អ្នកស្រី Idayat Hassan ជាអ្នកនាំពាក្យសម្រាប់គណៈកម្មាធិការសន្តិភាពជាតិ ដែលជាស្ថាប័នគាំទ្រដោយរដ្ឋាភិបាល និងមានអតីតប្រមុខរដ្ឋ និងក្រុមមន្ត្រីនានាដែលព្យាយាមលើកកម្ពស់ភាពស្ងប់ស្ងាត់ និងស្ថិរភាពនៅក្នុងប្រទេស។
ថ្លែងតាមរយៈបណ្តាញទូរទស្សន៍ដែលមានមូលដ្ឋាននៅទីក្រុង Lagos អ្នកស្រី Hassan បានលើកឡើងពីក្តីបារម្ភអំពីការវាយប្រហារដែលមានកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ និងថា អាជ្ញាធរត្រូវហាមគ្រប់គ្នាមិនឱ្យយកអាវុធចូលក្នុងពេលប្រមូលផ្តុំយុទ្ធនាការ លើកលែងតែភ្នាក់ងារសន្តិសុខ។
អ្នកស្រី Idayat Hassan បានថ្លែងក្នុងសម្តីដើមថា៖ «ចំនួនអ្នកស្លាប់កើនឡើងខ្ពស់ ហើយចំនួនឧប្បត្តិហេតុកើនឡើង។ មានការវាយប្រហារយ៉ាងតិច១៣៤លើកទៅលើការិយាល័យគណៈកម្មការបោះឆ្នោតជាតិឯករាជ្យ និងបុគ្គលិករបស់គណៈកម្មការនេះ។ វាជារឿងគួរឱ្យរំខានដែលវាកើតឡើងនៅចំពេលនេះ។ ប្រសិនបើវានៅតែបន្ត តើយើងនឹងធ្វើការបោះឆ្នោតយ៉ាងដូចម្តេច?»
កាលពីថ្ងៃសុក្រសប្តាហ៍មុន ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារ និងសម្លាប់សមាជិក៣នាក់នៃក្រុមសន្តិសុខការពារលោកអភិបាល Ifeanyi Okowa ដែលជាបេក្ខជនអនុប្រធានាធិបតីមកពីគណបក្សប្រជាជនប្រជាធិបតេយ្យ(PDP)។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Okowa បានទៅសួរសុខទុក្ខគ្រួសាររបស់មន្ត្រីសន្តិសុខដែលបានស្លាប់ និងបានថ្កោលទោសចំពោះការសម្លាប់នេះ។
នៅក្នុងឧប្បត្តិហេតុមួយទៀត មនុស្សម្នាក់ត្រូវបានសម្លាប់ និង៥នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចដោយហិង្សារវាងអ្នកគាំទ្រគណបក្សប្រជាជនប្រជាធិបតេយ្យ និងគណបក្សសមាជវឌ្ឍនភាពទាំងអស់គ្នា (APC) ដែលជាគណបក្សកាន់អំណាច ក្នុងពេលប្រមូលផ្តុំយុទ្ធនាការមួយនៅរដ្ឋ Jigawa នៅភាគខាងជើង។
ប៉ុន្មានម៉ោងក្រោយមក អ្នកគាំទ្រជាច្រើនរបស់គណបក្សពលករបានរងការវាយប្រហារ និងត្រូវរបួសពីការវាយប្រហាររបស់ក្រុមបងធំនៅតាមផ្លូវទៅកន្លែងប្រមូលផ្តុំនៅក្នុងទីក្រុង Lagos ដែលជាមូលដ្ឋានដ៏រឹងមាំរបស់លោក Bola Ahmed Tinubu បេក្ខជនប្រធានាធិបតីមកពីគណបក្សសមាជវឌ្ឍនភាពទាំងអស់គ្នា។
លោក Paul James ជាមន្ត្រីកម្មវិធីនៅអង្គការ Yiaga អាហ្វ្រិក ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងលើកកម្ពស់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។
