ជនសង្ស័យវាយប្រហារវិហារឥស្លាមនៅនូវែលសេឡង់បង្ហាញខ្លួននៅតុលាការ

បុរសឈ្មោះ Brenton Tarrant ត្រូវបានចោទពីបទឃាតកម្មក្នុងការវាយប្រហារនៅវិហារឥស្លាម Christchurch ប្រទេសនូវ៉ែលសេឡង់ កាលពីថ្ងៃទី ១៦ មីនា ឆ្នាំ២០១៩។

បុរសម្នាក់ដែលជាជនសង្ស័យក្នុងអំពើបាញ់ប្រហារដ៏ធំនៅឯវិហារសាសនាឥស្លាមពីរកន្លែងក្នុងសង្កាត់ Christchurch នៃប្រទេសនូវែលសេឡង់ (New Zealand) ដែលបានសម្លាប់មនុស្ស៤៩នាក់ បានបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃសៅរ៍នេះ។

ប្រេនតុន ថារេន (Brenton Tarrant) អាយុ២៨ឆ្នាំ ជាជនជាតិអូស្ត្រាលី ហើយបានប្រកាសខ្លួនឯងថាជាអ្នកជាតិនិយមស្បែកស ត្រូវបាននាំខ្លួនចូលទៅក្នុងតុលាការក្នុងសង្កាត់ Christchurch ជាទីកន្លែងដែលចៅក្រមអានបទចោទបទអំពើមនុស្សឃាតទៅដល់បុរសនោះ។

បន្ទាប់ពីជនសង្ស័យបានចាកចេញពីតុលាការ ចៅក្រមនិយាយថា ខណៈពេលដែលបទចោទរឿងអំពើមនុស្សឃាតត្រូវចោទរួចហើយ ជារឿងសមហេតុផលណាស់ ដែលត្រូវសន្មត់ថានឹងមានបទចោទផ្សេងទៀត។

ជនសង្ស័យចំនួន២នាក់ផ្សេងទៀតដែលរួមគំនិតក៏ត្រូវបានចាប់ខ្លួនដែរ។ ប៉ូលិសកំពុងព្យាយាមកំណត់ថា តើពួកគេបានពាក់ព័ន្ធនឹងការវាយប្រហារទាំងនោះយ៉ាងណា។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) បានហៅការបាញ់ប្រហារដ៏ធំនោះថា ជាអំពើហិង្សាដ៏ពិសេសដែលមិននឹកស្មានដល់ ហើយសច្ចាថានឹងផ្លាស់ប្តូរច្បាប់កាំភ្លើង។ ខ្មាន់កាំភ្លើងនិងអ្នករួមគំនិត មិនស្ថិតនៅក្នុងបញ្ជីខ្មៅជាភេរវជននៅក្នុងប្រទេសនូវែលសេឡង់និងប្រទេសអូស្ត្រាលីទេ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសិន (Scott Morrison) បានហៅជនសង្ស័យថាជា ភេរវករប្រពឹត្តអំពើហិង្សាស្តាំនិយមដ៏ជ្រុលហួសហេតុ៕