ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ម កល្យាណី៖ ​ប្រពៃណី វិញ្ញាណ ដួង​ព្រលឹង​ខ្មែរ ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ ទឹក​និង​ដី


អ្នកនាង ម៉ម កល្យាណី ដែល​ជា​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ខ្មែរអាមេរិកាំង​ដ៏​ល្បីល្បាញ​ម្នាក់ និង​ជា​អ្នក​ស្នេហា​បរិស្ថាន​នៅ​កម្ពុជា។ (រូប​ថត​ដោយ Mot Kimry/Conor Wall)
អ្នកនាង ម៉ម កល្យាណី ដែល​ជា​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ខ្មែរអាមេរិកាំង​ដ៏​ល្បីល្បាញ​ម្នាក់ និង​ជា​អ្នក​ស្នេហា​បរិស្ថាន​នៅ​កម្ពុជា។ (រូប​ថត​ដោយ Mot Kimry/Conor Wall)

កាលពី​ពេល​ដែល​ខ្ញុំ​នៅ​ពី​តូច ខ្ញុំ​ចេះ​តែឆ្ងល់​ថា តើ​ការ​សែនព្រេន​នេះ​ធ្វើ​ឡើង​ដើម្បី​អ្វី? ប៉ុន្តែ ឥឡូវនេះ ខ្ញុំ​បាន​យល់​ពី​គោលបំណង​នៃ​ការ​សែនព្រេន​នេះ​ច្បាស់​ណាស់។

កំណត់​និពន្ធ៖ ថ្មីៗនេះ អ្នកនាង ម៉ម កល្យាណី ដែល​ជា​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ខ្មែរ​អាមេរិកាំង​ដ៏​ល្បីល្បាញ​ម្នាក់ បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​វិញ។ អ្នកនាង​ កល្យាណី បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​អ្នកនាង។ អ្នក​នាង បាន​ប្រាប់​ VOA ថា ការ​សម្រេច​ចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ គឺជា​ដំណើរ​ជីវិត​ស្វែងរក​វិញ្ញាណ និង​អត្តសញ្ញាណ​ដ៏​ពិត​ប្រាកដ​របស់​អ្នក​នាង តាម​រយៈ​ការ​និពន្ធ​ខ្សែភាពយន្ត​ឯកសារ​ស្តី​ពី​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា កេរមរតក​ខ្មែរ ដើម្បី​លើក​កម្ពស់​ការ​ការពារ​បរិស្ថាន ព្រៃឈើ និង​ប្រពៃណី​បុរាណ​ខ្មែរ។ ខាង​ក្រោម​នេះ គឺជា​អត្ថបទ​ទស្សនៈ​ដែល​រៀបរៀង​ឡើង​ដោយ​អ្នកនាង ម៉ម កល្យាណី អម​ជាមួយ​នឹង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទរបស់​អ្នកនាង និង​នាង ទែន សុខស្រីនិត នៃ VOA។

​បុណ្យ​ចូលឆ្នាំ​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​កាលពី​ពេល​ខ្ញុំ​នៅ​ក្មេង គ្រួសារ​ខ្ញុំ​នាំ​គ្នា​ទៅវត្ត ដើម្បី​សែនព្រេន​ម្លូប​អាហារ​ជូន​ដល់​ជីដូន​ជីតា​របស់​យើង។ នៅ​ពេល​ដែល​ឪពុក​របស់​ខ្ញុំ​បាន​លាកចាក​ឋាន​ទៅ គ្រួសារ​ខ្ញុំ​នៅ​តែ​បន្ត​សែន​ព្រេន​ដល់​ដួង​ព្រលឹង​របស់​គាត់ បើ​ទោះបី​ជា​វា​មិនមែន​ថ្ងៃ​បុណ្យ​ប្រពៃណី​អ្វី​ក៏​ដោយ។ រាល់ពេល​ដែល​យើង​បរិភោគ​អាហារ យើង​បាន​ចាប់​អាហារ​ខ្លះ​ទុក​មួយ​ចាន ហើយ​ស្រោច​ស្រា​លើ​ម្ហូប​អាហារ​នោះ ហើយ​ដុតធូប​ដើម្បី​បួងសួង​ជូន​ដល់​ដួង​ព្រលឹង​របស់​គាត់។ កាលពី​ពេល​ដែល​ខ្ញុំ​នៅ​ពី​តូច ខ្ញុំ​ចេះ​តែឆ្ងល់​ថា តើ​ការ​សែនព្រេន​នេះ​ធ្វើ​ឡើង​ដើម្បី​អ្វី? ប៉ុន្តែ ឥឡូវនេះ ខ្ញុំ​បាន​យល់​ពី​គោលបំណង​នៃ​ការ​សែនព្រេន​នេះ​ច្បាស់​ណាស់។

