សកម្មជនដីធ្លីនៅស្រុកមួយក្នុងខេត្តក្រចេះកំពុងត្អូញត្អែរអំពីចំណាត់ការខាងផ្លូវច្បាប់ បន្ទាប់ពីអាជ្ញាធរចាប់ផ្តើមអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅក្រោយព្រះមហាក្សត្របានឡាយព្រហស្តលេខាលើច្បាប់ដ៏ចម្រូងចម្រាសមួយនេះកាលពីសប្តាហ៍មុន។
លោក ស៊ីម ពៅ តំណាងឲ្យប្រជាពលរដ្ឋ៦៩គ្រួសារ បានធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីជួបជាមួយនឹងអ្នកតវ៉ាក្នុងសហគមន៍បឹងកក់ និងបុរីកីឡាព្រមទៀងសហគមន៍ថ្មគោល ក្នុងគោលបំណងស្វែងយល់ពីវិធីក្នុងការចងក្រងសហគមន៍របស់លោកនៅឯឃុំមួយក្នុងខេត្តក្រចេះ។ ការខិតខំស្វែងយល់នេះធ្វើឡើងនៅប៉ុន្មានខែប៉ុណ្ណោះ មុនពេលសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលត្រូវបានឡាយព្រះហស្តលេខាដោយអង្គព្រះមហាក្សត្រ ក្លាយជាច្បាប់។
សហគមន៍ដែលត្រូវបានបង្កើតនៅខែមេសា និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនោះ មានឈ្មោះថា «សហគមន៍ពាមប៉ោអូរបី» ស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំខ្ទឹម ស្រុកស្នួល ខេត្តក្រចេះ។ ការបង្កើតសហគមន៍នេះ គឺក្នុងគោលបំណងដោះស្រាយបញ្ហាផ្លូវច្បាប់ដែលប្រជាពលរដ្ឋប្រឈមមុខ បន្ទាប់ពីទំនាស់រវាងក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាមឈ្មោះ ប៊ិញភឿក២ និងប្រជាពលរដ្ឋបានបញ្ចប់ទៅ ដោយការឆ្វៀលដីទំនាស់ចេញពីដីសម្បទានសេដ្ឋកិច្ចនេះកាលពីឆ្នាំ២០១៤។
ក៏ប៉ុន្តែសហគមន៍លោកកំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់ ក្រោយពីអធិការប៉ូលិសស្រុកស្នួល កាលពីសប្តាហ៍មុន បានស្នើឲ្យលោកទៅចុះបញ្ជីនៅឯក្រសួងមហាផ្ទៃ ដោយផ្អែកលើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។លោកនិយាយថា៖ «គាត់ឲ្យទៅសុំច្បាប់ចេញពីក្រសួងមហាផ្ទៃមក។ បើគាត់ចង់បង្កើត ឬក៏សុំពីឃុំ ពីភូមិដែលយើងរស់នៅហ្នឹងណ៎ា ហើយពួកខ្ញុំទៅសុំរបៀបអាហ្នឹង រឿងបញ្ហាខ្ញុំវិញហើយឲ្យខ្ញុំទៅសុំរបៀបម៉េច»។
លោក ស៊ីម ពៅ រៀបរាប់ថា ប្រជាពលរដ្ឋ៦៩គ្រួសារកំពុងមានវិវាទជាមួយនឹងតំណាងប្រជាពលរដ្ឋម្នាក់ទៀតក្នុងឃុំតែមួយលើដីទំនាស់ទំហំ២៥០.៩៦ហិកតា។ លោកអះអាងថា អាជ្ញាធរ និងតំណាងប្រជាពលរដ្ឋផ្សេងទៀត គឺឈ្មោះ ឡុក សុផា បានរួមដៃគ្នា ដើម្បីពុះដីទំនាស់នេះ ក្នុងការបែងចែកដីដល់ប្រជាពលរដ្ឋដែលបានរស់នៅទីនោះ និងប្រជាពលរដ្ឋដែលមានតែឈ្មោះក្នុងបញ្ជី។ លោក ស៊ីម ពៅ និយាយថា ដោយសារការសមគំនិតនេះ ប្រជាពលរដ្ឋដែលមានដីពិតប្រាកដកើតទុក្ខមិនសុខចិត្ត ហើយក៏សម្រេចឲ្យលោកធ្វើជាតំណាងដើម្បីរកដំណោះស្រាយតាមរយៈការចងក្រងសហគមន៍នេះ។ ទាក់ទងនឹងការលំបាកក្នុងការសុំលិខិតអនុញ្ញាត ដើម្បីបង្កើតសហគមន៍នេះ។
លោកនិយាយថា៖ «បើពួកខ្ញុំកំពុងមានបញ្ហានឹងអាជ្ញាធរ ប្រសិនបើខ្ញុំទៅសុំ សួរថា គាត់ធ្វើឲ្យខ្ញុំដែរទេ? ខ្ញុំកំពុងឈ្លោះគ្នា អញ្ចឹងខ្ញុំទៅសុំនំ គេហូបនេះ សួរថា គេឲ្យនំខ្ញុំហូបឬអត់? អញ្ចឹងវាមិនអាចទៅរួចទេ អញ្ចឹងពួកខ្ញុំបង្កើតនេះ ពឹងលើដូចថា សួរយោបល់លើអង្គការនេះ អង្គការនោះ។ គាត់ឲ្យយោបល់ខ្ញុំអញ្ចឹង ទើបខ្ញុំអាចធ្វើបាន។ បើខ្ញុំអត់ចេះច្បាប់ ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំត្រូវតែពឹងលើអង្គការក្រៅរដ្ឋាភិបាលអញ្ជឹងហើយ»។
