បណ្តាញ​ព័ត៌មាន​ចេញ​ផ្សាយ​វិចារណកថា​បរិហារ​«‍សង្រ្គាម​ដ៏​កខ្វក់‍»​របស់​លោក ត្រាំ ​លើ​សារព័ត៌មាន

ប្រធានាធិបតី Donald Trump ឡើង​យន្តហោះ Andrews Air Force ដើម្បី​​ធ្វើដំណើរ​ទៅកាន់​​ Charlotte បុរី​ញូវយ៉ក។

បណ្តាញ​សារព័ត៌មាន​ចំនួន​៣៥០ នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​បទ​វិចារណកថា​របស់​ខ្លួន កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ ដោយ​ការពារ​សេរីភាព​សារព័ត៌មាន និង​ច្រានចោល​ការ​វាយ​ប្រហារ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ លើ​សារព័ត៌មាន។

កាលពី​ខែ​សីហា​កន្លង​ទៅ នៅ​ឯ​សារមន្ទីរ​សារព័ត៌មាន​ Newseumប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ប្តេជ្ញា​ការពារ​សេរីភាព​សារព័ត៌មាន ភ្ញៀវ​ទស្សនា​សារមន្ទីរ​បាន​ឃើញ​ការ​តាំង​បង្ហាញ​ពី​ការ​បោះពុម្ព​ផ្សាយ​ជា​ទ្រង់ទ្រាយ​ធំ​របស់​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​ប្រធានាធិបតី​អាមេរិក​លើ​សារព័ត៌មាន​ប្រតិដ្ឋ។

សារព័ត៌មាន​ជាង​៣០០ បាន​ចូលរួម​ក្នុង​កិច្ច​ផ្តួចផ្តើម​របស់​សារព័ត៌មាន Boston Globe ដើម្បី​ចេញ​ផ្សាយ​បទ​វិចារណកថា​រួម​គ្នា​មួយ ដោយ​បរិហារ​ការ​ចោទ​ប្រកាន់​មួយ ដែល​សារព័ត៌មាន​នេះ​ បាន​ចាត់​ទុក​ថា «‍ការ​ធ្វើ​សង្គ្រាម​ដ៏​កខ្វក់​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន»។

លោកស្រី Lata Nott ប្រធាន​មជ្ឈមណ្ឌល​ស្តី​ពី​សេរីភាព​សារព័ត៌មាន​ លើក​ឡើង​ថា៖

«‍មូលហេតុ​ដែល​យើង​ចេញផ្សាយ​បទ​វិចារណកថា​ទាំង​នេះ​ គឺ​ដោយសារ​តែ​ការ​រិះគន់​លើ​សារព័ត៌មាន​កាន់​តែ​គ្មាន​ហេតុផល‍។ វា​បាន​កើត​ឡើង​ញឹកញយ​ពេក ដែល​យើង​ចាំបាច់​ត្រូវ​អប់រំ​សាធារណជន​អាមេរិក​អំពី​សារៈសំខាន់​នៃ​សេរីភាព​សារព័ត៌មាន»។

ការ​វាយ​ប្រហារ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ លើ​សារព័ត៌មាន បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ប្រចាំ​មួយ​របស់​លោក ដោយ​លោក​បាន​ចាត់​ទុក​សារព័ត៌មាន​ថា​ជា «‍សត្រូវ​ប្រជាជន»។

សង្កថា​របស់​លោក​ប្រធានាធិបតី​ជា​រឿយៗ បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​លើ​រូបលោក ដែល​បង្ហាញ​ថា លោក​មិន​ឲ្យ​តម្លៃ​លើ​តួនាទី​ឯករាជ្យ​របស់​សារព័ត៌មាន​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។ អ្នកស្រី Sarah Sanders អ្នក​នាំពាក្យ​សេតវិមាន ច្រាន​ចោល​ការ​រិះគន់​នេះ ហើយ​បន្ត​បន្ទោស​សារព័ត៌មាន។

អ្នកស្រី Sarah Sanders លើក​ឡើង​ថា៖

«‍បើ​យើង​ចង់​ដឹង​ថា​នរណា​ជា​អ្នក​បង្កើត​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ប្រទេស​នោះ ខ្ញុំ​គិត​ថា សារព័ត៌មាន​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា ច្រើន​ជាង​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​ធ្វើ​ទៅ​ទៀត»។

