លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាខែសីហាកន្លងទៅ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមកសាងផ្លូវមួយចូលទៅតំបន់អារ៉ែងស្ថិតក្នុងខេត្តកោះកុង។ មេដឹកនាំសង្គមស៊ីវិលទាមទារឲ្យមានការធ្វើការវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថានជាមុនសិន។ រីឯប្រជារាស្ត្រខ្មែរក្នុងតំបន់អារ៉ែងសំដែងក្តីសាទរ ជាមួយក្តីបារម្ភនឹងការកាប់បំផ្លាញព្រៃឈើ។
មេដឹកនាំអង្គការសង្គមស៊ីវិលធ្វើការលើវិស័យបរិស្ថាន ស្នើឲ្យមានការធ្វើការវាយតម្លៃផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន នៅមុនការចាប់ផ្តើមសាងសង់ផ្លូវចំងាយ ១៨ គីឡូម៉ែត្រ ចូលទៅក្នុងតំបន់អារ៉ែង ដែលជាគម្រោងសម្រេចពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហាកន្លងទៅនេះ។
លោក ហ៊ុន សែន បានប្រាប់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនាវេទិកាសាធារណៈស្តីពីការអភិរក្សធនធានធម្មជាតិ រៀបចំឡើងកាលពីខែសីហាថា ការសាងសង់ផ្លូវមួយខ្សែនេះត្រូវធ្វើភ្លាម ក្រោយការបញ្ចប់នៃរដូវវស្សា។ លោកអះអាងថា ការសាងសង់ផ្លូវនេះ គឺសម្រាប់បម្រើប្រយោជន៍ទេសចរណ៍ និងប្រជាពលរដ្ឋដែលពឹងពាក់អាស្រ័យរស់នៅទីនោះ មិនមែនសម្រាប់ក្រុមកាប់បំផ្លាញព្រៃឈើនោះឡើយ។
«បើសិនជាមានទេសចរណ៍ទៅច្រើន អាអ្នកកាប់ឈើក៏វា ក៏វាខ្លាចដែរ ហើយផ្លូវនេះមិនមែនធ្វើឲ្យអ្នកឯងកាប់ឈើទេ ធ្វើសម្រាប់ដឹកទេសចរណ៍ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ សម្រាប់ការ ការព្យាបាលរបស់ប្រជាពលរដ្ឋ មិនមែនធ្វើឲ្យអ្នកឯងដឹកឈើទេ អ្នកឯងដឹកឈើទេ»។
លោក ឈិត សំអាត នាយកអង្គការមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) ហៅកាត់ថា WWF ថ្លែងថា ការសាងសង់ផ្លូវជាឧបសគ្គមួយរួចទៅហើយ នៃការអភិរក្សធនធានធម្មជាតិ ដែលត្រូវការរក្សាភាពដើម សម្រាប់ការពារប្រព័ន្ធបរិស្ថានទាំងមូលនៅក្នុងតំបន់នោះ។
លោកនិយាយថា ការសិក្សាអំពីផលប៉ះពាល់មកលើបរិស្ថានក្នុងតំបន់ធម្មជាតិនេះ គួរត្រូវបានធ្វើឡើង ដើម្បីបញ្ចៀសការសោកស្តាយនៃការបាត់បង់ធនធានព្រៃឈើ និងសត្វព្រៃ។
«បាទ ខ្ញុំថា យើងគួរតែធ្វើការសិក្សាផលប៉ះពាល់បរិស្ថានសិន មុននឹងយើងសាងសង់ ព្រោះផ្លូវក៏យើងត្រូវការ ផ្លូវក៏យើងត្រូវការ ក៏ប៉ុន្តែ យើងក៏មិនចង់ត្រូវការឲ្យផ្លូវហ្នឹងវាប៉ះពាល់ទៅលើបរិស្ថាន ទៅលើព្រៃឈើ ទៅលើអាសត្វព្រៃដែរ អញ្ចឹងយើងទាមទារឲ្យមានការសិក្សា ផលប៉ះពាល់ឲ្យ៧បានច្បាស់លាស់មុននឹងយើងចាប់ផ្តើមសាងអញ្ចឹងបាទ»។
តំបន់អារ៉ែងគឺជាជង្រុកសម្បត្តិធម្មជាតិមហាសាលរបស់កម្ពុជាដែលនៅសេសសល់ចុងក្រោយប្រចាំតំបន់អាស៊ី។ តំបន់នេះមានទាំំងសត្វចម្រុះច្រើនប្រភេទ ធនធានរ៉ែ និងព្រៃឈើស្តុកស្តម្ភ។ នេះបើយោងទៅតាមការបញ្ជាក់ពីលោក Alex Gonzalez Davidson ស្ថាបនិក និងជានាយកអង្គការ
«មាតាធម្មជាតិ» ដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ ២០១៥។ លោក អាឡិច បានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១២ ឆ្នាំ មុនការបណ្តេញចេញ។
