បើទោះជាប្រទេសកម្ពុជាទទួលបានច្បាប់រដ្ឋធម្មនុញ្ញថ្មីមួយ ដែលមានខ្លឹមសារល្អសម្រាប់ការពារប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋខ្មែរក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា និងអ្នកនយោបាយខ្មែរនៅតែខកខាន មិនបានធានានូវការគោរពច្បាប់កំពូលមួយនេះ ទាក់ទិនឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនោះទេ។ សកម្មជនសិទ្ធិមនុស្ស និងអ្នកច្បាប់អន្តរជាតិមើលឃើញថា ច្បាប់រដ្ឋធម្មនុញ្ញត្រូវបានអ្នកនយោបាយសើរើច្រើនលើកច្រើនសារដើម្បីអំណាចនយោបាយច្រើនជាងប្រយោជន៍សាធារណៈ ខណៈដែលអ្នកវិភាគសង្គម និងនយោបាយខ្មែរអះអាងថា វិបត្តិសង្គមខ្មែរមុខជានឹងពិបាកដោះស្រាយ ប្រសិនបើអ្នកនយោបាយខ្មែរជាន់ឈ្លីតម្លៃនៃរដ្ឋធម្មនុញ្ញ។
ក្រោយពីទទួលបានរដ្ឋធម្មនុញ្ញថ្មីមក ប្រជាពលរដ្ឋខ្មែរក្នុងរយៈពេល២២ឆ្នាំនេះមិនត្រឹមតែជួបឧបសគ្គក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លីដែលជាសិទ្ធិមូលដ្ឋានមួយរបស់មនុស្សជាតិសម្រាប់ការរស់នៅសមរម្យនោះទេ។ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរ ថែមទាំងនៅមិនទាន់ជួប និងមិនទាន់ស្គាល់ប្រព័ន្ធតុលាការមួយដែលឯករាជ្យ និងមិនលំអៀងទៅតាមការចង្អុលរបស់អ្នកមានអំណាចនៅក្នុងជួររាជរដ្ឋាភិបាលនៅឡើយ។
ភាពមិនឯករាជ្យនេះត្រូវបានមហាជនមួយភាគធំគិតថា កើតមកពីការជះទឹកលុយទៅលើជញ្ជីងយុត្តិធម៌របស់តុលាការ។ ប៉ុន្តែធាតុពិតសាមញ្ញមួយ ដែលមិនអាចធ្វើឲ្យតុលាការឯករាជ្យបាននោះគឺការចែកមិនដាច់ស្រឡះពីគ្នានៃស្ថាប័នធំៗទាំងបីនៅក្នុងរដ្ឋាភិបាល ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ស្ថាប័នទាំងបីនោះគឺស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ។
សកម្មជនសិទ្ធិមនុស្សក្នុងស្រុក និងក្រុមអ្នកច្បាប់អន្តរជាតិយល់ថា ការចែកមិនដាច់នៃអំណាចទាំងបីនេះ ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរពិបាកស្គាល់អ្វីទៅជាយុត្តិធម៌ពិតប្រាកដ។ ពួកគេថ្លែងថា កង្វះឆន្ទៈក្នុងការធានាឲ្យបាននូវការគោរពរដ្ឋធម្មនុញ្ញនាំឲ្យអំណាចទាំងបីលាយឡំគ្នា ឬអំណាចមួយក្នុងអំណាចទាំងបី បានគ្របដណ្តប់លើអំណាចពីរផ្សេងទៀត។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ប្រាប់ VOA ថា ទោះជាប្រទេសកម្ពុជាទទួលបានរដ្ឋធម្មនុញ្ញថ្មីចាប់តាំងពីឆ្នាំ១៩៩៣ក៏ដោយចុះ តែរដ្ឋធម្មនុញ្ញកម្ពុជាមិនត្រូវបានគេឲ្យតម្លៃយ៉ាងពេញលេញនោះទេ ព្រោះថា អ្នកនយោបាយខ្មែរចូលចិត្តជ្រៀតជ្រែករដ្ឋធម្មនុញ្ញ ដើម្បីផលប្រយោជន៍នយោបាយរបស់ពួកគេ ជាជាងបម្រើប្រយោជន៍ពលរដ្ឋខ្មែរទូទៅ។
«យើងឃើញថា តាំងពីឆ្នាំ១៩៩៣មក ការអនុវត្តរដ្ឋធម្មនុញ្ញវាអត់បានពេញលេញទេ ហើយយើងឃើញថា មានតែកម្ពុជាមួយទេ ដែលមានរដ្ឋធម្មនុញ្ញហើយថែមទាំងមានរដ្ឋធម្មនុញ្ញបន្ថែមទៀត និងមានការធ្វើវិសោធនកម្មជាបន្តបន្ទាប់។ អញ្ចឹងហើយបានខ្ញុំគិតថា ការដែលធ្វើនេះបានន័យថា តើតម្លៃនៃរដ្ឋធម្មនុញ្ញនៅកន្លែងណា?»
