ដំណាក់កាល​ថ្មី​នៃ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ចាប់​ផ្ដើម​ក្នុង​សប្ដាហ៍​នេះ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ជួប​ទាហាន​នៅ​បន្ទាយ​ទាហាន Bagram Air Field កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

នៅ​ឯ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ចក្រភពអង់គ្លេស​ក្នុង​សប្ដាហ៍​នេះ មេដឹកនាំ​ពិភពលោក​ប្រារព្ធ​ខួប​ទី​៧០​របស់​អង្គការ​អូតង់។ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​រិះគន់​អង្គការ​នេះ​និង​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​កាត់​ផ្ដាច់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​ចំពោះ​អង្គការ​នេះ នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ។ នៅ​ក្នុង​សហរដ្ឋអាមេរិក​វិញ ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​ចំពោះ​ការ​ប្រព្រឹត្ត​ខុសឆ្គង​របស់​លោក​ប្រធានាធិបតី​បន្ដ​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត។

កាល​ពី​សប្ដាហ៍​មុន​នៅ​ឯ​ការ​ប្រមូល​ផ្ដុំ​សាធារណៈ​មួយ​ក្នុង​រដ្ឋ Florida លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​បន្ទុច​បង្អាប់​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង។ ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ត្រាំ និងប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy ដែល​លោក ត្រាំ ទំនង​ជាបាន​ស្នើ​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក Joe Biden ដែល​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​ជាមួយនឹង​លោក ត្រាំ។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា ទង្វើ​របស់​លោក ត្រាំ អាច​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង​ឬ​ជា​ការ​សូកប៉ាន់។ លោក​ប្រធានាធិបតី​និយាយ​ថា ការ​ស៊ើបអង្កេត​នេះ​មាន​លក្ខណៈ​នយោបាយ។

កសិណសាក្សី​សំខាន់ៗ​បាន​ផ្ដល់​សក្ខីកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ជា​សាធារណៈ​តាម​កញ្ចក់​ទូរទស្សន៍។

រដ្ឋបាល​លោក ត្រាំ បាន​ព្យាយាម​រារាំង​ដល់​ដំណើរការ​ស៊ើបអង្កេត​នេះ ដែល​ដឹកនាំ​ដោយ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។ ក្នុង​សប្ដាហ៍​នេះ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​អញ្ជើញ​មន្ត្រី​សេតវិមាន​ឲ្យ​ចូលរួម​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​នេះ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​ស្វាគមន៍​ចំពោះ​ឱកាស​នេះ ប៉ុន្តែ​មាន​ការ​មិន​ពេញ​ចិត្ត​ដែល​ពួកគេ​មិន​អាច​ហៅ​កសិណសាក្សី​របស់​ខ្លួន​ទាំងអស់​ឲ្យ​មក​ចូល​រួម​បាន៕