លោក Buhari ប្រធានាធិបតី​នីហ្សេរីយ៉ា​នឹង​ពិភាក្សា​អំពី​ភេរវកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​លោក ត្រាំ

លោក​ប្រធានាធិបតី​នីហ្សេរីយ៉ា Muhammadu Buhari ពិនិត្យ​មើល​យោធា នៅ​ក្នុង​ក្រុង Maiduguri កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

ប្រធានាធិបតី​នីហ្សេរីយ៉ា លោក Muhammadu Buhari គ្រោង​នឹង​ជួប​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោននៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​ជា​ជំនួប​លើក​ដំបូង​បង្អស់​របស់​មេដឹកនាំ​អាហ្វ្រិក​មក​កាន់​សេតវិមាន​របស់​លោក ត្រាំ។

មេដឹកនាំ​ទាំង​ពីរ​នាក់​គ្រោង​នឹង​ពិភាក្សា​គ្នា​ទៅ​លើ​ការ​គំរាមកំហែង​ភេរវកម្ម​និង​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​នេះ គឺ​ដល់​ទៅ​២០០​លាន​នាក់។

ប្រទេស​នីហ្សេរីយ៉ា​ត្រូវ​បាន​ញ៉ាំញី​ដោយ​ក្រុម​ជ្រុលនិយម Boko Haram ដែល​បាន​ធ្វើ​ការ​បះបោរ​កាល​ពី​៩​ឆ្នាំ​មុន​ដោយ​មាន​គោលបំណង​បង្កើត​រដ្ឋ​ឥស្លាម​មួយ។ មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់ ហើយ​សិស្ស​ស្រី​រាប់រយ​នាក់​ត្រូវ​បាន​ចាប់​ជំរិត ខណៈ​ដែល​ក្រុម​នេះ​ត្រូវ​បាន​គេ​ដឹង​ឮ​គ្រប់គ្នា ហើយ​បាន​រីកសាយ​ដល់​ប្រទេស​ជិតខាង​ទៀត និង​បាន​បង្ក​ឲ្យ​មាន​ការគំរាមកំហែង​ខ្លាំង​បំផុត​ទៅ​កាន់​តំបន់ Sahel នៃ​អាហ្វ្រិកខាង​លិច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

កាល​ពី​ឆ្នាំ​មុន រដ្ឋបាល​របស់​លោក ត្រាំ បាន​អនុម័ត​លក់​យន្តហោះ​វាយប្រហារ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​និង​សម្ភារៈ​ដែល​មាន​តម្លៃ​៦០០លាន​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រតិបត្តិការ​យោធា​នីហ្សេរីយ៉ា​ប្រឆាំង​នឹង​ក្រុម Boko Haram និង​ក្រុម​រដ្ឋឥស្លាម និង​ដើម្បី​ត្រួតពិនិត្យ​លើ​ថ្នាំញៀន សព្វាវុធ និង​ការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ។​

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ផ្អាក​ក្រោម​រដ្ឋបាល​របស់​លោក អូបាម៉ា ស្រប​ពេល​ដែល​មាន​ការ​ព្រួយបារម្ភ​ទៅ​លើ​ការ​បំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​លិច​មួយ​នេះ។ ​
ខណៈ​ដែល​លោក Buhari ប្រឈម​នឹង​ការ​បោះឆ្នោត​កាន់​តំណែង​ម្តង​ទៀត គេ​រំពឹង​ថា លោក​នឹង​បញ្ចុះបញ្ចូល​សហរដ្ឋអាមេរិក​ឲ្យ​ផ្តល់​ការ​គាំទ្រ​ផ្នែកយោធា​បន្ថែម​ទៀត​ដើម្បី​បំពេញ​ទៅ​តាម​ការ​សន្យា​របស់​លោក​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា​នឹង​កម្ចាត់​ក្រុម Boko Haram ឲ្យ​បាន៕