្ឍនភាពទាំងអស់គ្នា។
លោក Tinubu បានសន្យាបន្តគោលនយោបាយរបស់លោក Buhari ក្នុងការដោះស្រាយបញ្ហាអសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បង្កើតការងារ និងពង្រឹងស្តង់ដារអប់រំ ទោះបីជាយ៉ាងណា អ្នករិះគន់មកពីគណបក្សផ្សេងនិយាយថា លោក Buhari បានបរាជ័យលើគោលនយោបាយទាំងនោះ។
អំពើហិង្សានាពេលថ្មីៗរួមមានការវាយប្រហារលើមន្ត្រីនៃគណៈកម្មការបោះឆ្នោតជាតិឯករាជ្យរបស់នីហ្សេរីយ៉ាដែលបង្កឱ្យមានក្តីបារម្ភអំពីសុវត្ថិភាពនៅថ្ងៃបោះឆ្នោត។
អាជ្ញាធរនិយាយថា ពួកគេកំពុងចាត់វិធានការដើម្បីធានាថា អ្នកបោះឆ្នោត និងបុគ្គលិកក្នុងដំណើរការបោះឆ្នោតមានសុវត្ថិភាព និងថា ការបោះឆ្នោតនឹងធ្វើឡើងដោយមិនមានការរំខាន៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