ប្រទេសថៃនិងនូវែលសេឡង់រាយការណ៍កាលពីថ្ងៃពុធថា ពួកគេពួកគេមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេ ខណៈដែលមន្ត្រីសុខាភិបាលបន្តព្រមានរដ្ឋាភិបាលនៅជុំវិញពិភពលោកពីការផ្ទុះរាតត្បាតជាថ្មីនៃជំងឺកូវីដ១៩ប្រសិនបើពួកគេប្រញាប់ប្រញាល់បន្ធូរបន្ថយវិធានការដាក់កំហិតក្នុងសង្គម។
អាជ្ញាធរនូវែលសេឡង់ថាខ្លួនមិនបានរកឃើញករណីឆ្លងថ្មីប្រចាំថ្ងៃអស់រយៈពេល២សប្តាហ៍មកហើយ ដែលជាជោគជ័យដ៏ល្អក្រោយពីបទបញ្ជាតឹងតែងហាមពលរដ្ឋមិនឲ្យចេញពីផ្ទះរយៈពេលមួយខែ។ នៅថ្ងៃព្រហស្បតិ៍នេះ នូវែលសេឡង់គ្រោងនឹងអនុញ្ញាតឲ្យហាងនិងភោជនីយដ្ឋានភាគច្រើនអាចបើកឡើងវិញបាន ដោយតម្រូវឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គម។
ចំណែកប្រទេសថៃវិញបានសម្រេចជោគជ័យនៃការមិនរកករណីឆ្លងថ្មីប្រចាំថ្ងៃជាលើកដំបូងចាប់តាំងពីដើមខែមីនាមក ប៉ុន្តែអាជ្ញាធរថៃទទូចឲ្យពលរដ្ឋបន្តពាក់ម៉ាស់ពេលពួកគេចេញទៅទីសាធារណៈ ហើយអាជ្ញាធរនឹងសម្រេចនៅថ្ងៃសុក្រថាតើគួរអនុញ្ញាតឲ្យកន្លែងផ្សេងទៀតដូចជាផ្សារទំនើបជាដើមអាចបើកឡើងវិញដែរឬទេ។
ប៉ុន្តែទោះបីជាប្រទេសជាច្រើន ជាពិសេសនៅទ្វីបអឺរ៉ុប ចង់អនុញ្ញាតឲ្យអាជីវកម្មនានាបើកទ្វារឡើងវិញក្តី ក៏មន្ត្រីសុខាភិបាលបានព្រមានថា ការប្រញាប់ប្រញាល់បើកសកម្មភាពសង្គមអាចនាំឲ្យមានការផ្ទុះរាលដាលជាថ្មីនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩។
អ្នកជំនាញនាំមុខខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកគឺលោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងប្រាប់គណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា លោកមានការបារម្ភថា ប្រសិនបើអាជ្ញាធររដ្ឋនានានៅអាមេរិករំលងដំណាក់កាលចាំបាច់ដូចជាមិនរង់ចាំឲ្យតួលេខឆ្លងថ្មីធ្លាក់ចុះឲ្យបានពីរសប្តាហ៍សិនមុននឹងឲ្យអាជីវកម្មបើកវិញ នោះអាចនឹងមានផ្ទុះរាតត្បាតថ្មី។
សហរដ្ឋអាមេរិកពេលនេះមានករណីឆ្លងកូវីដ១៩ច្រើនជាងគេក្នុងពិភពលោក ហើយនៅថ្ងៃពុធបានរាយការណ៍អំពីករណីឆ្លងថ្មី១០.០០០ករណី។
គិតមកត្រឹមថ្ងៃពុធ នៅទូទាំងពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណាប្រមាណ៤លាន៣សែននាក់ ហើយអ្នកស្លាប់សរុបពីជំងឺកូវីដ១៩ចំនួនជាង២៩២.០០០នាក់៕