ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះកុង​​ដោះលែង​សកម្មជន​បរិស្ថាន ​តែ​ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ


សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)
សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

លោក​អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​​ប្រចាំ​ខេត្ត​កោះកុង បន្ថែម​ថា​ ប្រាក់​សង​ជំងឺ​ចិត្ត​សម្រាប់​ក្រុមហ៊ុន​គឺ​ច្រើន​ហួស​ហេតុ​ បើ​ពិនិត្យ​ទៅ​លើ​មាត្រា​៤២៤​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

តុលាការ​ខេត្ត​កោះកុង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បាន​សម្រេច​ដោះលែង​សកម្ម​ជន​បរិស្ថាន​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​សកម្ម​ជន​ទាំង​បី​នាក់​នោះ​បាន​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ជាង​១០​ខែ​ គិត​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

ការ​សម្រេច​ដោះលែង​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​សម្រេច​ផ្តន្ទា​ទោស​សកម្ម​ជន​ទាំង​បី​ដែល​រួម​មាន​លោក​សាន់ ម៉ាឡា​ លោក​ទ្រី សុវិគា​ និង​លោក​ស៊ីម សំណាង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​ តែ​ដោយសារ​ពួកគេ​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​ចំនួន​១០​ខែ​និង​១៥​ថ្ងៃហើយ​នោះ​ តុលាការ​បាន​សម្រេច​ព្យួរ​ទោស​ដែល​នៅ​សេស​សល់។ ​ការ​កាត់​ទោស​នោះ​ ​ក៏​បាន​តម្រូវ​ឲ្យ​សកម្មជន​ទាំង​បី​នាក់​សង​ជំងឺ​ចិត្ត​ទៅ​ក្រុមហ៊ុន Direct Access​ ចំនួន​១០០​លាន​រៀល​ (ឬ​ប្រមាណ​ជា២៥.០០០ដុល្លារ​)​ និង​២​លាន​រៀល (ឬ​ប្រមាណ​៥០០​ដុល្លារ)​ទៀតត្រូវ​ចូល​ទៅ​ក្នុងថវិកា​ជាតិ។​

លោក​អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំ​ខេត្ត​កោះកុង​ ​បាន​ប្រាប់​ VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​គឺលោក​មីន មករាបាន​សម្រេចផ្តន្ទា​ទោស​អ្នក​ទាំង​បី​ ដោយ​ផ្អែក​ទៅ​តាម​មាត្រា៤២៤​នៃ​ក្រម​ព្រហ្ម​ទណ្ឌព្រះ​រាជាណាចក្រ​កម្ពុជា។ ​លោក​បញ្ជាក់​ថា​ ​អ្នក​ទាំង​បី​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។​ លោក​បន្ត​ថា​ ការ​បង្គាប់​ឲ្យ​សកម្ម​ជន​ទាំង​បីបង់​ប្រាក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ​និង​រដ្ឋ​នោះ​គឺ​ជា​ការ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​មួយ​សម្រាប់ពួក​គេ។​

«ការ​ដែល​សម្រេច​ពិន័យ​ជា​ប្រាក់​ដ៏​ធ្ងន់ធ្ងរ​នេះគឺជា​ការ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​ ទៅ​លើ​ពួក​គាត់​ទាំង​បី​ ដែល​ជា​អ្នក​ក្រីក្រ​ ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ ជា​អ្នក​លះបង់​ការងារ​ផ្ទាល់​ខ្លួន​ គ្រួសារ​ផ្ទាល់​ខ្លួន​ ជីវភាព​ផ្ទាល់​ខ្លួន​ មក​ជួយ​សង្គម»។​

លោក​បន្ថែម​ថា​ ប្រាក់​សង​ជំងឺ​ចិត្ត​សម្រាប់​ក្រុមហ៊ុន​គឺ​ច្រើន​ហួស​ហេតុ​ បើ​ពិនិត្យ​ទៅ​លើ​មាត្រា​៤២៤​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ ​លោក​បញ្ជាក់​បន្ត​ថា​ សាលក្រម​ដែល​ប្រកាស​នៅ​ថ្ងៃ​នេះ​ គឺ​មិន​បាន​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​តាម​នីតិ​វិធី​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ។​

«មិន​ធ្វើទៅ​តាម​ច្បាប់​អី​ទេ​ ព្រោះ​ក្នុង​បទ​មជ្ឈិម​ ការ​ឃុំ​ខ្លួន​វា​ត្រូវ​ប្រើ​រយៈ​ពេល​តែ​បួន​ខែ​ទេ​ ហើយ​កាល​ណា​ជាប់​បួន​ខែ​គឺ​ត្រូវ​តែ​បញ្ជូន​ពួក​គេ​ទៅ​ជំនុំ​ជម្រះ​ បាទ។​ អីចឹង​តាម​ពិត​ពួក​គេ​ត្រូវ​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នៅ​អំឡុង​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ហ្នឹង​រយៈ​ពេល​៥​ខែ​ឬ​៦​ខែ​បាទ»។​

