ក្រុមអង្គការសិទ្ធិមនុស្សចំនួនពីរអះអាងថា អំពើហិង្សាប៉ះពាល់ដល់ក្មេងប្រហែល១ពាន់លាននាក់ជារៀងរាល់ឆ្នាំ ហើយផលប៉ះពាល់នេះធ្វើឲ្យខាតបង់ប្រាក់ប្រចាំឆ្នាំអស់៧លានលានដុល្លារអាមេរិក។ អង្គការក្រៅរដ្ឋាភិបាលទាំងនោះបានឲ្យដឹងថា នៅខណៈដែលអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រីទទួលបានការយកចិត្តទុកដាក់ច្រើនជាងមុន អំពើហិង្សាទៅលើក្មេងប្រុសមិនត្រូវបានយកចិត្តទុកដាក់ឡើយ។ នេះជាមូលហេតុចម្បងបណ្តាលឲ្យមានការស្លាប់របស់ក្មេងប្រុសជំទង់នៅក្នុងបណ្តាតំបន់ជាច្រើនទូទាំងពិភពលោក។
អង្គការមានឈ្មោះថា «គ្មានអំពើហិង្សា»និងអង្គការ«រួមគ្នាដើម្បីក្មេងស្រី» បានលើកឡើងថា អំពើហិង្សាលើកុមារគឺជាបញ្ហាប្រឈមចម្បងបំផុតសម្រាប់ការអភិវឌ្ឍ។ ក្រុមដដែលនេះបានឲ្យដឹងបន្ថែមថា «ការបន្តជួបប្រទះនឹងអំពើហិង្សាជាចំហររបស់កុមារ ទោះបីជាជនរងគ្រោះ ឬជាអ្នកបានឃើញព្រឹត្តិការណ៍ក៏ដោយ វាបង្កផលប៉ះពាល់ដល់ខួរក្បាលរបស់ពួកគេ»។ ផលប៉ះពាល់ទាំងនោះរួមមានបញ្ហាភ័យបាក់ស្បាតដែលនាំឲ្យមានបញ្ហាសង្គម បញ្ហាផ្លូវអារម្មណ៍ និងបញ្ហាអាកប្បកិរិយាជាដើម។
អ្នកស្រី Lisa Witter គឺជានាយកប្រតិបត្តិអង្គការ«គ្មានអំពើហិង្សា» ឬក៏តាមការដែលនាងហៅខ្លួនឯងថាជា «ប្រធានក្រុមសុទិដ្ឋិនិយម»។
អ្នកស្រី Witter និយាយថា៖ «អំពើហិង្សាប្រឆាំងនឹងកុមារគឺជាបញ្ហាដែលកើតឡើងនៅពាសពេញពិភពលោកនៅគ្រប់ប្រទេសទាំងអស់ នៅតាមផ្ទះគ្រប់កម្រិតជីវភាព បើទោះបីជាឳពុកម្តាយទទួលបានការអប់រំឬអត់ក៏ដោយ។ ហើយអំពើហិង្សាប្រឆាំងកុមារនេះ កើតឡើងគ្រប់ទីកន្លែង។ យើងបានរៀនសូត្រពីការពិភាក្សាគ្នាអំពីបញ្ហាហិង្សានេះ ដែលមនុស្សផ្សេងគ្នាផ្តល់និយមន័យខុសៗគ្នាចំពោះពាក្យថា ហិង្សាប្រឆាំងកុមារ។ តើវាជាការបំពារបំពានផ្លូវចិត្ត? តើវាជាការរំលោភបំពានលើរូបរាងកាយ? តើវាជាការធ្វើទារុណកម្មលើរូបរាងកាយ? វាគឺជាអំពើទាំងអស់នេះឯង។ យើងកំពុងតែសម្លឹងមើលលើការកាត់បន្ថយហិង្សាប្រឆាំងកុមារគ្រប់រូបភាពទាំងអស់»។
អ្នកស្រី Witter បានឲ្យដឹងដែរថា ក្មេងស្រីជាអ្នកងាយរងគ្រោះបំផុតចំពោះហិង្សាផ្លូវភេទ និងការបង្ខំឲ្យរៀបការទាំងវ័យក្មេង ដែលនាងចាត់ទុកការបង្ខំឲ្យរៀបការនៅវ័យក្មេងនេះក៏ជាទម្រង់មួយនៃអំពើហិង្សាផងដែរ។
