គណៈកម្មការបោះឆ្នោតជាតិឯករាជ្យ (INEC) ក្នុងប្រទេសនីហ្សេរីយ៉ា បានថ្លែងកាលពីថ្ងៃទី២ ខែកុម្ភៈថា គណៈកម្មការនេះកំពុងរៀបចំផែនការដាក់ជំនួសប្រអប់សន្លឹកឆ្នោតប្រមាណ ៧០០ប្រអប់ បន្ទប់សម្ងាត់សម្រាប់គូសសន្លឹកឆ្នោតចំនួន ២៤៣បន្ទប់ និងថង់បោះឆ្នោតចំនួន ២៥៦ ដែលត្រូវបានបំផ្លាញដោយអ្នកវាយប្រហារដែលបានវាយឆ្មក់ទៅលើការិយាល័យរបស់គណៈកម្មការនេះនៅក្នុងស្រុក Idemili South នៅភាគអាគ្នេយ៍នៃរដ្ឋ Anambra ក្នុងប្រទេសនីហ្សេរីយ៉ា។
គណៈកម្មការបោះឆ្នោតបានថ្លែងថា ការបំផ្លិចបំផ្លាញមានភាពធ្ងន់ធ្ងរ ប៉ុន្តែបណ្ណអ្នកបោះឆ្នោតអចិន្ត្រៃយ៍ក្នុងហិបសុវត្ថិភាពដែលការពារការឆេះនោះ មិនត្រូវបានបំផ្លាញនោះទេ។
លោក Festus Okoye មន្ត្រីព័ត៌មាននិងអប់រំ របស់គណៈកម្មការ INEC បានផ្តល់បទសម្ភាសន៍ដល់ VOA តាមរយៈទូរស័ព្ទដូចនេះថា៖
«ការិយាល័យបោះឆ្នោតត្រូវបានបំផ្លាញទាំងស្រុង។ ប្រអប់សន្លឹកឆ្នោតទាំងអស់ និងបន្ទប់សម្ងាត់សម្រាប់គូសសន្លឹកឆ្នោត និងម៉ាស៊ីនភ្លើងត្រូវបានបំផ្លាញ។ យើងនឹងដាក់ជំនួសសម្ភារៈទាំងនេះវិញភ្លាមៗ ហើយបន្ទាប់មកនឹងផ្លាស់ប្តូរការិយាល័យនេះទៅទីតាំងថ្មី និងបន្តការងារជាមួយនឹងការរៀបចំខ្លួនរបស់យើង។ យើងមិនអាចឱ្យហេតុការណ៍ទាំងនេះរារាំង ឬបង្អាក់ដំណើរការនោះទេ»។
ក្រុមអាជ្ញាធរប៉ូលិសនិយាយថា ពួកគេកំពុងតាមដានស្ថានភាព និងបានដាក់ពង្រាយកម្លាំងមន្ត្រីក្នុងតំបន់នោះរួចហើយ។
កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ក្រុមវាយប្រហារប្រដាប់អាវុធ បានទម្លុះចូលទៅក្នុងការិយាល័យរបស់គណៈកម្មការ INEC នៅក្នុងរដ្ឋ Anambra និងបានដាក់គ្រាប់បំផ្ទុះ និងគ្រាប់បែកសាំងកែច្នៃ។
ក្រុមមន្ត្រីនិយាយថា ក្រុមអ្នកវាយប្រហារក៏បានបាញ់កាំភ្លើងនៅក្បែរស្ថានីយប៉ូលិសក្នុងមូលដ្ឋានផងដែរ ដោយបានសម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ និងបណ្តាលឱ្យក្មេងស្រីវ័យជំទង់ម្នាក់ទៀតរងរបួស មុនពេលភ្នាក់ងារសន្តិសុខធ្វើអន្តរាគមនោះ។
គណៈកម្មការ INEC បានរាយការណ៍ថា មានការវាយប្រហារ និងការបង្កឱ្យមានអគ្គិភ័យជាង៥០ដងទៅលើការិយាល័យរបស់ខ្លួនក្នុងរដ្ឋទាំង ១៥ របស់នីហ្សេរីយ៉ា ចាប់តាំងពីការបោះឆ្នោតលើកចុងក្រោយក្នុងឆ្នាំ២០១៩មក។
