រាជរដ្ឋាភិបាលកម្ពុជាទំនងជាយល់ថា ក្រុមអង្គការសង្គមស៊ីវិលបានជួយជ្រោមជ្រែងគណបក្សប្រឆាំងឲ្យកើនអាសនៈក្នុងរដ្ឋសភា ទើបរាជរដ្ឋាភិបាលកម្ពុជា ស្រវាយកសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលកប់ទុកជាច្រើនឆ្នាំមកហើយនោះ យកមកឲ្យរដ្ឋសភាអនុម័ត បើទោះជាមាត្រាមួយចំនួនក្នុងច្បាប់ដ៏ចម្រូងចម្រាសនេះបង្កប់អត្ថន័យរឹតបន្តឹងសេរីភាពប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិសង្គម និងនយោបាយ ហើយផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ។ មេដឹកនាំអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សថ្លែងថា ប្រទេសកម្ពុជាអាចនឹងជួបវបត្តិសង្គមធ្ងន់ធ្ងរ និងឈានដល់អស្ថិរភាពសង្គម ប្រសិនបើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានរឹតបន្តឹង តាមរយៈច្បាប់ដែលត្រូវបានព្រះមហាក្សត្រខ្មែរឡាយព្រះហស្ថលេខារួចទៅហើយនោះ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាគ្រឹះសំខាន់ក្នុងការទ្រទ្រង់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ហែលឆ្លងកាត់សង្គ្រាម និងរបបខ្មៅងងឹតដែលបង្កើតឡើងដោយក្រុមកុម្មុយនីស្តជ្រុលនិយមខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ គឺជាង៣០ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានរួចផុតពីសង្គ្រាមក្នុងស្រុក ហើយប្រទេសដ៏ក្រីក្រមួយនេះទទួលបានរដ្ឋធម្មនុញ្ញថ្មីរយៈពេល២២ឆ្នាំមកដែរ បន្ទាប់ពីការបោះឆ្នោតបែបសេរី ដែលបានរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្ននៃអ.ស.ប.នៅប្រទេសកម្ពុជា (U.N. Transitional Authority in Cambodia) ហៅកាត់ថា អ៊ុនតាក់នៅឆ្នាំ១៩៩៣។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរពុំទាន់ទទួលបានសិទ្ធិសេរីភាពពេញទី ក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយទេ ពីព្រោះរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍប្រទេសរបស់ខ្លួនផង និងរឹតចំណងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្លួនឲ្យតឹងផងដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកតាមដានព្រឹត្តិការណ៍សង្គម និងនយោបាយក្នុងប្រទេសកម្ពុជា។ ចំណងនេះកាន់តែរឹតបន្តឹងមែនទែន នៅពេលគណបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពខ្លាំងនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ដែលគណបក្សកាន់អំណាចបានបាត់បង់អាសនៈចំនួន២២នៅក្នុងរដ្ឋសភាជាតិ ហើយបានទៅគណបក្សប្រឆាំង។
ការរឹតបន្តឹងនេះធ្វើឲ្យក្រុមសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សសម្តែងក្តីព្រួយបារម្ភថា ប្រទេសកម្ពុជាអាចនឹងជួបអស្ថិរភាពសង្គម ប្រសិនបើសិទ្ធិរបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋាភិបាលបង្រួញឲ្យតូចទៅៗ ផ្ទុយពីរដ្ឋធម្មនុញ្ញដ៏ផូរផង់របស់ប្រទេសដ៏តូចក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ។
មាត្រា៤២នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា៖
«ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម»។
យោងទៅតាមមាត្រានេះ សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគឺត្រូវបានបើកទូលាយ។ ក៏ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋខ្មែរទទួលបានសិទ្ធិធំធេងពេកនោះ នោះរាជរដ្ឋាភិបាលកម្ពុជាប្រាកដជាលំបាកក្នុងការប្រឈមនឹងការរិះគន់ទាក់ទិននឹងការអភិវឌ្ឍដែលពេលខ្លះត្រូវបានធ្វើឡើងលើគំនរទុក្ខរបស់ប្រជាពលរដ្ឋ។
ហេតុដូច្នេះក្រោយការបោះឆ្នោតអណត្តិទីប្រាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានពន្លឿនការតាក់តែងច្បាប់ដែលក្រុមអង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្ត និងមិនចង់បានទាល់តែសោះ ពីព្រោះច្បាប់នេះធ្វើឡើងបញ្ច្រាស់គ្នានៃច្បាប់រដ្ឋធម្មនុញ្ញដែលមានអាយុកាល២២ឆ្នាំមកនេះ។ ច្បាប់ដែលគួរឲ្យព្រួយបារម្ភនោះគឺច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
