ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ ការ​ល្មើស​រដ្ឋធម្មនុញ្ញ​នាំ​ឱ្យ​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ


បុរស​ម្នាក់​ដើរ​កាត់​អគារ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​ប្រព័ន្ធ​យុត្តិធម៌​ថ្នាក់​ខ្ពស់​ មាន​ទីតាំង​នៅ​មហាវិថី​នរោត្តម​ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ ទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥។ ( ឡេង ឡែន / VOA Khmer)

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ទាំង​ពីរ​ បាន​ថ្លែង​ការពារ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​នៃ​រដ្ឋធម្មនុញ្ញ​កាលពី​ពេល​កន្លង​មក​ថា​ ជា​ការ​ចាំបាច់​សម្រាប់​សម្រប​ទៅ​តាម​ស្ថានការណ៍​សង្គម​ នយោបាយ​​​ជាក់​ស្តែង។

លើស​ពី​ការ​បកស្រាយ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​ អ្នក​វិភាគ​សង្គម ​និង​នយោបាយ​ប្រទេស​កម្ពុជា​ បាន​មើល​ឃើញ​ផង​ដែរ​ថា ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​មាន​ខ្លឹមសារ​ល្អ​ប្រសើរ​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ប៉ុន្តែ​ច្បាប់​ទាំង​បីដែល​ធ្វើ​ឡើង​ដោយ​មិន​គោរព​ទៅ​តាម​មូលដ្ឋាន​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​ បាន​ធ្វើ​ឲ្យ​អំណាច​នីតិប្រតិបត្តិ​រឹត​តែ​រីក​ធំឡើង​ និង​បាន​គ្រប​ដណ្តប់​ ​លើ​ប្រព័ន្ធ​តុលាការ​ រហូត​ធ្វើឲ្យតុលាការ​បាត់បង់ឯករាជ្យ​ភាព​ក្នុង​ការ​រៀប​ចំ​និង​តែង​តាំង​សមាសភាព​របស់​ខ្លួន។​

លោក ​កែម ឡី ​អ្នកសិក្សា​ស្រាវជ្រាវ​សង្គម​ និង​ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ បាន​ពន្យល់​ថា៖​ «នៅ​ពេល​ដែល​អំណាច​រដ្ឋាភិបាល​មាន​សិទ្ធិ​ត្រួត​ត្រា​គ្រប់​បែប​យ៉ាង​ ដក​ដាក់​ស្រេច​តែ​ចិត្ត​ វា​ធ្វើ​ឲ្យ​អំណាច​កាន់តែ​ធំទៅៗ​នៅរដ្ឋាភិបាល​ អញ្ចឹង​អ្នក​ដែល​មាន​អំណាច​ មាន​សិទ្ធិ​ទៅ​រំលោភ​លើ​ប្រជាពលរដ្ឋ​សាមញ្ញ​ អញ្ចឹង​ហើយ​បាន​មាន​បញ្ហា​ដីធ្លី​ មាន​បញ្ហា​ពុក​រលួយ​ មាន​បញ្ហា​ផ្សេងៗ​ វា​កើត​ឡើង​ចេញ​ពី​ការ​មិន​ប្រតិបត្តិ​តាម​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​ឯង»​។

លោកបាន​បន្ទោស​អ្នក​នយោបាយ​ខ្មែរ​មក​ពី​បក្ស​ទាំង​ពីរ ​គឺ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ ដែល​បាន​បំពាន​រដ្ឋ​ធម្មនុញ្ញ​កន្លង​មក​ ដូច​ជា​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ និង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៦​ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋសភា​ធ្វើ​ការ​សម្រេចចិត្ត​ពី​សំឡេង​២ភាគ​៣ មកសំឡេង​៥០​ភាគ​រយបូក​១ ដើម្បី​បើក​ផ្លូវ​ឲ្យ​គណបក្ស​នយោបាយ​មួយ​អាច​គ្រប់​គ្រង​បាន​ទាំង​រដ្ឋាភិបាល​ និង​រដ្ឋ​សភា។​

