នូវែលសេឡង់​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ចូលរួម​​ជាមួយ​បណ្តា​ប្រទេស​​ដែន​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​នូវែលសេឡង់ អ្នកស្រី Jacinda Ardern នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ប្រទេស​នូវែលសេឡង់​លោក​ស្រី Jacinda Ardern បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​ទាក់ទិន​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ជាមួយប្រទេស​ដែន​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៅពេល​ដែល​ចិន​ខិតខំ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។ ការជំរុញ​របស់​លោក​ស្រីត្រូវ​បាន​ធ្វើ​ឡើង​នៅពេល​ដែល​លោក​ស្រីបាន​ជួប​ជាមួយ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​នៅឯ​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក​ស្រី Ardern បាន​មាន​ប្រសាសន៍​ថា«យើង​នឹង​លើក​ទឹកចិត្ត​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​និង​ពង្រឹង​ការចូលរួម​នៅ​ក្នុង​តំបន់​របស់​យើង​ពិតប្រាកដ រួមទាំង​ការចូលរួម​ខាង​ផ្នែក​សេដ្ឋកិច្ច​ដែល​មាន​សារៈសំខាន់​ដល់​តំបន់​របស់​យើង​ផង​ដែរ»។

លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ឡើង​វិញ​ថា រដ្ឋបាល​របស់​លោក​បាន​ស្វះស្វែង​ធ្វើ​ដៃគូ​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់។ លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា «យើង​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ប្រទេសប្រជុំ​កោះ​ទាំងនោះ ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក»។

ជំនួប​រវាង​លោក Biden និង​លោកស្រី Ardern បាន​កើត​មាន​ឡើង​បន្ទាប់ពី​ការទាក់ទង​ជា​បន្ត​បន្ទាប់​ដែល​រដ្ឋបាល​របស់លោក Biden បាន​ធ្វើជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាលពី​ខែ​ឧសភា ​ជាមួយ​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន ដំណើរ​ទស្សនកិច្ច​របស់​លោក Biden កាលពី​សប្តាហ៍​មុន​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ដែល​ជា​សម្ពន្ធមិត្តរបស់​ខ្លួន​ហើយ​និង​ជំនួប​កំពូល​ក្នុង​ទីក្រុង​តូក្យូ​ជាមួយ​មេដឹកនាំ​ចតុភាគី Quad ដែល​រួមមាន​សហរដ្ឋ​អាមេរិក ជប៉ុន ឥណ្ឌា​និង​ប្រទេស​អូស្ត្រាលី។

ចាប់តាំង​ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចូល​កាន់​អំណាច​នៅ​ឆ្នាំ២០១៣មក រដ្ឋាភិ បាល​ក្រុង​ប៉េកាំង​បាន​បង្កើន​ការទាក់ទិន​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​មហា​សមុទ្រ​ប៉ាស៊ី ហ្វិក​ដោយ​ផ្តោតលើ​ការពង្រីក​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ និង​បង្កើន​វិស័យ​ការទូត​និង​សន្តិ សុខ។ បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឆ្នាំ២០១៨​បាន​ឱ្យ​ដឹង​ថា ចិន​ជា​អ្នក​ដើរតួ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់ ​ដោយ​នាំមុខ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​វិស័យ​ជា​ច្រើន​រួម​ទាំង​វិស័យពាណិជ្ជកម្ម ការវិនិយោគទុន ជំនួយ​អភិវឌ្ឍន៍​និង​វិស័យ​ទេសចរណ៍​ជាដើម។

លោក Patrick Cronin នាយក​ខាង​សន្តិសុខ​នៅ​វិទ្យាស្ថាន Hudson បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Biden កំពុង​លេងល្បែង«ដេញចាប់» ។

លោក Cronin បាន​ប្រាប់​វីអូអេ​ថា «យើង​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​លើ​ប្រទេស​អូស្ត្រាលី​ចំពោះ​ការអភិវឌ្ឍ​និង​ការទាក់ទិន​របស់​ពួកគេ​ជាមួយ​ប្រទេស​ទាំង​នោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក»។

កាលពី​ខែ​កុម្ភៈ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ហ្វ៊ីជី ​ហើយ​លោកជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លើកទី១ដែល​បានទៅ​ធ្វើ​ទស្សនកិច្ចនៅ​ក្នុង​ប្រទេស​នោះ​ក្នុង​រយៈពេល៣៦ឆ្នាំ និងបាន​សន្យាឱ្យ​មាន​សករាជ​ថ្មី​នៃ​ការផ្តោត​ការយកចិត្តទុកដាក់ និង​ការចូលរួម​នៅ​ក្នុង​តំបន់​នោះពី​សហរដ្ឋ​អាមេរិក៕