«ក្មេងស្រីភាគច្រើនប្រឈមនឹងការរៀបការនៅអាយុក្រោម១៨ឆ្នាំ ច្រើនជាងក្មេងប្រុស។ ហើយនេះជាសកម្មភាពហិង្សាមួយប្រាកដណាស់។ ការរៀបការទាំងនៅវ័យក្មេងនេះ មិនមែនជាឆន្ទៈពួកគេទេ ហើយពួកគេគួរតែបន្តនៅជាក្មេងស្រី មិនមែនកូនក្រមុំនោះឡើយ»។
សម្រាប់ក្មេងប្រុសវិញ អ្នកស្រី Witter បានបញ្ចាក់ថា៖ «ក្នុងចំណោមជនរងគ្រោះដោយករណីមនុស្សឃាត៥នាក់ មានម្នាក់ជាកុមារ ហើយក្មេងប្រុសមានប្រហែលជា៧០ភាគរយក្នុងចំណោមពួកគេទាំងនោះ។ អំពើហិង្សាពិតប្រាកដនិងដោយភាពព្រៃផ្សៃ គឺជាបញ្ហាធំសម្រាប់ក្មេងប្រុស។ ហិង្សាផ្លូវភេទដូចដែលខ្ញុំបាននិយាយអញ្ចឹង គឺជាបញ្ហាធំមួយសម្រាប់ក្មេងស្រីៗ ក៏ប៉ុន្តែ មានក្មេងប្រុស៧៣លាននាក់ អាយុក្រោម១៨ឆ្នាំ ជួបនឹងអំពើហិង្សាផ្លូវភេទដែរ។ ដូច្នេះ នៅខណៈដែលក្មេងស្រីៗមានកត្តាហានិភ័យខ្ពស់ដោយអំពើហិង្សាផ្លូវភេទ ក៏ប៉ុន្តែ វាទៅជាបញ្ហាសម្រាប់ក្មេងប្រុសទៅវិញ។ ហើយក្រៅពីនេះ បញ្ហាផ្សេងទៀតដែលយើងខ្វាយខ្វល់ខ្លាំងដែរនោះគឺទាហានកុមារ។ យ៉ាងហោចណាស់មានកុមារប្រមាណ២៥ម៉ឺននាក់ បម្រើការជាទាហាននៅលើពិភពលោកទាំងមូល ហើយ៩០ភាគរយនៃពួកគេជាក្មេងប្រុស»។
អ្នកស្រី Witter ក៏បានឲ្យដឹងដែរថា មានបុរស១៥៦លាននាក់ដែលមានជីវិតបច្ចុប្បន្ន ត្រូវបានរៀបការតាំងពីកុមារ។
អ្នកស្រី Witter និង អ្នកស្រី Michele Moloney-Kitts ប្រធានអង្គការរួមគ្នាដើម្បីក្មេងស្រី បានសរសេរអត្ថបទបញ្ចេញជាមតិយោបល់ថា៖ «អំពើហិង្សាប្រៀបដូចជាជំងឺឆ្លង ហើយគេព្យាករណ៍ទុកមុនថា ការលូតលាស់ធំធាត់ក្នុងបរិស្ថានដែលមានហិង្សាកើតឡើងជុំវិញនោះ នឹងធ្វើឲ្យកុមារក្លាយជាជនរងគ្រោះ ឬក្លាយជាមនុស្សប្រើហិង្សានៅពេលដែលគេធំពេញវ័យ»។
អ្នកទាំងពីរបានបន្ថែមថា បទដ្ឋានទាក់ទងនឹងបញ្ហាភេទ ធ្វើឲ្យក្មេងប្រុសមានការពិបាកក្នុងការសារភាពថា ខ្លួនជាជនរងគ្រោះដោយសារអំពើហិង្សា។ ជាការពិត ជាមធ្យម បុរសៗដែលជាចុងក្រោយសុខចិត្តបង្ហើបឲ្យគេដឹងថាខ្លួនបានរងការបំពារបំពានផ្លូវភេទនោះ គឺនៅរយៈពេល២២ឆ្នាំ ក្រោយពេលខ្លួនត្រូវគេធ្វើបាប។ រយៈពេលនៃការទម្លាយឲ្យដឹងពីបញ្ហានេះ កើតឡើងយឺតជាងស្ត្រីប្រហែល១០ឆ្នាំ។
ដើម្បីជួយក្មេងប្រុសកុំឲ្យក្លាយជាមនុស្សងាយរងគ្រោះដោយសារអំពើហិង្សា អង្គការក្រៅរដ្ឋាភិបាលទាំងពីរ បានផ្តល់អនុសាសន៍ឲ្យមានកម្មវិធីធ្វើជាឪពុកម្តាយសម្រាប់អ្នកថែទាំកុមារ។ អង្គការទាំងពីរបានបញ្ជាក់ថា វាជាកម្មវិធីសិក្សានៅតាមសាលាដែលអាចបង្រៀនក្មេងវ័យជំទង់អំពី«សុវត្ថិភាពនៃការណាត់ជួបគ្នា»។ កម្មវិធីណែនាំប្រៀនប្រដៅ បានបង្ហាញពីភាពជោគជ័យក្នុងការទប់ស្កាត់ករណីមនុស្សឃាតនិងការចូលជាមួយក្រុមបងតូចបងធំជាដើម។
ក្រុមអង្គការទាំងនេះចង់ឲ្យបញ្ហានេះត្រូវបានដាក់បញ្ចូលក្នុងគោលដៅថ្មីនៃអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដែលគោលដៅថ្មីនេះនឹងត្រូវអនុម័តនៅខែកញ្ញាខាងមុខក្នុងទីក្រុងញូវយ៉ក។ អ្នកស្រី Witter បានឲ្យដឹងថា ជីវិតអាចនឹងប្រសើរឡើងសម្រាប់ក្មេងៗគ្រប់គ្នា ប្រសិនបើសមាជិកអង្គការសហប្រជាជាតិរួមគ្នាលុបបំបាត់អំពើហិង្សាទាំងនេះ។
«ខ្ញុំបារម្ភអំពីក្មេងប្រុសនិងក្មេងស្រីជាខ្លាំង។ ខ្ញុំចង់កាត់បន្ថយអំពើហិង្សាលើក្មេងស្រីៗ ហើយខ្ញុំក៏ចង់កាត់បន្ថយបញ្ហាហិង្សាលើក្មេងប្រុសៗដូចគ្នាដែរ។ ខ្ញុំជាម្តាយក្មេងប្រុសតូចៗពីរនាក់ ដែលមា្នក់មានអាយុ៦ឆ្នាំ និងម្នាក់ទៀតមានអាយុ៨ឆ្នាំ។ ដូច្នេះ បញ្ហានេះវាដូចជារឿងផ្ទាល់ខ្លួនដូច្នេះឯងសម្រាប់ខ្ញុំ។ យើងមិនអាចបញ្ឈប់អំពើហិង្សាដែលកើតឡើងបន្តកន្ទុយគ្នាបែបនេះទេ ប្រសិនបើយើងមិនផ្តោតការយកចិត្តទុកដាក់លើក្មេងប្រុសនិងក្មេងស្រីទេនោះ។ អ្វីដែលយើងចង់ធ្វើគឺគ្រាន់តែបន្តការប្រឆាំងនឹងហិង្សាតាមរយៈដំណើរការអង្គការសហប្រជាជាតិ និងតាមរយៈការជជែកពិភាក្សាជាមួយក្រុមហ៊ុន សហគមន៍ និងជួយបង្កើតវិធានការដែលយើងជឿជាក់ថា អាចប្រើប្រាស់បានដើម្បីកាត់បន្ថយអំពើហិង្សា»។
ទាក់ទិននឹងព័ត៌មាននេះដែរ កិច្ចសហការក្នុងភាពជាដៃគូសាកលមួយដើម្បីបញ្ចប់អំពើហិង្សាប្រឆាំងនឹងកុមារ ត្រូវបានប្រកាសនៅក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្តីពីការផ្តល់ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ ដែលនឹងធ្វើឡើងនៅទីក្រុង Addis Ababa កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