នៅ​តំបន់​អារ៉ែង មាន​ពិធី​បុណ្យ​មួយ ដែល​ត្រូវបាន​បា្ររព្ធ​ធ្វើឡើង​៥ឆ្នាំ​មួយ​ដង ដែល​គេ​ហៅថា បុណ្យ​ថ្វាយ​បង្គុំ​គ្រូ។ គ្រួសារ​ក្នុង​សហគមន៍​អារ៉ែង​នាំគ្នា​ផ្លាស់វេន​គ្នា ដើម្បី​រៀបចំ​ពិធីបុណ្យ​នេះ​ឡើង ហើយ​សម្រាប់​ឆ្នាំ​នេះ គឺជា​វេន​គ្រួសារ​របស់​បងស្រី រៀម សាវ ស៊ី ហើយ​អ្នក​ភូមិ​ទាំង​អស់​គ្នា​នាំ​គ្នា​ចូលរួម។ ស្ត្រី​ចាស់ៗ​បាន​ជួបជុំ​គ្នា​តាំងពី​ព្រឹក​ព្រលឹម ដើម្បី​រៀបចំ​ធ្វើ​បាយសី ដែល​ធ្វើ​ពី​ស្លឹក​ចេក ដើម​ចេក ទាន ធូប និង​ផ្កា។

បាយសី និង​ដង្វាយ​សែន​ព្រន​សម្រាប់​ពិធីបុណ្យ​ប្រពៃណី​មួយ ដែល​ហៅ​ថា បុណ្យ​ថ្វាយ​បង្គុំ​គ្រូ របស់​ជនជាតិ​ភាគតិច​ជង នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)
បាយសី និង​ដង្វាយ​សែន​ព្រន​សម្រាប់​ពិធីបុណ្យ​ប្រពៃណី​មួយ ដែល​ហៅ​ថា បុណ្យ​ថ្វាយ​បង្គុំ​គ្រូ របស់​ជនជាតិ​ភាគតិច​ជង នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)

ពិធីបុណ្យ​នេះ​ប្រារព្ធ​ឡើង​នៅ​ពេល​យប់ ដោយ​មាន​ការ​ដុត​ទាន និង​ធូប ហើយ​ចាស់ៗ​ក្នុង​ភូមិ​នាំ​គ្នា​សូត្រ​ធម៌។ បុរសៗ​ក្នុង​ភូមិ​នាំ​គ្នា​លេង​ស្គរ រីឯ​ស្ត្រី​នាំ​គ្នា​ទះដៃ​ទៅ​តាម​ចង្វាក់​ភ្លេង ដោយ​មាន​ច្រៀង​ជា​ចម្រៀង​លាន់​រំពង​រួម​គ្នា។ ចង្វាក់​ភ្លេង​ស្គរ​ដ៏​កន្ត្រាក់​អារម្មណ៍​នេះ​គឺ​ដើម្បី​ហៅ​វិញ្ញាណ​ឲ្យ​ចូល​ក្នុង​ខ្លួន​យើង។

នៅ​យប់​នោះ បង​ស្រី រៀម សាវ ស៊ី បាន​អង្គុយ​បត់ជើង ក្បែរ​ម្តាយ និង​មីង​របស់​គាត់ ហើយ​ភ្នែក​របស់​គាត់​ផ្ចង់​លើ​ពន្លឺ​ភ្លើង​ទាន ដែល​ចាក់​ភ្លឹតភ្លែត​លើ​បាត​ដៃ​របស់​គាត់ ដើម្បី​រង់ចាំ​ឲ្យ​វិញ្ញាណ​ចូល​ក្នុង​ខ្លួន​គាត់។ គ្រូ​ហៅ​វិញ្ញាណ​ច្រៀង​ផង និង​រាំផង​ ជុំវិញ​បង​ រៀម សាវ ស៊ី និង​អ្នក​ចូលរួម​ទាំង​អស់ ដែល​នាំ​គ្នា​រង់ចំា​ដោយ​ភាព​ស្ងប់ស្ងាត់ និង​ភាព​អត់ធ្មត់។

រៀម សាវ ស៊ី និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រារព្ធ​ពិធី​ថ្វាយ​បង្គុំ​គ្រូ ដែល​ជា​ពិធី​ប្រពៃណី​មួយ​សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​អារ៉ែង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)
រៀម សាវ ស៊ី និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រារព្ធ​ពិធី​ថ្វាយ​បង្គុំ​គ្រូ ដែល​ជា​ពិធី​ប្រពៃណី​មួយ​សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​អារ៉ែង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)