លោក ណុម ស្រ៊ុន អធិការប៉ូលីសស្រុកស្នួលទទួលស្គាល់ថា ប្រជាពលរដ្ឋកំពុងមានទំនាស់គ្នាពិតមែន តែលោកថា «សហគមន៍ពាមប៉ោអូរបី» ដែលស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំខ្សឹមនេះ ត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬក៏មានលិខិតទទួលស្គាល់ពីអាជ្ញាធរឃុំស្រុកខេត្តរួច ហើយត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
«ទេ ថ្ងៃមុន ខ្ញុំហៅមកពិនិត្យឯកសារ ពិនិត្យអីអញ្ចឹងណ៎ា។ ពួកគាត់អត់មានដាក់ពាក្យឲ្យអាជ្ញាធរអីដឹងឮទេ។ គាត់បង្កើតជាក្រុមៗហ្នឹងណ៎ា។ អញ្ចឹងយើងចេះតែប្រាប់គាត់ថា ឲ្យធ្វើមានច្បាប់ មានទម្លាប់អីត្រឹមត្រូវទៅ មានខេត្ត មានស្រុក មានឃុំអីដឹងឮ ហើយយើងទៅអាចចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចាំយើងដំណើរការ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី ឡុក សុផា ជាគូវិវាទរបស់លោក ស៊ីម ពៅ និងប្រជាពលរដ្ឋផ្សេងទៀត បានច្រានចោលការចោទប្រកាន់ទាំងឡាយរបស់លោក ស៊ីម ពៅ ហើយបានហៅការរៀបចំបង្កើត «សហគមន៍ពាមប៉ោអូរបី»នេះថាជាទង្វើប្រឆាំងនឹងរដ្ឋាភិបាល និងធ្វើឲ្យមានអស្ថិរភាពក្នុងឃុំ។ អ្នកស្រីក៏បានបដិសេធនូវការចោទប្រកាន់ដែលថា អ្នកស្រីមានទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិឃុំ ហើយថា អ្នកស្រីគ្មានបំណងបង្កើតសហគមន៍នោះទេ។
«ខ្ញុំអត់មានបង្កើតទេបង ព្រោះអ្នកដែលទៅនេះ សុទ្ធតែពួកចំណាកស្រុក ហើយអញ្ចឹងខ្ញុំព្រួយបារម្ភពីគាត់ មិនមែនមិនព្រួយបារម្ភទេ ព្រោះជារាស្ត្រដូចគ្នា។ ខ្ញុំព្រួយបារម្ភដែលគាត់ធ្វើអីធ្វើឲ្យចលាចលដល់ភាពមួយអសន្តិសុខនៅក្នុងស្រុកណាបង»។
លោក ស៊ីម ពៅ ចោទថា អ្នកស្រី ឡុក សុផា មានតែបញ្ជីឈ្មោះរបស់ប្រជាជនចំនួន១០៤គ្រួសារដើម្បីតតាំងនឹងលោក។ ប៉ុន្តែអ្នកស្រី ឡុក សុផា ក៏បានច្រានចោលការចោទប្រកាន់នេះដែរ។
រីឯលោក ផ្លូង ខេន មេឃុំខ្សឹម នៅក្នុងស្រុកស្នួល ក៏បានឲ្យ VOA ដឹងដែរថា អាជ្ញាធរឃុំមិនកាន់ជើងភាគីណាមួយក្នុងទំនាស់នេះទេ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសទទួលបន្ទុកផ្នែកសិទ្ធិលំនៅដ្ឋានយល់ថា ទំនាស់របស់ប្រជាពលរដ្ឋនេះផ្តើមចេញពីភាពចម្រូងចម្រាស និងការស្មុគស្មាញនៃការតម្រូវឲ្យសហគមន៍ចុះបញ្ជីជា«សហគមន៍ពាមប៉ោអូរបី»នេះ។
លោកពន្យល់ថា៖ «ធម្មតាការបង្កើតសហគមន៍មូលដ្ឋាន បើសិនមានក្រុមណាគេជំទាស់ គាត់អាចបង្កើតក្រុម ដែលគាត់យល់ស្របគ្នាហ្នឹង ចាប់ពីប៉ុន្មាននាក់ទៅដែលមានចែងនៅក្នុងច្បាប់ចម្រូងចម្រាសហ្នឹងយើងអាចធ្វើ ហើយបើសិនជាយើងគ្រាន់តែបង្កើតសហគមន៍មួយ ក្រៅផ្លូវការមិនចាំបាច់ចុះបញ្ជីចុះអីជាផ្លូវការទេ ដោយយើងគ្រាន់តែបង្កើតសហគមន៍ ដើម្បីការពារផលប្រយោជន៍របស់ក្រុមរបស់គាត់ហ្នឹង ខ្ញុំគិតថា វាមិនមានអីជាបញ្ហាទេ ទោះបីមានក្រុមម្ខាងទៀតគាត់ជំទាស់ គាត់មានភាពស្អិតរមួតទៅជាមួយអាជ្ញាធរក៏ដោយ»។