មាត្រា​៤២៤​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា​ អំពើ​គំរាម​កំហែង​តាម​មធ្យោបាយ​ណា​ក៏​ដោយ​ថា​ នឹង​ប្រព្រឹត្ត​ការ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឲ្យ​ទ្រុឌ​ទ្រោម​ ឬ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ ត្រូវ​ផ្ដន្ទា​ទោសដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៤​លាន​រៀល​ ប្រសិន​បើ​ការ​គំរាម​កំហែង​នេះ​មានភ្ជាប់​នូវ​បញ្ជា​ឲ្យ​បំពេញ​ ឬ​មិន​បំពេញ​កិច្ច​អ្វី​មួយ។​

លោក ស៊ីម សំណាង​ ក្នុង​ដៃ​បីកូនឈរ ​នៅ​មុខ​ពន្ធនាគារ​ខេត្តកោះកុង​ជាមួយ​សកម្មជន​ពីរនាក់​ផ្សេង​ទៀតដែល​ទើបត្រូវបាន​តុលាការ​ខេត្តកោះកុង​ដោះលែង​ នៅថ្ងៃ​ ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់​ជូនដោយ​ Licadho)
លោក ស៊ីម សំណាង​ ក្នុង​ដៃ​បីកូនឈរ ​នៅ​មុខ​ពន្ធនាគារ​ខេត្តកោះកុង​ជាមួយ​សកម្មជន​ពីរនាក់​ផ្សេង​ទៀតដែល​ទើបត្រូវបាន​តុលាការ​ខេត្តកោះកុង​ដោះលែង​ នៅថ្ងៃ​ ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់​ជូនដោយ​ Licadho)

លោក​អ៊ីវ ត្រាយ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​តុលាការ​ខេត្ត​កោះកុង​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​លោក​និយាយ​ថា​ លោក​ជាប់​រវល់​ ហើយ​លោកបាន​បង្វែរ​សំណួរ​ទៅ​លោក​ចៅក្រមមីន មករា។​ លោកចៅក្រម​រូប​នេះក៏​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ផង​ដែរ។​

បន្ទាប់​ពី​សកម្ម​ជន​ទាំង​បី​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ លោក​សន ចាន់តារ៉ា​ សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ​ បាន​ប្រាប់​ VOA ​ថា​ ក្រុម​ការងាររបស់​លោក​នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​មេធាវី​ ដើម្បី​ពិចារណា​លើ​នីតិ​វិធី​ច្បាប់​នៃ​បណ្ដឹង​រដ្ឋប្បវេណី​របស់​ក្រុមហ៊ុនដែល​ទាម​ទារ​ឲ្យ​សកម្ម​ជន​ទាំង​បី​សង​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ។​

«យើង​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​យើង​ ដែល​ធ្វើការ​ទៅ​លើ​រឿង​ក្តី​ហ្នឹង​បន្ត​ទៀត​ ទៅ​លើ​រឿង​បទ​រដ្ឋប្បវេណី​ដែល​ក្រុម​ហ៊ុន​ទាមទារ​សំណង»។​

រី​ឯ​កញ្ញា​ទ្រី គឹមលី​ វ័យ​២១​ឆ្នាំ​គឺជា​ប្អូនស្រី​បង្កើតរបស់លោក​ទ្រី សុវិគា​ ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​នៅ​ថ្ងៃ​នេះ។​ នាង​និយាយ​ប្រាប់​ VOA​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ដោះ​លែង​បងប្រុស​របស់​នាង​នេះ​គឺអាច​ទទួល​បាន​ តែ​ការ​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​នោះ​ នាង​ថ្លែង​ថា​ មិន​អាច​បង់​ជូន​បាន​ទេ។

«ព្រោះ​អី​យើង​គិត​ថា​ អត់​បាន​ធ្វើ​អី​ខូចខាត​ផង​ ព្រោះ​អញ្ចឹងប្រាក់​ពិន័យ​ហ្នឹង​ វា​អត់មាន​ត្រូវ​បង់​អី​ទេ»។​

ការ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​ដែល​បាន​ធ្វើ​ឡើងកាលពី​ពេល​កន្លង​មក​នោះ​ ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​សកម្មជន​ទាំង​បី​បើក​យុទ្ធនាការ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៥ ធ្វើការបណ្ដេញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន​ Direct​ Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរការ​ជា​ច្រើន​ខែ​នៅ​មុន​យុទ្ធនាការ​នោះ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​តំបន់​ជី​ផាត់ ​និង​ព្រែក​អណ្ដូង​ទឹក​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង​ និង​ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង។​

យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​របស់​អ្នក​ទាំង​បី​នៅ​ពេល​នោះ​ក៏​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​នោះ​ដែរ។ ​ពួក​គេ​យល់​ថា ​ការ​បូម​ខ្សាច់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បាក់​ច្រាំង​នៃ​ដៃ​សមុទ្រ​ និង​បាន​បំផ្លាញ​ដល់​ធនធានជីវៈ​ចម្រុះ​នៅ​ក្នុង​សមុទ្រ។​

បន្ថែម​លើ​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់​បរិស្ថាន​នោះ ​ក្រុម​សកម្ម​ជន​នៃ​ចលនា​មាតា​ធម្មជាតិ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Sinohydro​ ផង​ដែរ។ ​សកម្មភាព​របស់​ពួក​គេបាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ៕

XS
SM
MD
LG