បង រៀម សាវ ស៊ី បាន​ប្រាប់​ខ្ញុំ​ថា «‍វិញ្ញាណ​នឹង​ចូល​ក្នុង​ខ្លួន​យើង នៅ​ពេល​ដែល​យើង​រាំ​តាម​ចង្វាក់​ភ្លេង»។ មីង​របស់​បង​ រៀម សាវ ស៊ី បាន​ចាប់ផ្តើម​រាំ ហើយ​ម្តាយ​របស់​គាត់​ក៏​រាំ ដោយ​ក្រវីដៃ និង​ជើង ដូច​ជា​វិញ្ញាណ​អ្វីមួយ​ចូល​ក្នុង​ខ្លួន​គាត់​អញ្ចឹង។ ប៉ុន្តែ សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​តំបន់​អារ៉ែង​វិញ វិញ្ញាណ​នេះ​គឺ​ចេញ​ពី​ដី និង​ពិភព​មនុស្ស​របស់​យើង។ តាម​ន័យ​ខ្មែរ ពាក្យ​គ្រូ សំដៅ​លើ​គ្រូ​បង្រៀន។ ប៉ុន្តែ ពាក្យ​គ្រូ​នេះ​សំដៅ​លើ​គ្រូ​វិញ្ញាណ ដែល​ចូល​ក្នុង​ខ្លួន​យើង ហើយ​ប្រាប់​ឲ្យ​យើង​ស្រឡាញ់​ និង​ការពារ​ទឹកដី​របស់​យើង។ ដូច្នេះ ការ​អញ្ជើញ​គ្រូ​វិញ្ញាណ​ឲ្យ​ចូល​ក្នុង​ខ្លួន​យើង​នេះ មានន័យ​ថា យើង​ទទួល​យក​ទឹក និង​ដី​ជា​គ្រូ​របស់​យើង។

នៅ​យប់​នោះ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា វិញ្ញាណ​កំពុង​ហោះហើរ​វិលវុល​ជុំវិញ​ខ្លួន​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​រំញ្ជួយ​ចិត្ត។ ខ្ញុំ​ចង់​ទម្លាក់​កាម៉េរ៉ា​ថត​របស់​ខ្ញុំ​ទុក ហើយ​ខ្ញុំ​ចង់​រាំ ដើម្បី​ឲ្យ​វិញ្ញាណ​ចូល​ក្នុង​ខ្លួន ដែល​ខ្ញុំ​ជឿ​ថា វិញ្ញាណ​នោះ​បាន​ធ្លាប់​ចូល​ក្នុង​ខ្លួន​ខ្ញុំ​កាលពី​ពីរឆ្នាំ​មុន។ កាលណោះ ​ខ្ញុំ​កំពុង​នៅ​មាត់​សមុទ្រ​សម្លឹង​មើល​ស្មៅ​ខៀវ​ខ្ចី​ដែល​នៅ​ក្រោម​ជើង​របស់​ខ្ញុំ ហើយ​មើល​ផ្ទៃ​សមុទ្រ​ដ៏​ស្ងប់ស្ងាត់ ហើយ​ពេល​នោះ​ឯង ​ដែល​ខ្ញុំ​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្ញុំ​វិញ ដើម្បី​ជួយ​ការពារ​កេរមរតក​ដូនតា និង​កេរមរតក​ធម្មជាតិ​របស់​យើង។ តើ​នេះ​គឺជា​វិញ្ញាណ​មែន​ឬ​អត់? តើ​នេះ​គឺជា​ការ​ហៅ​វិញ្ញាណ​ឬ? តើ​នេះ​គឺជា​ព្រលឹង​ដ៏​ជ្រៅ​ដែល​កប់​ក្នុង​ដួង​ចិត្ត​របស់​យើង​ឬ? ហើយ​តើ​នេះ​គឺជា​ការ​ទទួល​ស្គាល់​ថា យើង​មាន​សម្លេង​មួយ​ដ៏​មាន​អំណាច​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ដែល​យើង​ត្រូវ​តែ​ស្តាប់ និង​គោរព​ឬ?

អ្នក​ភូមិ​អារ៉ែង​លេង​ភ្លេង​ដោយ​វាយ​ស្គរ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​បង្គុំ​គ្រូ។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)
អ្នក​ភូមិ​អារ៉ែង​លេង​ភ្លេង​ដោយ​វាយ​ស្គរ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​បង្គុំ​គ្រូ។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)

មិន​ថា​វា​ជា​ការ​ហៅ​វិញ្ញាណ ដែល​ភ្ជាប់​ជាមួយ​នឹង​ដួង​ព្រលឹង​ដែល​កប់​ដ៏​ជ្រៅ​ក្នុង​ដួង​ព្រលឹង​របស់​យើង ឬ​ជា​ការ​ស្រឡាញ់​ធម្មជាតិ​ម្តង​ទៀត​ក៏​ដោយ ក៏​យើង​ត្រូវតែ​រំឭក​ខ្លួន​យើង​ពី​ដើម​កំណើត​របស់​យើង ដែល​កើត​ចេញ​ពី​ទឹក និង​ដី។

ហើយ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​យើង​ឆ្នាំ​នេះ ធ្វើ​ឲ្យ​យើង​ចងចាំ​ពី​អត្ថន័យ​នៃ​ការ​សែនព្រន​នេះ។ សូម​យើង​នាំ​គ្នា​ដុតធូប និង​ទាន​ដើម្បី​គោរព​ដូនតា​របស់​យើង ហើយ​សូម​ឲ្យ​យើង​មាន​ចិត្ត​រាំ​ទៅ​តាម​ភ្លេង ស្រឡាញ់ ធ្វើ​អំពើ​ល្អ និង​ថែរក្សា​គ្នា​ទៅ​វិញ​ទៅមក ហើយ​ការពារ​ និង​ស្រឡាញ់​ទឹក និង​ដី​របស់​យើង ដើម្បី​រក្សា​កេរមរតក​នេះ​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG