ភ្នំពេញ —
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៦៥នៅថ្ងៃច័ន្ទនេះបានប្រកាសថ្កោលទោសទៅលើការបាញ់សម្លាប់បាតុករជាកម្មកររោងចក្រកាលពី១០ថ្ងៃមុនដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសជាច្រើននាក់។
អង្គការសង្គមស៊ីវិលទាំងនោះរួមមានអង្គការអាដហុក មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការតម្លាភាពអន្តរជាតិ និងអង្គការអុកស្វាមរបស់សហរដ្ឋអាមេរិកជាដើម។
ក្នុងសេចក្តីប្រកាសរួមរបស់ខ្លួន ក្រុមអង្គការសង្គមបានបរិហារធ្ងន់ៗយ៉ាងដូច្នេះថា៖«យើងខ្ញុំសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់កម្លាំងដ៏លើសលុប និងយ៉ាងសាហាវ ការចាប់ខ្លួនដោយបំពាន ការសម្លាប់ និងការប្រព្រឹត្តិយ៉ាងអមនុស្សធម៌ដោយអាជ្ញាធរកម្ពុជា»។
ការថ្កោលទោសនេះធ្វើឡើងក្រោយពីមានការបង្ក្រាបដោយកម្លាំងយោធាលើបាតុករជាកម្មកររោងចក្រនៅតំបន់សួនឧស្សាហកម្មពិសេសតាមផ្លូវជាតិលេខ៤កាលពីថ្ងៃទី២ ខែមករា ដែលនាំឱ្យមានការចាប់ខ្លួនមនុស្ស១០នាក់។ មួយថ្ងៃក្រោយមកក្រុមសមត្ថកិច្ចបានបាញ់បង្ក្រាបដោយប្រើគ្រាប់ពិតទៅលើហ្វូងបាតុករនៅតំបន់សួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ាដែលនាំឱ្យមនុស្សយ៉ាងតិចណាស់៤នាក់បានស្លាប់ របួស៣៩នាក់និងចាប់ខ្លួនចំនួន១៣នាក់។
ក្នុងសេចក្តីប្រកាសដដែលនេះ ក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងជនជាប់ចោទទាំង២៣នាក់ដោយគ្មានលក្ខខណ្ឌ និងបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយដើម្បីវែកមុខរកជនដែលទទួលខុសត្រូវលើអំពើហិង្សានេះ ហើយកាត់ទោសជនទាំងនោះដោយមិនបង្អង់ និងត្រូវផ្តល់សំណងដល់អ្នករងរបួស និងគ្រួសារនៃអ្នកដែលត្រូវគេសម្លាប់។
លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងក្នុងសន្និសីទកាសែតនេះថាអង្គការរបស់លោកកំពុងរៀបចំមេធាវីដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ។
«ការបំពានអំណាចដោយកងកម្លាំងប្រដាប់អាវុធដោយយោធាដោយកងទ័ពនឹងមិនអាចរួចផុតពីសំណាញ់ច្បាប់ទេ។ ក្រុមអ្នកច្បាប់យើងក៏កំពុងជួយដល់ជនរងគ្រោះក្នុងការដាក់បណ្តឹង ក្នុងនាមដើមបណ្តឹងរដ្ឋប្បវេណី ទាំងក្រុមគ្រួសារអ្នកស្លាប់ទាំងក្រុមគ្រួសារអ្នករងរបួស អ្នកដែលបាត់បង់ប្រយោជន៍ដោយការបង្ក្រាបដោយហិង្សានេះ»។
ការបង្ក្រាបដ៏ហិង្សាកាលពីថ្ងៃទី២និងទី៣ខែមករានាពេលកន្លងមកក៏បាននាំឱ្យមានការថ្កោលទោសជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិល សហគមន៍អន្តរជាតិដែលមានប្រទេសអ្នកផ្តល់ជំនួយសំខាន់ៗដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងប្រទេសជប៉ុន និងរហូតដល់ក្រុមហ៊ុនបញ្ជាទិញធំៗដូចជាក្រុមហ៊ុនAdidas Levi's Gap និងក្រុមហ៊ុនPumaជាដើម។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ ថ្លែងថាចំណាត់ការលើជនជាប់ចោទទាំង២៣នាក់ជាដែនសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័នតុលាការ។
«នេះមិនស្ថិតនៅក្នុងអធិការរបស់រដ្ឋាភិបាលទេ ប៉ុន្តែស្ថិតក្នុងដែនសមត្ថកិច្ចដាច់ដោយឡែកមួយទៀតគឺស្ថាប័នតុលាការ។ បងមិនអាចឆ្លើយជំនួសស្ថាប័នតុលាការបានទេ»។
លោក ខៀវ សុភ័គ បញ្ជាក់បន្ថែមថារដ្ឋាភិបាលនាកាលពីសប្តាហ៍មុនបានបង្កើតគណៈកម្មាធិការចំនួនបីរួចមកហើយដើម្បីស៊ើបអង្កេតលើការបាញ់បង្ក្រាបនេះ ប៉ុន្តែលោកមិនបានដឹងថាតើការស៊ើបអង្កេតនេះដំណើរការដល់ណាហើយនោះទេ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកនៅកម្ពុជា លោក សុរិយ៉ា ប្រាសាទស៊ូប៊ែឌី នៅព្រឹកថ្ងៃច័ន្ទក៏បានសន្យានឹងលើកយកករណីបាញ់ប្រហារទៅលើកម្មករនិងស្នើឱ្យដោះលែងជនជាប់ចោទទាំង២៣នាក់នេះក្នុងជំនួបរបស់លោកជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ៕