អ្នកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា មានប្រសាសន៍ប្រាប់វីអូអេថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬច្បាប់ដទៃទៀតដែលត្រូវបានបង្កើតដោយប្រាស់ចាកពីរដ្ឋធម្មនុញ្ញ អាចបង្កឲ្យមានការចងកំហឹងពីប្រជាពលរដ្ឋដែលនាំទៅរកអរិយភាពរវាងរដ្ឋាភិបាល និងប្រជាជនខ្មែរដែលជាម្ចាស់អំណាចពិតប្រាកដ។
«នៅពេលដែលប្រជាពលរដ្ឋបញ្ចេញនូវការមិនពេញចិត្ត គាត់នឹងមិនអនុវត្តទៅតាមនូវអ្វីដែលដាក់ចុះទេ ហើយនឹងមានការប្រឈមដាក់គ្នារវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាល ជាពិសេសគណបក្សកាន់អំណាចគាត់ទប់មិនបាន គាត់នឹងប្រើកងកម្លាំងប្រដាប់អាវុធ។ បើសិនជាកងកម្លាំងប្រដាប់អាវុធ វាអាចក្លាយទៅជាការបំពាននៅក្នុងផ្ទៃក្នុង ហើយដែលប្រជាពលរដ្ឋគាត់មានតែខ្លួនហើយនិងមាត់ និងខួរក្បាលទេ ដែលគាត់ធ្វើការ គាត់មិនមានអាវុធទេ។ អញ្ចឹងខ្ញុំព្រួយបារម្ភខ្លាចមានសង្គ្រាមស៊ីវិលកើតឡើង»។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានមតិស្រដៀងគ្នាទៅនឹងការលើកឡើងរបស់អ្នកស្រីរស់ សុភាព អំពីផលវិបាកនៃការដាក់ឲ្យអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។ លោកនិយាយថា៖
«ខ្ញុំគិតថា បញ្ហាច្បាប់នេះ ឥឡូវដូចជាមិនទាន់មានការអនុវត្តទេ។ ប៉ុន្តែជិតដល់ពេលរដូវកាលនៃការបោះឆ្នោត ហើយបើប្រជាពលរដ្ឋលោកតវ៉ាបញ្ហាដីធ្លី ឬក៏បញ្ហាអីផ្សេងៗ គេអាចនឹងយកច្បាប់នេះមកធ្វើការអនុវត្ត។ ហើយ អញ្ចឹងវានឹងមានការប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ។ ហើយជាធម្មតាទេ បើសិនជាគាត់បាត់បង់ដីធ្លីផ្ទះសម្បែង ហើយគាត់រងគ្រោះ ហើយគាត់មិនអាចធ្វើការតវ៉ាបាន អាហ្នឹងហើយបញ្ហាធ្ងន់ធ្ងរនឹងអាចកើតមាន ពីព្រោះពេលហ្នឹងគឺគាត់លែងគិតច្បាប់ហើយ»។
លោកបន្ថែមថា ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះគឺត្រូវបានបង្កើតឡើងសម្រាប់ការពារផលប្រយោជន៍នយោបាយ ច្រើនជាងការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅ។
រីឯលោកកែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងវិភាគនយោបាយកម្ពុជា ក៏បានមើលឃើញដែរថា ឥរិយាបថរបស់អ្នកនយោបាយខ្មែរមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលមើលរំលងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដោយការធ្វើច្បាប់រឹតបន្តឹងសេរីភាពនេះ នឹងមិនអាចផ្តល់ពន្លឺ
យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរដែលនៅពឹងលើជំនួយបរទេសនោះឡើយ។
«អកប្បកិរិយានយោបាយ និងវប្បធម៌នយោបាយរាល់ថ្ងៃនេះ គឺតោង កំពុងតែតោងប្រទេសទៅជាប្រទេសក្នុងរបបបញ្ជាពីលើគឺរបបផ្តាច់មុខ។ ដែលហៅថា របបផ្តាច់មុខ បើថា គណបក្សកាន់អំណាច កាន់អំណាចមួយជីវិត បើថា គណបក្សប្រឆាំង ប្រឆាំងផ្តាច់មុខមួយជីវិត។ អញ្ចឹងខ្ញុំគិតថា អត់មានជម្រើសណាមួយដែលអ្នកនយោបាយទាំងពីរហ្នឹងចង់ឲ្យប្រទេសហ្នឹងមានសេរីយុត្តិធម៌ទេ មានតែរៀបចំច្បាប់ដើម្បីទាញអំណាចមកខ្លួនខ្លាំង ហើយធ្វើការគាបសង្កត់ទៅលើប្រជាពលរដ្ឋតែប៉ុណ្ណឹងទេ»។
មុនពេលដែលច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលត្រូវបានអនុម័តដោយរដ្ឋសភាជាតិកាលពីដើមខែកក្កដាកន្លងទៅនេះ និងមុនពេលច្បាប់នេះត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាកាលពីខែសីហានោះ ក្រុមសង្គមស៊ីវិលក៏បានធ្វើការវិភាគទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការរដ្ឋាភិបាលនេះផងដែរ។ ការវិភាគនោះបានផ្តោតទៅលើមាត្រាមួយចំនួនដែលបានសរសេរឡើងដោយមិនស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងក្របខណ្ឌគតិយុត្តិជាតិ និងអន្តរជាតិ ជាពិសេស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលកម្ពុជាបានផ្តល់សច្ចាប័ននោះ។ ចំណុចរសើបមួយដែលត្រូវគេយកមកធ្វើការវិភាគនោះគឺមាត្រា២៤ ដែលនិយាយពីអព្យាក្រិត្យភាព និងការដាក់ទោសសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីវិភាគនោះបានចោទជាសំណួរថា តើ «អព្យាក្រិត្យភាព» ជាការជ្រើសរើស ឬជាកម្មវត្ថុនៃការកំណត់ដោយច្បាប់?