ការណ៍​នេះ​ នាំ​ឲ្យ​មិន​មាន​តុល្យភាព​អំណាច​ នៅ​ក្នុង​សភា​ ឬ​តុល្យភាព​រវាង​សភា​ និង​រដ្ឋាភិបាល។ នេះជា​ការ​រាំងខ្ទប់​បក្ស​ប្រឆាំង​ ​មិន​ឲ្យ​មាន​លទ្ធភាព​ធ្វើ​កំណែ​ទម្រង់​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​យុត្តិធម៌​សង្គម​ ពីព្រោះ​តែបក្ស​ប្រឆាំង​ពុំមាន​សំឡេង​គ្រប់​គ្រាន់នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ក្នុង​កិច្ចប្រជុំសភា​ពេញ​អង្គ។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ទាំង​ពីរ​ បាន​ថ្លែង​ការពារ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​នៃ​រដ្ឋធម្មនុញ្ញ​កាលពី​ពេល​កន្លង​មក​ថា​ ជា​ការ​ចាំបាច់​សម្រាប់​សម្រប​ទៅ​តាម​ស្ថានការណ៍​សង្គម​ នយោបាយ​ជាក់​ស្តែង​ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ក៏​បាន​ ការពារ​ស្ថាប័ន​របស់​ខ្លួន​ថា​ បាន​ធ្វើ​ការ​ត្រឹមត្រូវ​មួយ​ ចំពោះការ​រៀប​ចំ​ច្បាប់​ទាំង​បី​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅកម្ពុជា​។​

លោក ​សុខ ឥសាន្ត​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​គឺ​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​ តែ​ក្នុង​កាលៈទេសៈ​ខ្លះ​ ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ​គឺ​ជៀស​មិន​រួច​៖ «វាជា​ច្បាប់​កំពូល​មែន​ ក៏ប៉ុន្តែ​តាម​ការ​អនុវត្ត​ តាម​ដំណាក់​កាល​នីមួយៗ​ បើ​សិន​ណា​ជា​មាន​បញ្ហា​រាំង​ស្ទះ​ អាហ្នឹង​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​ ហើយ​ប្រទេស​ណា​ក៏​មាន​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែរ​ ឲ្យ​តែ​ការ​ធ្វើ​វិសោធនកម្ម​នោះ​អនុវត្ត​ទៅ​ត្រឹម​ត្រូវ​ ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ អត់​មាន​ខុស​អី​ទេ»​។

លោក​បាន​ច្រាន​ចោល​ការ​រិះគន់​ចំពោះ​ការ​ធ្វើ​ច្បាប់​ទាំង​បី​សម្រាប់​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ ក្នុង​ការ​គ្រប់​ប្រព័ន្ធ​តុលាការ​។​ លោក​ថា​ច្បាប់​ទាំង​បី​នេះ​ គឺ​ស្ថិត​ក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ។​

រីឯ​លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឆ្លើយ​តប​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ថា​ គឺ​ជា​ចាំបាច់​មួយដើម្បី​ស្វែង​រក​ផ្លូវ​ក្នុង​ការជ្រើសរើស​រដ្ឋាភិបាល​ថ្មី​ ដោយ​លោកបាន​ពន្យល់​ពី​ការ​វិសោធនកម្ម​ចុងក្រោយ​ទាក់​ទង​នឹង​ការ​កែទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ យ៉ាង​ដូច្នេះ​ថា៖

«បើ​សិន​ជា​យើង​ មិន​ធ្វើ​វិសោធនកម្ម​ទាក់​ទង​នឹង​ការ​កែ​ទម្រង់​សមាសភាព​ គណៈ​ក​ម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ ដូច្នេះ​ការ​កែ​ទម្រង់​ដែល​យើង​បាន​នឹង​កំពុង​ប្រព្រឹត្ត​ទៅ​ យើង​ធ្វើ​ទៅ​អត់​កើត​ទេ អញ្ចឹង​ហើយ​ពេល​ខ្លះ​ គឺ​ជា​ចាំ​បាច់​ តែ​យើង​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​ គឺ​យើង​ធ្វើ​ក្នុង​ន័យ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​គឺ​ស្រប​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ»។​

ទាក់ទិន​នឹង​ការ​ធ្វើ​ឲ្យ​មាន​ឯករាជ្យ​នៃ​ស្ថាប័ន​តុលាការ​ អ្នក​នាំ​ពាក្យ​គណបក្ស​ទាំង​ពីរ​ថ្លែង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ នឹង​ត្រូវ​ធ្វើ​ឡើង​ ប្រសិន​បើ​ច្បាប់​ដែល​បាន​អនុម័ត​កន្លង​មក​មិនបាន​បម្រើ​ផល​ប្រយោជន៍សាធារណៈពេញលេញ​នោះ​ទេ។​

