ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី Buhari ត្រឡប់​មក​​នីហ្សេរីយ៉ា បន្ទាប់​ពី​ដំណើរ​​ស្វែង​រក​​​វិធី​ព្យាបាល​ជំងឺ​សម្ងាត់​មួយ


ប្រធានាធិបតី​នីហ្សេរីយ៉ាង Muhammadu Buhari ថ្លែង​នៅ​វិមាន​ប្រធនាធិបតីនៅ​ពេល​ដែល​លោក​បាន​មកដល់​ក្នុង​ទីក្រុង Abuja ប្រទេស​នីហ្សេរីយ៉ាកាល​ពី ថ្ងៃទី​១០ មីនា ២០១៧

ប្រធានាធិបតី​ប្រទេស​នីហ្សេរីយ៉ា​លោក Muhammadu Buhari បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​ហើយ​ក្រោយ​ចំណាយ​ពេល​ស្នាក់​នៅ​បន្ថែម​ក្នុង​ទីក្រុង​ឡុងដ៏​ដើម្បី​ព្យាបាល​ជំងឺ​ដែល​គេ​មិន​ប្រាប់​ឲ្យ​ដឹង​នោះ។ នេះ​បើ​តាមការ​ឲ្យ​ដឹង​របស់​អ្នក​នាំពាក្យ​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក​ប្រធានាធិបតី​បាន​ចាកចេញ​ពី​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា​ម្ល៉េះ ហើយ​ពលរដ្ឋ​នីហ្សេរីយ៉ា​ជាច្រើន​បាន​ចាប់ផ្តើម​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​ឬ​ក៏​ចុះចេញ​ពី​មុខ​តំណែង។

លោក Buhari បាន​ចាកចេញ​ពី​ប្រទេស​ដំបូង​ទៅ​កាន់​ប្រទេស​អង់គ្លេស​កាលពី​ខែ​មករា​ដើម្បី​ព្យាបាល​ជំងឺ។ លោក​បាន​ស្នាក់​នៅទីនោះ​អស់រយៈ​ពេល​ជិត​២ខែ​មុន​ពេល​ត្រឡប់​មក​កាន់​ប្រទេស​វិញ។ ហើយ​លោក​ចាកចេញ​ម្តង​ទៀតកាល​ពី​ដើម​ខែ​ឧសភា។ ក្នុង​ពេល​ចាក​ចេញ​ម្តងៗ​លោក​បាន​ផ្ទេរ​អំណាច​ដល់​លោក​អនុប្រធានាធិបតី Yemi Osinbajo។

នៅ​ដើម​សប្តាហ៍​នេះ​ក្រុម​បាតុករ​បាន​ធ្វើការ​តវ៉ា​ក្នុងរដ្ឋធានី Abuja ដោយ​លើក​បដា​ដែល​គេ​សរសេរ​ថា៖ ‍«បន្ត​ការងារ​ឬ​លា​ឈប់‍»។ បាតុកម្ម​នេះ​មាន​ការ​ប្រឈម​មុខ​នឹង​ក្រុម​អ្នក​គាំទ្រ​ដែរ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ប៉ូលិស៕

XS
SM
MD
LG