នេះជាការវាយប្រហារលើកដំបូងនៅក្នុងខែកុម្ភៈ ខណៈដែលនីហ្សេរីយ៉ាចាប់ផ្តើមរាប់ថយក្រោយសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។
លោក Hamzat Lawal ប្រធានប្រតិបត្តិនៃអង្គការ Connected Development និយាយថា អំពើហិង្សាអាចគំរាមកំហែងដល់ទំនុកចិត្តអ្នកបោះឆ្នោតក្នុងពេលបោះឆ្នោត។ លោកថ្លែងថា៖
«នៅពេលយើងទៅបោះឆ្នោត ធាតុផ្សំដ៏សំខាន់បំផុតគឺសន្តិភាព ដោយសារប្រសិនបើការបោះឆ្នោតមានសន្តិភាព មនុស្សម្នាអាចមានទំនុកចិត្តគ្រប់គ្រាន់នឹងចេញពីផ្ទះរបស់ពួកគេទៅបោះឆ្នោត។ ជាមួយនឹងសន្តិភាព យើងនឹងធានាថា យើងនឹងមានអ្នកមិនទៅបោះឆ្នោតតិចជាងមុន ហើយមនុស្សម្នានឹងមិនបាត់បង់សិទ្ធិបោះឆ្នោតនោះទេ»។
កាលពីខែមករា គណៈកម្មការ INEC បានថ្លែងថា គណៈកម្មការនេះកំពុងធ្វើការជាមួយយោធា ប៉ូលិស និងអាជ្ញាធរការពារជនស៊ីវិល ដើម្បីផ្តល់សន្តិសុខគ្រប់គ្រាន់ដល់បុគ្គលិក និងសម្ភារៈបោះឆ្នោតក្នុងពេលបោះឆ្នោត។
ប៉ុន្តែលោក Lawal និយាយថា ក្រុមអាជ្ញាធរត្រូវធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋមានជំនឿងទៅលើសុវត្ថិភាពរបស់ពួកគេជាមុនសិន។ លោកបន្តដូច្នេះទៀតថា៖
«ខ្ញុំក៏ចង់និយាយទៅកាន់រដ្ឋាភិបាលផងដែរ ជាពិសេសអ្នកនយោបាយ។ កុំលេងនយោបាយជាមួយបញ្ហាសន្តិសុខ ហើយខ្ញុំជឿថា ទីភ្នាក់ងារសន្តិសុខរបស់យើងនឹងធ្វើបានល្អដូចក្តីរំពឹង និងកសាងទំនុកចិត្ត និងភាពជឿជាក់ពីសាធារណជន និងដឹងថា គណៈកម្មការ INEC កំពុងទទួលបានការទុកចិត្ត និងភាពជឿជាក់ពីសាធារណជន និងកំពុងប្រើប្រាស់វាដើម្បីទាក់ទាញឱ្យមនុស្សវ័យក្មេងចេញទៅបោះឆ្នោត។ ខ្ញុំជឿជាក់ថា យើងនឹងមានអ្នកចេញមកបោះឆ្នោតលើសពី ៨០%»។
បើយោងទៅតាមគណៈកម្មការបោះឆ្នោតបានឱ្យដឹងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រមាណតែ ៤០% ប៉ុណ្ណោះក្នុងចំណោមអ្នកចុះឈ្មោះទាំងអស់ ដែលគ្រោងទៅបោះឆ្នោត ដោយសារតែភាពនឿយណាយរបស់អ្នកបោះឆ្នោត។
មានមនុស្សជាង ៩៣ លាននាក់ បានចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មការ INEC ដែលនេះជាចំនួនកើនឡើងពី ៨៤ លាននាក់ដែលមានសិទ្ធិបោះឆ្នោត និងត្រូវបានកត់ត្រាក្នុងការបោះឆ្នោតមុនៗ។
អ្នកជំនាញទស្សន៍ទាយថា ការចេញទៅបោះឆ្នោតអាចនឹងកើនឡើងខ្លាំងនៅឆ្នាំនេះ ប្រសិនបើអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតត្រូវបានដោះស្រាយ៕