ជាការឆ្លើយតបទៅនឹងសំណួរដែលលើកឡើងនេះ ការវិភាគនោះបានសរសេរថា មាត្រា២៤ចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលត្រូវប្រកាន់ជំហរអព្យាក្រិត្យចំពោះគណបក្សនយោបាយទាំងអស់នៅកម្ពុជា។ ក្រសួងមហាផ្ទៃអាចព្រមានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលអំពីការលម្អៀង ហើយបើការលម្អៀងនេះនៅតែមាន ក្រសួងអាចលុបឈ្មោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជី។
សេចក្តីវិភាគនេះបន្តថា ក្នុងអតីតកាលកន្លងមក រដ្ឋាភិបាលបានត្អូញត្អែរថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលខ្លះមានការលម្អៀងទៅរកគណបក្សប្រឆាំង។ បញ្ហានេះគឺមកពីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនោះ ចេញសេចក្តីថ្លែងការណ៍ ឬបញ្ចេញរបាយការណ៍ដែលរិះគន់រដ្ឋាភិបាលនៅក្នុងបញ្ហាអភិបាលកិច្ច ជម្លោះដីធ្លី អំពើពុករលួយ ការគ្រប់គ្រងធន់ធានធម្មជាតិ និងការរំលោទសិទ្ធិមនុស្សជាដើម។ បញ្ហាទាំងនេះ ខ្លះគាប់ជួន និងស្របនឹងយុទ្ធនាការរបស់គណបក្សប្រឆាំង ឬត្រូវបានគណបក្សប្រឆាំងស្រង់យកទៅដាក់ក្នុងរបៀបវារៈនៃយុទ្ធនាការ ឬគោលនយោបាយរបស់គេ។
នៅក្នុងសេចក្តីសន្និដ្ឋាននៃការវិភាគមាត្រានេះ សេចក្តីវិភាគបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាផ្តល់សេរីភាពបញ្ចេញមតិដល់ប្រជាពលរដ្ឋខ្មែរ។ រដ្ឋធម្មនុញ្ញមិនបានរឹតត្បិតលើមតិនយោបាយ ឬមតិដែលលម្អៀងទៅរកឯកត្តបុគ្គល ឬបុគ្គលណាមួយឡើយ។ មានការរឹតត្បិតតែម្យ៉ាងប៉ុណ្ណោះគឺការសម្តែងអង្គហេតុណាមួយដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នកដទៃ ប្រពៃណីល្អរបស់សង្គម សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ លើសពីនេះទៅទៀត រដ្ឋធម្មនុញ្ញបានលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌ប្រជាជាតិ ដូចមានចែងក្នុងមាត្រា៣៥។ ការចូលរួមសកម្មភាពនេះទាមទារឲ្យមានវិភាគទានយ៉ាងហ៊ឹកហ៊ាក់ ឬស្វាហាប់ ដែលរួមទាំងការចែករំលែកព័ត៌មាន គំនិត និងមតិ។ ការខ្ទប់ច្របាច់សេរីភាពនេះគឺជាការលុបបំបាត់មតិ និងកាត់ផ្តាច់សេរីភាពក្នុងការចូលរួមតែម្តង។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញចែងថា៖
«ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីសើ្នទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។
លោកសុន ឆ័យតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានសម្តែងក្តីបារម្ភផងដែរ ចំពោះច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយលោកបានថ្លែងថា ច្បាប់នេះបានរំលោទសិទ្ធិប្រជាពលរដ្ឋនៅក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោកថា គណបក្សសង្គ្រោះជាតិនឹងស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះបានបម្រើប្រជាពលរដ្ឋខ្មែរដែលកំពុងត្រូវការការជួយឧបត្ថម្ភគាំទ្រពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។ លោកបញ្ជាក់ថា ការជួបពិភាក្សារបស់មេដឹកនាំសំឡេងភាគច្រើននៅក្នុងរដ្ឋសភា គឺលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសម រង្ស៊ី មេដឹកនាំសំឡេងភាគតិចក្នុងរដ្ឋសភា និងជាមេគណបក្សប្រឆាំង នឹងធ្វើឡើងសម្រាប់ការកែលម្អច្បាប់នេះ។