លោកបន្តថា អ្នកនយោបាយខ្មែរ ជាញឹកញាប់ទុកប្រព័ន្ធយុត្តិធម៌មួយឡែក ដោយផ្តុំគំនិតតាក់តែងបន្ថែមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដើម្បីបំបែកភាពទាល់ច្រកនយោបាយ ដែលការណ៍នេះមិនត្រូវបានអ្នកនយោបាយក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដធ្វើនោះឡើយ។ លោកពន្យល់ថា៖
«បើរដ្ឋធម្មនុញ្ញស្រុកគេ គេមិនងាយទេ ទីមួយគេធ្វើបាន ទាល់តែពីរភាគបីនៃរដ្ឋសភាក្នុងការស្នើសុំដើម្បីធ្វើវិសាធនកម្ម។ ទីពីរត្រូវធ្វើប្រជាមតិពីប្រជាពលរដ្ឋ ទើបអាចធ្វើវិសាធនកម្មនៃរដ្ឋធម្មនុញ្ញបាន។ ប៉ុន្តែកម្ពុជា យើងអត់ដែលឃើញមានការធ្វើប្រជាមតិនូវការអនុម័តអី ឲ្យបានទូលំទូលាយអញ្ចឹងទេ ពីព្រោះយើងគិតថា រដ្ឋធម្មនុញ្ញកន្លងមក គេកាត់ក្បាលតម្រូវមួក មិនមែនកាត់មួកតម្រូវក្បាលទេ»។
ការណ៍ដែលមិនរវីរវល់ក្នុងការធានាឲ្យបាននូវការចែកដាច់ពីគ្នានៃអំណាចទាំងបីនេះបានធ្វើឲ្យអំណាចនីតិប្រតិបតិ្តនៃរដ្ឋាភិបាលកម្ពុជាលូកដៃកាន់តែជ្រៅរហូតត្រូវធ្វើច្បាប់ថ្មីៗ ដើម្បីគ្រប់គ្រងប្រព័ន្ធយុត្តិធម៌ដែលញាំញីដោយការសូកប៉ាន់ និងអំពើពុករលួយ។ បញ្ហានេះគឺដោយសារតែអ្នកនយោបាយខ្មែរខ្វល់ខ្លាំងពីការរក្សាអំណាចរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកតាមដានការវិវត្តសង្គម និងនយោបាយនៅក្នុងប្រទេសកម្ពុជា និងតាមរបាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ។
ច្បាប់ថ្មីទាំងនោះមិនត្រឹមតែធ្វើឲ្យក្រុមការពារសិទ្ធិមនុស្ស និងអ្នកច្បាប់ក្នុងស្រុកព្រួយបារម្ភនោះទេ គឺវាថែមទាំងបានធ្វើឲ្យអ្នកច្បាប់នៅឯក្រៅប្រទេសកើតក្តីបារម្ភ ដែលនាំឲ្យពួកគេស្ម័គ្រចិត្តពិនិត្យមើល ថាតើច្បាប់ដែលធ្វើឡើងនោះ ស្របទៅតាមធម្មនុញ្ញដែលអាចធានាថា តុលាការអាចសម្រេចកិច្ចការងារដោយឯករាជ្យភាពពិតប្រាកដដែរឬទេ។
របាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ (International Bar Association Human Rights Institute) ដែលចេញផ្សាយកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅនេះ បានធ្វើការវិភាគលម្អិតទៅលើច្បាប់ថ្មីបីស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ដើម្បីស្វែងយល់ ថាតើច្បាប់ទាំងបីនោះនឹងធ្វើឲ្យប្រព័ន្ធតុលាការមានឯករាជ្យភាព ឬក៏ស្ថិតក្រោមឥទ្ធិពលនៃអង្គនីតិប្រតិបត្តិ។