នៅ​ពេល​ដែល ​VOA ​សួរ​ថា​ តើ​បក្ស​ប្រឆាំង​នឹង​ធ្វើ​យ៉ាងណា​ ដើម្បី​ឲ្យ​តំណាងរាស្រ្ត​នៃ​បក្ស​កាន់​អំណាច​ដែល​ជាសំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ទាំង​បី​ដែល​អាចផ្តល់​យុត្តិ​ធម៌​ពិតប្រាកដ​ ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ លោក​ យឹម សុវណ្ណ​ ថ្លែង​ថា​ ការ​កើន​ឡើង​កៅ​អី​ជា​បន្ត​បន្ទាប់របស់​បក្ស​ប្រឆាំង​នៅ​ក្នុងរដ្ឋ​សភា​ នឹង​ជំរុញ​ឲ្យ​មានការ​កែទម្រង់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ហើយ​ថា​បក្ស​ប្រឆាំង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថែមទៀត​ដើម្បី​ទទួល​បានសំឡេង​គ្រប់​គ្រាន់​សម្រាប់​ការ​តស៊ូ​មតិ​នៅ​ក្នុង​រដ្ឋ​សភា។​

ដោយ​ឡែក​ លោក ​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ការពារ​ច្បាប់​ទាំង​បី​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ អំពី​ភាពមិន​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ច្បាប់​ទាំង​បី​នោះ។​

«អ្វី​ដែល​យើង​ធ្វើ​ក្នុង​នាម​ជា​អ្នក​កែ​ទម្រង់​ យើង​យល់​ថា​ ការ​រៀបចំ​ច្បាប់​បី​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​ ប្រជាធិបតេយ្យ​ នីតិរដ្ឋ​ និង​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ​ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។​ ក៏​ប៉ុន្តែ​អ្វី​ដែល​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​ គឺ​ហាក់​ដូច​ជា​មានការ​យល់​ខុសគ្នា​រវាង​ អ្នក​កែ​ទម្រង់»។​

លោក​បន្ត​ថា៖ «ទី​មួយ​គឺ​គាត់​ថា​ ច្បាប់​ហ្នឹង​គឺ​ទី​មួយ​មានការ​រំលោភ​បំពាន​ទៅ​លើ​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ។​ តាម​ពិត​ទៅ​នៅ​ក្នុង​ទស្សនៈ​នៃ​ការ​កែ​ទម្រង់​ យើង​បាន​សិក្សា​ស្រាវជ្រាវ​ពី​ការ​អនុវត្ត​របស់​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ ជាពិសេស​គឺ​បែប ​Civil Law គឺ​ដូចជា​នៅ​ប្រទេស​បារាំង​ នៅ​ប្រទេស​អាល្លឺម៉ង់​ ហើយ​ការ​ដែល​យើង​រៀប​ចំ​ច្បាប់​នេះ​ គឺ​យើង​យក​ទៅ​ system ​បែប​ហ្នឹង»។​

លោក​ពន្យល់​បន្ថែម​ថា​ ប្រទេស​ដែល​អនុវត្ត​ប្រព័ន្ធ​ Common Law ​ស្ថាប័នតុលាការ​ត្រូវ​បាន​បែង​ចែក​ឲ្យ​ដាច់​ពី​អង្គ​នីតិ​ប្រតិបត្តិ​ ខណៈ​ដែល​ប្រទេស​អនុវត្តប្រព័ន្ធ​ Civil Law ​ស្ថាប័ន​តុលាការ​ត្រូវ​គ្រប់​គ្រង​រួម​គ្នា​ដោយ​អង្គ​នីតិ​ប្រតិបត្តិ​និង​តុលាការ។​ លោក​បញ្ជាក់​ថា​ នៅ​ក្នុង​ប្រព័ន្ធ​ Civil Law ​ការ​សម្រេចចិត្ត​ក្នុង​រឿង​ក្តី​ គឺ​ជា​អំណាច​ឯករាជ្យ​ និង​ភារកិច្ច​ឯករាជ្យ​របស់​តុលាការ​ ដោយ​អំណាច​នីតិប្រតិបត្តិ​មិន​អាច​ជ្រៀត​ជ្រែក​ឬក៏​បញ្ជា​បាន​ទេ។​ ​លោក​ឲ្យដឹង​ទៀត​ថា​ អំណាច​នីតិប្រតិបតិ្ត​មាន​សិទ្ធិ​ក្នុង​ការ​ចាត់​ចែងកិច្ច​ការ​រដ្ឋបាល​ ហិរញ្ញ​វត្ថុ ​និង​បុគ្គលិក​របស់​ស្ថាប័ន​តុលាការ។​

