ប្រទេស​នូវែល​សេឡង់​បញ្ជាក់​ពីការ​ឆ្លងថ្មីទី៣នៃវីរុសកូរ៉ូណា

ប្រជាជន​អង្គុយ​នៅ​ផ្នែក​ខាងក្រៅនៃភោជនីយដ្ឋា​ន​ ក្នុង​ទីក្រុង Christchurch ប្រទេស New Zealand កាលពី​ថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០។

ប្រទេស​នូវែលសេឡង់​នៅថ្ងៃ​ព្រហស្បតិ៍​នេះ បានរាយការណ៍​ពីករណី​ឆ្លងថ្មីទី៣នៃវីរុសកូរ៉ូណា នៅសប្តាហ៍នេះ​ ដែលបាន​បណ្តាល​ឲ្យរដ្ឋាភិបាល​បន្តច្បាប់​ដាក់​មនុស្សឲ្យ​នៅ​ដាច់ពីគ្នា​ដ៏តឹងរ៉ឹង​ស ម្រាប់​អ្នកចូល​ប្រទេស​នោះ​ បន្ទាប់ពី​ប្រទេសនេះ​ប្រកាស​ថា ​ការឆ្លង​វីរុស​នៅ​ក្នុង​ប្រទេស​លែង​មាន​ទៀត​ហើយ។

ករណី​ទាំង៣​នោះ កើតមានលើអ្នកដែល​បានធ្វើដំណើរ​តាមយន្តហោះ​ទៅ​កាន់​ប្រទេស​នូវែលសេឡង់​ មកពីប្រទេស​ផ្សេងៗ​ទៀត​ នៅក្នុង​ពិភពលោក។ អ្នកឆ្លងចុងក្រោយបំផុតគឺ​មកពី​ប្រទេស​ប៉ាគីស្ថាន។ បុរសនោះ​ត្រូវបាន​ដាក់ឲ្យ​នៅដាច់​ពីគេ។

​អាជ្ញាធរ កំពុងធ្វើការ​ដើម្បីតាមដាន​អ្នកដែល​អាចទាក់ទង​ជាមួយបុសនោះ ​និង​ស្រ្តី ២​នាក់ ដែល​បានជិះ​យន្តហោះ​ចេញពី​ចក្រភព​អង់គ្លេស​ ហើយបាន​ធ្វើតេស្ត​វិជ្ជមាន បន្ទាប់​ពីបានត្រូវ​អនុញ្ញាត​ឲ្យចាកចេញ​ពី​ការនៅដាច់​ពីគេ កាល​ពីដំបូង​ ដើម្បី​មើល​សាច់ញាតិ​មាន​ជំងឺ។

មានការព្រួយបារម្ភ​អំពី​ការកើនឡើង​នូវវីរុសកូរ៉ូណា​ នៅក្នុងផ្នែក​ផ្សេងៗ​ទៀតក្នុង​ពិភពលោក។

ឥណ្ឌា រាយការណ៍​ថា ​មានករណីថ្មី​ចំនួន​ចំនួន​ ១២,៨៨១​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដែលជា​ការកើនឡើង​យ៉ាងខ្ពស់​បំផុតក្នុង​រយៈពេល​មួយថ្ងៃ​ ដែលខ្លួន​បានឃើញ​ក្នុងអំឡុង​នៃការ​រាតត្បាត​នេះ។ ឥណ្ឌា​ឥឡូវនេះ មានករណីឆ្លងវីរុសកូរ៉ូណា​ប្រហែល​ ៣៦៧,០០០ នាក់ បន្ទាប់ពីសហរដ្ឋ​អាមេរិក ប្រេស៊ីល ​និង​ប្រទេស​រុស្ស៊ី។

រដ្ឋជាង ​១០ទៀត​ នៅក្នុង​សហរដ្ឋអាមេរិក បាន​រាយការណ៍​ពីករណីឆ្លងថ្មី​នៃវីរុស​កូរ៉ូណាក្នុងអត្រា​ខ្ពស់​បំផុត​ ក្នុង​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ប្រទេស​បន្តធ្លាក់​ចុះ។

នៅរដ្ឋ​អូក្លាហូម៉ា ជាទីកន្លែង​ដែល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ មាន​គម្រោង​ធ្វើជំនួប​នយោបាយ​នៅថ្ងៃសៅរ៍​នេះ ​ក្នុង​ទីក្រុង Tulsa បានរាយការណ៍​កាល​ពីថ្ងៃ​ពុធថា មាន​ការឆ្លង ​២៥៩ ​ករណី​ ក្នុងអំឡុង​ ២៤ម៉ោងមុន៕