«គណបក្សសង្គ្រោះជាតិមានបំណងថា នឹងស្នើច្បាប់វិសោធនកម្ម ក៏ដូចជាច្បាប់ NGO នេះឡើងវិញ ឬច្បាប់សមាគមនេះ ឲ្យកែចំណុចខ្វះខាត កែលម្អឡើងវិញ។ ដូច្នេះយើងនឹងប្រហែលជាមិនយូរទេនឹងស្នើសេចក្តីព្រាងយើងទៅ ហើយនឹងជំរុញឲ្យមេដឹកនាំក្នុងសភាទាំងពីរហ្នឹងជួបគ្នាដើម្បីពិនិត្យមើល ហើយសង្ឃឹមថា ការជជែកគ្នារវាងគណបក្សទាំងពីរលើបញ្ហាផ្សេងៗ ទាំងការធ្វើច្បាប់ ទាំងបញ្ហាជាតិសំខាន់ៗហ្នឹង នឹងបន្តធ្វើតទៅទៀត»។
ទោះបីជាមានការវិភាគ និងការរិះគន់ចំណុចអវិជ្ជមាននៃច្បាប់នេះក៏ដោយ ក៏លោកនាយឧត្តមសេនីយខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលមតិរិះគន់ច្បាប់នេះ ដោយលោកមានប្រសាសន៍ថា៖
«ច្បាប់គឺច្បាប់ វាជាច្បាប់ហើយ ព្រោះព្រះករុណាលោកឡាយឲ្យប្រើហើយ។ វាទៅជាច្បាប់ហើយ។ បើអ្នកប្រឆាំងនឹងច្បាប់ អាហ្នឹងបានន័យថា យើងប្រឆាំងនឹងព្រះករុណា ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាហើយ អាហ្នឹង។ មានតែយើងចង់ទៅនៅក្រៅ ព្រោះប្រឆាំងច្បាប់កម្ពុជា មានតែទៅនៅកន្លែងផ្សេង។ បើនៅកម្ពុជា ត្រូវគោរពច្បាប់កម្ពុជា។ អាហ្នឹងមានតែប៉ុណ្ណឹង»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបានបញ្ជាក់ប្រាប់ VOA បន្ថែមទៀតថា ចរន្តនៃការស្នើសុំបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាលកំពុងមានការកើនឡើង បន្ទាប់ពីច្បាប់នេះត្រូវបានដាក់ឲ្យប្រើប្រាស់។ លោកថា ប្រជាពលរដ្ឋខ្មែរព្រមទទួលយកច្បាប់នេះហើយ។
ក៏ប៉ុន្តែនៅមុនពេលសេចក្តីព្រាងច្បាប់នេះបានក្លាយជាច្បាប់ជាធរមាននោះ សេចក្តីវិភាគលម្អិតអំពីចំណុចរសើបជាច្រើនបានឲ្យដឹងថា មាត្រា៣៩ ដែលជាមាត្រាចុងក្រោយនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះ បានរំលោភលើរដ្ឋធម្មនុញ្ញ និងធ្វើឲ្យខូចខាតសន្តិគតិយុត្តិនៃច្បាប់ដទៃទៀត។ ជាការសន្និដ្ឋានចុងក្រោយ សេចក្តីវិភាគនេះបានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ នឹងធ្វើឲ្យមាត្រា៣៥ មាត្រា៤១ មាត្រា៤២ និងមាត្រាដទៃទៀតនៃរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ហើយនិងក្រមព្រហ្មទ័ណ្ឌ ក៏ដូចជាក្រមរដ្ឋប្បវេណី លែងមានប្រសិទ្ធភាព ឬមិនអាចអនុវត្តបាន។
លើសពីនេះ សេចក្តីវិភាគនេះបន្តថា ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលក៏បានទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍ជាតិ និងអន្តរជាតិផងដែរ៕