ដោយ​មិនបាន​និយាយ​ទៅដល់​ ប្រព័ន្ធ​ច្បាប់​ទាំង​ពីរ​ អ្នក​ស្រី​ Brenda Lee Edwards ​សមាជិក​ស្ថាប័ន​តុលាការ​នៅ​ក្នុង​ប្រទេស​កាណាដា​ សង្កត់​ធ្ងន់​ថា​ កិច្ច​ការ​របស់​តុលាការគួរ​តែចែក​ឲ្យ​ដាច់​ពីកិច្ច​របស់​រដ្ឋាភិបាល។​

«ក្រសួង​យុត្តិធម៌​មិន​គួរ​ចូល​ពាក់ព័ន្ធ​នឹង​កិច្ច​ការ​ណា​ក្រៅ​ពី​ការងារ​រដ្ឋបាល​ដែល​មិន​ធ្វើ​ឲ្យ​ខូច​ឯករាជ្យ​ភាព​របស់​តុលាការ​។ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ​រដ្ឋាភិបាល​គួរ​តែ​កុំ​ពាក់​ព័ន្ធ​កិច្ច​ការ​របស់​តុលាការ​ ដូចដែល​តុលាការ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​របស់​រដ្ឋាភិបាល»។

ក្រុមអ្នក​ច្បាប់​នៃវិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ​ បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​ពួកគេ អំពី​មាត្រា​១២៩​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បង្ហាញ​ពី​បទដ្ឋាន​ខ្ពស់​របស់​ចៅក្រម។​ នៅ​ក្នុង​មាត្រា​នោះ ​ចៅក្រម​ទាំងឡាយ​ ត្រូវ​បាន​តម្រូវ​ឲ្យបំពេញ​ភារកិច្ច​របស់​ពួក​គេ​ ដោយ​ គោរព​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ឲ្យ​អស់​ពី​ដួង​ចិត្ត​ និង​សម្បជញ្ញៈ​របស់​ខ្លួន។​

ប៉ុន្តែ​ការណ៍​នេះ​ គឺ​មាន​តែ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ ខណៈ​ដែល​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​ផ្ទុយគ្នា​ស្រឡះ។​ នៅ​ក្នុង​របាយ​ការណ៍​ដដែល​នេះ​ បាន​លាត​ត្រដាង​ពី​ការ​ស៊ីសំណូក​សូក​ប៉ាន់​ អំពើពុករលួយ​ និង​ចំណង​ទាក់​ទង​គ្នា​រវាង​មន្រ្តី​តុលាការ​និង​គណបក្ស​នយោបាយ។​ ចំណុច​អវិជ្ជមាន​ទាំង​អស់នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​សាមញ្ញ មាន​ការ​ភ័យ​ខ្លាច​ និង​ស្អប់​ខ្ពើម​មិន​ចង់​ពាក់​ព័ន្ធ​ជាមួយ​តុលាការ​ឡើយ​ ក្នុង​ករណី​ដែល​ពួក​គេ​អាច​ធ្វើ​បាន។​

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​តាមដាន​ការ​វិវត្តន៍​សង្គម​និង​នយោបាយ​ខ្មែរ​ លើក​ឡើង​ថា​ ពលរដ្ឋ​ខ្មែរ​ពិបាក​នឹង​ឃើញ​ពន្លឺ​យុត្តិធម៌​ និង​ជឿជាក់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ ប្រសិន​បើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​សម្រាប់​បន្ថែម​ ឬ​កែ​សម្រួល​ខ្លឹម​សារ​ដើម្បី​តែ​ផលប្រយោជន៍​នយោបាយ​នោះ៕

XS
SM
MD
LG