លោក Geoff Mirkin បានឡើងទៅលើអាគារសាម្មញ្ញតូចមួយនៅក្នុងទីក្រុង Elkridge រដ្ឋ Maryland ដែលស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ហើយបានចង្អុលទៅបន្ទះស្រូបកំដៅព្រះអាទិត្យដែលត្រូវបានដាក់ជាជួរនៅលើដំបូលផ្ទះ។
លោក Mirkin និយាយថា៖ «យើងទទួលបានអគ្គីសនី៧០ភាគរយមកពីបន្ទះស្រូបកំដៅព្រះអាទិត្យទាំងនោះ»។
ក្នុងរយៈពេល៦ឆ្នាំចាប់តាំងពីបានរួមគ្នាបង្កើតក្រុមហ៊ុន Solar Energy World លោក Mirkin បានឃើញក្រុមហ៊ុនដំឡើងបន្ទះស្រូបកំដៅព្រះអាទិត្យរីកលូតលាស់ដោយចាប់តាំងពីបុគ្គលិក៣នាក់រហូតដល់បុគ្គលិកជាង៥០នាក់។
លោក Mirkin បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចមានដំណើរការ។ យើងអាចផ្តល់ហិរញ្ញវត្ថុដល់កម្មវិធីសម្រាប់ប្រជាពលរដ្ឋ យើងអាចធ្វើបាន គឺធ្វើឲ្យដែកបន្ទះស្រូបកំដៅព្រះអាទិត្យមានមនុស្សប្រើច្រើនជាងអគ្គីសនី ហើយកត្តាដែលសំខាន់ទៀតនោះ គឺថា កម្មវិធីនោះបានបង្កើតការងារយ៉ាងច្រើន»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសង្កត់លើការរីកលូតលាស់នេះនៅក្នុងឧស្សាហកម្មកំដៅព្រះអាទិត្យក្នុងអំឡុងពេលនៃសន្និសីទកំពូលថាពលស្អាតជាតិកាលពីថ្ងៃចន្ទ ដោយបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បង្កើតថាមពលដោយព្រះអាទិត្យបាន២០ដងច្រើនលើសអ្វីដែលខ្លួនបានធ្វើនៅឆ្នាំ២០០៨។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា៖ «ការដំឡើងប្រព័ន្ធស្រូបកំដៅព្រអាទិត្យដ៏ធំបង្អស់របស់ពិភពលោក បានកើតចេញជារូបរាងកាលពីឆ្នាំទៅ ដោយមានបន្ទះស្រូបកំដៅព្រះអាទិត្យចំនួន៩លានដែលបង្កើតថាមពលអគ្គីសនីល្មមគ្រប់គ្រាន់សម្រាប់ជាង១សែនផ្ទះដែលជាថាមពលស្អាត អាចប្រើប្រាស់ឡើងវិញបាន មិនត្រឹមតែក្នុងប្រទេសអាល្លឺម៉ង់ ចិន អារ៉ាប់ប៊ីសាអូឌីតទេ ក៏ប៉ុន្តែ ឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក។
ដោយទើបតែមួយថ្ងៃបន្ទាប់ពីវិលត្រឡប់មកពីវិសមកាលរបស់លោកនៅ Martha’s Vineyard លោកប្រធានាធិបតីអូបាម៉ា បានធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុង Las Vegas ដែលនៅទីនោះលោកប្រធានាធិបតី បានប្រកាសពីកិច្ចផ្តួចផ្តើមដែលមានគោលបំណងបង្កើតប្រភពធនធានថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន រួមមានប្រព័ន្ធកំដៅព្រះអាទិត្យ គឺធ្វើឲ្យពលរដ្ឋអាមេរិកាំងមានលទ្ធភាពប្រើប្រាស់ថាមពលនោះនៅតាមផ្ទះរបស់ពួកគេបាន៕