ច្បាប់ទាំងបី ដែលមានតែតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាបានអនុម័តនៅក្នុងរដ្ឋសភាកាលពីខែឧសភាឆ្នាំ២០១៤នោះ រួមមាន ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គការចៅក្រម ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការ។ ច្បាប់ទាំងអស់នេះត្រូវបានអនុម័តដោយមិនមានការចូលរួមពីតំណាងរាស្រ្ត៥៥រូបនៃគណបក្សប្រឆាំង ដែលបានធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភានាគ្រានោះ។
នៅក្នុងការសន្និដ្នានរបស់ខ្លួន ក្រុមអ្នកច្បាប់ ដែលពិនិត្យលើច្បាប់ទាំងបីនេះ បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌កម្ពុជាបានទទួលតួនាទីដ៏មានអំណាចបំផុតទាំងផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែងក្នុងប្រព័ន្ធយុត្តិធម៌ និងមានឆន្ទានុសិទ្ធិ និងឥទ្ធិពលទៅលើផ្នែកស្ទើរតែទាំងអស់របស់ចៅក្រម។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏មានឥទ្ធិពលយ៉ាងច្រើនទៅលើផ្នែកថវិកា ធនធាន ការបណ្តុះបណ្តាល ការតែងតាំង ការដំឡើងតំណែង រយៈពេលកាន់តំណែង និងការដកតំណែងចេញ នៅក្នុងប្រព័ន្ធតុលាការផងដែរ។
អ្នកស្រី Brenda Lee Edwards មេធាវីមកពីប្រទេសកាណាដា ដែលបានស្ម័គ្រចិត្តចូលរួមចំណែកក្នុងការស្រាវជ្រាវរបាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ ថ្លែងនៅក្នុងសន្និសីទព័ត៌មានកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅនេះថា ច្បាប់ទាំងបីមិនអាចធ្វើឲ្យប្រទេសកម្ពុជាមានតុល្យភាពនៃអំណាចទាំងបីនោះទេ ដោយសារតែមានការជ្រៀតជ្រែកពីបុគ្គលមកពីស្ថាប័ននីតិប្រតិបត្តិ ពោលគឺរាជរដ្ឋាភិបាល។
«យើងបានដឹងនូវភស្តុតាងដែលបង្ហាញថា ក្រសួងយុត្តិធម៌ ឬអ្នកឯទៀតនៅក្នុងរដ្ឋាភិបាលប្រាប់ចៅក្រមថា តើត្រូវធ្វើការសម្រេចលើរឿងក្តីយ៉ាងដូចម្តេច»។
អ្នកស្រីសង្កត់ធ្ងន់ថា ការជ្រៀតជ្រែកនេះ គឺមានលក្ខណៈផ្ទុយទៅនឹងមាត្រា ៥១នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ដែលបាននិយាយយ៉ាងច្បាស់ថា ត្រូវតែមានការបែងចែកឲ្យដាច់ពីគ្នារវាងអំណាចតុលាការ អំណាចនីតិប្បញ្ញតិ និងអំណាចនីតិប្រតិបត្តិនៃរដ្ឋាភិបាល។
មាត្រា៥១ថ្មីនៃច្បាប់រដ្ឋធម្មនុញ្ញចែងថា៖ «ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»៕