លោកបានថ្លែងក្នុងសម្តីដើមថា៖ «សម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនៅនីហ្សេរីយ៉ា បេក្ខជនត្រូវទទួលបានសំឡេងគាំទ្រ១/៤ នៃសំឡេងឆ្នោតនៅក្នុងរដ្ឋយ៉ាងហោចណាស់ចំនួន២៤។ អ្នកនយោបាយកំពុងប្រើអំពើហិង្សាក្នុងទម្រង់ផ្សេងៗគ្នាដើម្បីគាបសង្កត់អ្នកបោះឆ្នោត។ ដូច្នេះ អ្វីដែលយើងកំពុងមើលឃើញគឺការកើនឡើងនៃភាពភិតភ័យ ការកើនឡើងនៃភាពភ័យខ្លាចដែលអាចនឹងប៉ះពាល់ដល់ការចូលរួមរបស់ពលរដ្ឋសម្រាប់អ្នកនយោបាយ ជាពិសេសអ្នកដែលយល់ថា ពួកគេមិនអាចទាញយកសំឡេងបាននៅទូទាំងប្រទេសដែលត្រូវការសម្រាប់ការបោះឆ្នោត»។
លោក Kolawole Oluwadare អនុប្រធានអង្គការគម្រោងគណនេយ្យភាពសិទ្ធិសេដ្ឋកិច្ចសង្គម (Socio-Economic Rights Accountability Project) និយាយថា អាជ្ញាធរមានការស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហា។
អង្គការសិទ្ធិមនុស្សមួយនេះបានដាក់ញត្តិទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីឱ្យស៊ើបអង្កេតអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោត និងឲ្យជនល្មើសនៅនីហ្សេរីយ៉ាទទួលខុសត្រូវ។
លោក Kolawole Oluwadare បានថ្លែងក្នុងសម្តីដើមថា៖ «ភាពក្រីក្រ ការកើនឡើងនៃអត្រាគ្មានការងារធ្វើអាចជាមូលហេតុប្រយោល ប៉ុន្តែនិទណ្ឌភាពរបស់រដ្ឋាភិបាលជាកត្តាគន្លឹះនៃឧប្បត្តិហេតុទាំងនេះ ដែលជាមូលហេតុដែលអ្នកមើលឃើញកង្វះឆន្ទៈនយោបាយក្នុងការចាត់វិធានការដើម្បីបង្ការការវាយប្រហារទាំងនេះ»។
កាលពីថ្ងៃចន្ទ គណៈកម្មការបោះឆ្នោតនីហ្សេរីយ៉ាបាននិយាយថា ការបោះឆ្នោតនឹងមិនធ្វើឡើងនៅក្នុងមណ្ឌលបោះឆ្នោតទាំង២៤០ ក្នុងរដ្ឋចំនួន២៨នោះទេ ដោយសារមូលហេតុចម្បងគឺខ្វះអ្នកចុះឈ្មោះបោះឆ្នោតនៅក្នុងតំបន់ទាំងនោះ។ អ្នកបោះឆ្នោតមិនចុះឈ្មោះបោះឆ្នោតនៅមណ្ឌលទាំងនោះដោយសារតែអសន្តិសុខ។ រដ្ឋ Imo មានចំនួនមណ្ឌលបោះឆ្នោតដែលត្រូវបានលុបចោលច្រើនជាងគេដែលមានចំនួនរហូតដល់៣៨។
ការបោះឆ្នោតគ្រោងធ្វើឡើងក្នុងពេលមានការខឹងសម្បាកាន់តែខ្លាំងក្នុងចំណោមពលរដ្ឋដែលមួយផ្នែកបង្ក ឡើងដោយកង្វះខាតប្រេងឥន្ធនៈ និងរូបិយបណ្ណដែលត្រូវបានរចនាថ្មី។
នៅក្នុងទីក្រុងអាប៊ូហ្សា កាលពីថ្ងៃចន្ទ លោក Muhammadu Buhari ប្រធានាធិបតីនីហ្សេរីយ៉ាបានបង្ហាញពីយានយន្តប៉ូលិសថ្មី កាំភ្លើងឆក់ និងឧបករណ៍ប្រឆាំងកុបកម្ម រួមមានឡានបាញ់ទឹក ដែលរចនាឡើងដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងប៉ូលិសនីហ្សេរីយ៉ា។
គេមិនទាន់ដឹងថា តើការធ្វើបែបនេះនឹងធ្វើឱ្យអ្នកបោះឆ្នោតមានអារម្មណ៍ថា មានសុវត្ថិភាពជាងមុនឬអត់ទេ ព្រោះវាឆាប់ពេក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