ការប្រកាសសង់ផ្លូវចូលទៅតំបន់អារ៉ែងនេះ ទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែររស់នៅក្នុងតំបន់អារ៉ែង។ ប៉ុន្តែពួកគេសំដែងការបារម្ភអំពីការកាប់បំផ្លាញព្រៃឈើ ចាប់តាំងពីដំណើរចាប់ផ្តើមការធ្វើផ្លូវ និងការបញ្ចប់ការសាងសង។
លោក វ៉ែន វ៉ន ជាជនជាតិដើមភាគតិចជង និងជាសកម្មជនបរិស្ថានតំបន់អារ៉ែងក្នុងខេត្តកោះកុង ប្រាប់ VOA ថា សហគមន៍លោក ស្វាគមន៍ឲ្យមានការសាងសង់ផ្លូវនេះ ដើម្បីសម្រួលប្រជាពលរដ្ឋក្នុងដឹកកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ និងការធ្វើដំណើរទៅមន្ទីពេទ្យព្យាបាលជំងឺ ឬសម្រាលកូន។
ប៉ុន្តែសហគមន៍ក៏បារម្ភអំពីបទល្មើសព្រៃឈើ ហើយស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចាត់វិធានការណ៍ឲ្យមានប្រសិទ្ធិភាពសម្រាប់ការបង្កា និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក្នុងទឹកដីនៃខេត្តដែលជាប់នឹងប្រទេសថៃមួយនេះ។
«ចំពោះសហគមន៍ពួកខ្ញុំ គឺយើងស្វាគមន៍ក្នុងការបានផ្លូវហ្នឹង ហើយសប្បាយចិត្តនឹងរដ្ឋាភិបាល បានផ្តល់ផ្លូវហ្នឹងឲ្យ ប៉ុន្តែដែលជាការបារម្ភហ្នឹងគឺ យើងបារម្ភជាងគេបំផុតហ្នឹងគឺ នៅពេលដែលយើងមានផ្លូវហើយ គឺជនឆ្លៀតឱកាសមួយចំនួនហ្នឹងកាប់ហ្នឹងដឹក។ បាទ។ប៉ុន្តែខាងសហគមន៍ខ្ញុំចង់សុំសំណូមពរទៅឲ្យរដ្ឋាភិបាលថា នៅពេលមានផ្លូវហ្នឹងហើយ ឲ្យគាត់មានវិធានការណ៍ឲ្យម៉ឺងម៉ាត់ដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើសហ្នឹង»។
VOA មិនទាន់អាចទាក់ទងលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានទេនៅថ្ងៃពុធនេះ។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង ប្រាប់ VOA ថា ក្រសួងមានការពាក់ព័ន្ធនឹងការសង់ផ្លូវនេះ មិនទាន់មានការជួបប្រជុំគ្នាណាមួយនោះឡើយ។ លោកថា អាជ្ញាធរបានទទួលការឆ្លើយតបពីប្រជាពលរដ្ឋក្នុងសហគមន៍នៃតំបន់អារ៉ែងថា ពួកគេមានការគាំទ្រឲ្យមានការធ្វើផ្លូវនេះ។
ពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសព្រៃឈើ លោកមានប្រសាសន៍ថា អាជ្ញាធរនឹងសហការណ៍ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍នឹងសបង្កាមិនឲ្យមានសកម្មភាពដ៏មហន្តរាយដល់ធម្មជាតិនេះកើតមានឡើងនោះឡើយ។
«វាទាំងអស់គ្នាហ្នឹង ទាំងប្រជាពលរដ្ឋ ទាំងអង្គការអីៗ ទាំងអស់គ្នាហ្នឹង»។
ក្រុមអ្នកការពារបរិស្ថាននិយាយថា តំបន់អារ៉ែងដែលស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងមិនត្រឹមតែជាតំបន់ទាក់ទាញទេសចរ ឲ្យមកទស្សនាតំបន់ធម្មជាតិនេះទេ តែវាថែមទាំងបានទាក់ទាញក្រុមអ្នកវិនិយោគមួយចំនួនក្នុងនោះមានក្រុមហ៊ុនចិន ក្នុងការសាងសង់ទំនប់វារីអគ្គីសនីផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទស្សវត្សរ៍មកនោះ បានប្រកាសកាលពីពេលកន្លងមកថា គំរោងវិនិយោគទំនប់វារីអគ្គីសនីណាមួយមិនអាចកើតមានឡើងក្នុងតំបន់អារ៉ែងនេះទេ គឺរហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៨៕