លោកបន្តថា កង្វះខាតនៃការពិគ្រោះយោបល់ជាសាធារណៈនេះឯង ដែលបង្កផលប៉ះពាល់ដល់សហគមន៍តូចៗ ដោយសារតែរងគំនាបពីអាជ្ញាធរ ដែលសំអាងលើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស់នេះ។
«នៅពេលដែលការធ្វើច្បាប់មួយ ដែលមានការមូលមតិពិគ្រោះយោបល់ជាសាធារណៈឲ្យបានទូលំទូលាយ គឺអញ្ចឹងហើយ ហើយដែលជាឱកាសសម្រាប់អាជ្ញាធរដែនដី ដែលខ្លួនមិនគិតប្រឹងប្រែងដើម្បីរកដំណោះស្រាយ បញ្ហាជម្លោះដីធ្លីជូនដល់ប្រជាពលរដ្ឋទេ តែបែរជា ឆ្លៀតឱកាសយកច្បាប់ចម្រូងចម្រាសហ្នឹង ដើម្បីយកទៅដាក់គាបសង្កត់ ដើម្បីបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិទាំងមូល»។
របាយការណ៍របស់អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីចុងខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៤ មកទល់នឹងដំណាច់ខែមិនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋខ្មែរមានចំនួន៦០.០០០នាក់ ហើយបានក្លាយជាជនរងគ្រោះ ដោយសារគោលនយោបាយរដ្ឋាភិបាលទាក់ទងនឹងការដណ្តើមកាន់កាប់ដីធ្លីនោះ។
លោក ស៊ីម ពៅ និងសហគមន៍របស់លោកទំនងជាស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះ។ លោកថ្លែងថា ច្បាប់ថ្មីនេះនឹងបង្អាក់សកម្មភាពតវ៉ារបស់សហគមន៍របស់លោក និងសហគមន៍ឯទៀតដែលកំពុងជាប់គាំងក្នុងជម្លោះដីធ្លី។
«រឿងបញ្ហាច្បាប់ហ្នឹង បើសិនជារដ្ឋាភិបាលឬក៏អាជ្ញាធរ គាត់អនុវត្តច្បាប់ហ្នឹង អាចប៉ះពាល់ដល់ប្រជាពលរដ្ឋ មិនមែនតែប្រជាពលរដ្ឋនៅកន្លែងខ្ញុំទេ គឺប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង»។
មន្ត្រីរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថា ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ នឹងមិនគ្របដណ្តប់លើសហគមន៍តូចៗ ដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហា ដែលកើតមាននៅមូលដ្ឋាននេះទេ។ ប៉ុន្តែអាជ្ញាធរស្រុកស្នួលចាប់ផ្តើមតម្រូវឲ្យលោក ស៊ីម ពៅ ទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ការតម្រូវនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ព្រះមហាក្សត្របានឡាយព្រះហស្តលើច្បាប់ដ៏រឹតត្បិតមួយនេះ។
អង្គការសង្គមស៊ីវិលបញ្ជាក់ថា ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះធ្វើឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជួបផលវិបាកក្នុងការធ្វើសកម្មភាពបម្រើប្រជាពលរដ្ឋ។
នៅក្នុងមាត្រា៩នៃច្បាប់នេះបានសរសេរថា៖ «សមាគមឬអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនឹងក្លាយជានីតិបុគ្គល ចាប់ពីថ្ងៃដែលក្រសួងមហាផ្ទៃបានចុះបញ្ជី។ ក្រសួងមហាផ្ទៃត្រូវចម្លងឯកសារចុះបញ្ជីសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនេះទៅក្រសួងស្ថាប័នពាក់ព័ន្ធតាមការចាំបាច់។ សមាគមឬអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ»៕