ជាញឹកញាប់ លោក​ប្រធានាធិបតី ត្រាំ ​ចាត់ទុក​ខ្លឹមសារ​ព័ត៌មាន​អវិជ្ជមាន ថា​ជា «‍ព័ត៌មាន​ប្រតិដ្ឋ»។

អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ទំនង​ជា​មាន​ទស្សនៈ​អវិជ្ជមាន​លើ​សារព័ត៌មាន។ ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​ស្ថាប័ន Ipsos ​ប្រចាំ​សហរដ្ឋ​អាមេរិក រក​ឃើញ​ថា អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ ៤នាក់​ក្នុង​ចំណោម​៥នាក់ យល់​ថា សារព័ត៌មាន​ធំៗ ធ្វើ​សេចក្តី​រាយការណ៍​ដោយ​មិន​ស្មើភាព​លើ​លោក​ប្រធានាធិបតី ត្រាំ។

ក៏ប៉ុន្តែ យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​ស្ថាប័ន Gallup ឥរិយាបទ​អវិជ្ជមាន​របស់​ពលរដ្ឋ​អាមេរិក​លើ​សារព័ត៌មាន មិន​ត្រូវបាន​បង្កើត​ឡើង​ដោយ​លោក​ ត្រាំ ទេ។

លោក Frank Newport និពន្ធ​នាយក​នៃ​ស្ថាប័ន​ស្ទង់​មតិ Gallup បាន​ឲ្យ​ដឹង​ថា៖

«‍បើ​យើង​ពិនិត្យ​មើល​តួលេខ​ទាំងស្រុង​វិញ យើង​ឃើញ​ថា មិន​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​លើ​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​អាមេរិក​មក​លើ​សារព័ត៌មាន​នោះ​ទេ។ សារព័ត៌មាន​ប្រហែល​ជា​ទទួល​បាន​ការ​គាំទ្រ​បន្តិច​វិញ ដោយសារ​តែ​បច្ចុប្បន្ន​នេះ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាប់ផ្តើម​ការពារ​សារព័ត៌មាន។ ប៉ុន្តែ ខ្ញុំ​ចង់​បញ្ជាក់​ថា យើង​ឃើញ​មាន​ឥរិយាបទ​អវិជ្ជមាន​ខ្លាំង​លើ​សារព័ត៌មាន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ តាំង​ពី​មុន​ពេល​លោក ដូណាល់ ត្រាំ បាន​សម្រេច​ចូលរួម​ប្រកួត​ជា​បេក្ខជន​ប្រធានាធិបតី​ទៅទៀត»។

ទោះជា​យ៉ាងណា​ក្តី សកម្មជន​មួយ​ចំនួន​នៅតែ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​នៃ​ការ​ចោទប្រកាន់​អំពី «‍ព័ត៌មាន​ប្រតិដ្ឋ» ដោយ​លោក ត្រាំ មក​លើ​ការ​យល់ឃើញ​របស់​សាធារណជន។

លោក Rob Weisman ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល Public Citizen បាន​លើក​ឡើង​ថា៖

«‍ផល​ប៉ះពាល់​ធំ​នោះ​ គឺ​ការ​បង្ក​ឲ្យ​មាន​ផល​វិបាក​ក្នុង​ការ​ពិភាក្សា​គោលនយោបាយ​នៅ​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ពលរដ្ឋ​ដែល​គាំទ្រ​លោក​ប្រធានាធិបតី ត្រាំ បាន​ទទួល​ស្គាល់​អ្វី​ដែល​លោក ត្រាំ បាន​លើក​ឡើង ទោះ​បី​ជា​អ្វី​ដែល​លោក​បាន​ថ្លែង​មួយ​ភាគធំ មិនមែន​ជា​ការណ៍​ពិត​ក៏​ដោយ។ ដូច្នេះ ពួកគេ​មិន​អាច​ចូលរួម​ការ​ពិភាក្សា​ដ៏​ពិត​ប្រាកដ​មួយ ជាមួយ​នឹង​សាធារណជន​ទូទៅ​ផ្សេង​ទៀត ដែល​មាន​ការ​យល់ឃើញ​ខុស​ពី​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី អំពី​ការណ៍​ពិត​ក្នុង​សង្គម»។

ការ​ប្រឆាំង​លើ​សារព័ត៌មាន​ ក៏​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​ផង​ដែរ។ យោងតាម​ការ​តាមដាន​អំពី​សេរីភាព​សារព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​នេះ អ្នក​សារព័ត៌មាន​ចំនួន​៣១នាក់ បាន​រង​ការ​វាយប្រហារ៕