ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO៖ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កំពុង​កើន​ឡើង​នៅ​ទ្វីប​អាហ្វ្រិក


បុរស​ម្នាក់​ហា​មាត់​ឱ្យ​បុគ្គលិក​សុខាភិបាល​ប្រមូល​យក​សំណាក​ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​នៅ​ក្នុង​យុទ្ធនាការ​ដែល​មាន​បំណង​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង Diepsloot ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

ប្រទេស ១០ ក្នុង​ចំណោម​ប្រទេស​ទាំង ៥៤ នៃ​ទ្វីប​អាហ្វ្រិក មាន​ការ​ឆ្លង​មេរោគ​នេះ​កើន​ឡើង​ខ្លាំង ដែល​មាន​ចំនួន​ប្រមាណ ៧៥% នៃ​ករណី​សរុប។ ប្រទេស​ចំនួន ៥ មាន​ករណី​ស្លាប់​ចំនួន ៧១% នៃ​ករណី​ស្លាប់​សរុប»។

អង្គការ​សុខភាព​ពិភពលោក WHO បាន​រាយការណ៍​ថា ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​បាន​រាល​ដាល​ពី​ទីក្រុង​ធំៗ​នៃ​ទ្វីប​មួយ​នេះ ទៅ​កាន់​ទីជនបទ ដែល​ជា​កន្លែង​ដែល​មាន​ការ​ពិបាក​ជាង​មុន​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​នៃ​ជំងឺ​នេះ។ គិត​ត្រឹម​ថ្ងៃ​ទី ១៤ ខែ​មិថុនា នៅ​ទូទាំង​សកល​លោក​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា ជាង ៧ លាន ៧ សែន​ករណី ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ជាង ៤ សែន ៣ ម៉ឺន​នាក់។

របាយការណ៍​ថ្មី​ចុង​ក្រោយ​បំផុត​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី ១០ ខែ​មិថុនា បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុងទ្វីប​អាហ្វ្រិក​មាន​ចំនួន​ជាង ២ សែន​នាក់ ដែល​ក្នុង​នោះ​មាន​ករណី​ស្លាប់​ចំនួន ៥ ពាន់​នាក់។

អ្នកស្រី Matshidiso Moeti នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អាហ្វ្រិក បាន​កត់សម្គាល់​ថា មួយ​សែន​ករណី​ដំបូង​ចំណាយ​ពេល ៩៨ ថ្ងៃ ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់ ២ សែន​ករណី ត្រឹម​តែ ១៩ ថ្ងៃ​ប៉ុណ្ណោះ។

អ្នកស្រី Moeti និយាយ​ថា៖ «ទោះបីជា​ករណី​ឆ្លង​ទាំង​អស់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​មាន​ចំនួន​តិច​ជាង ៣% នៃ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ គឺ​វា​ច្បាស់​ណាស់​ថា ការ​ឆ្លង​រោគ​រាត​ត្បាត​នេះ​កំពុង​កើន​ឡើង»។

ប្រទេស ១០ ក្នុង​ចំណោម​ប្រទេស​ទាំង ៥៤ នៃ​ទ្វីប​អាហ្វ្រិក មាន​ការ​ឆ្លង​មេរោគ​នេះ​កើន​ឡើង​ខ្លាំង ដែល​មាន​ចំនួន​ប្រមាណ ៧៥% នៃ​ករណី​សរុប។ ប្រទេស​ចំនួន ៥ មាន​ករណី​ស្លាប់​ចំនួន ៧១% នៃ​ករណី​ស្លាប់​សរុប»។

ប្រទេស​អាហ្វ្រិក​ខាងត្បូង​មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើន​ជាង​គេ​បំផុត។ ទិន្នន័យ​បង្ហាញ​ថា ភាគ​ច្រើន​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក គឺ​មាន​និន្នាការ​ស្រដៀង​ទៅ​នឹង​ទំនោរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ដែរ។ អ្នក​ដែល​ស្លាប់​ភាគ​ច្រើន​គឺ​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ដូចជា ជំងឺទឹកនោម​ផ្អែម លើស​ឈាម និង​ធាត់​ជ្រុល​ជា​ដើម។

រោគ​រាត​ត្បាត​នេះ​បាន​ឆ្លង​រាល​ដាល​ដល់​ទ្វីប​អាហ្វ្រិក​កាល​ពី​ខែ​កុម្ភៈ គឺ​ក្រោយ​តំបន់​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក។

អ្នកស្រី Moeti បាន​និយាយ​ថា ករណី​នេះ​បាន​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​ដល់​ប្រទេស​នានា [នៅ​ក្នុង​ទ្វីប​អាហ្វ្រិក] នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​ទប់ទល់​នឹង​វិបត្តិ​នេះ។ អ្នកស្រី​បាន​លើក​ឡើង​ថា បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​កាច​សាហាវ​នានា​ដូចជា​ជំងឺ​អេបូឡា និង​ជំងឺអេដស៍​ជា​ដើម បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​បង្កើន​ប្រតិបត្តិការ​ផ្នែក​សុខាភិបាល​បាន​យ៉ាង​ឆាប់​រហ័ស។

អ្នកស្រី​និយាយ​ថា បម្រាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ប្រសិន​បើ​មិន​ចាំបាច់ និង​វិធានការ​សង្គម​ផ្សេង​ទៀត ដូចជា​ការ​រក្សា​គម្លាត​ពី​គ្នា​ជា​ដើម ត្រូវ​បាន​អនុវត្ត​យ៉ាង​ឆាប់​រហ័ស។ អ្នកស្រី​បន្ថែម​ថា វិធានការ​ផ្នែក​សុខភាព​សាធារណៈ​ទាំង​នេះ មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​រាល​ដាល​នៃជំងឺ​កូវីដ១៩ ក្នុង​ទ្វីប​អាហ្វ្រិក។

អ្នកស្រី Moeti បញ្ជាក់​ដូច្នេះ​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បទ​បញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ និង​ការ​បិទ​ផ្សារ និង​អាជីវកម្ម​នានា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច ជាពិសេស​ប៉ះពាល់​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត និង​ដែល​គេ​មិន​សូវ​ឲ្យ​តម្លៃ ហើយ​យើង​ដឹង​ថា ពលរដ្ឋ​អាហ្វ្រិក​ជា​ច្រើន​ធ្វើ​ការ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ដូច្នេះ​តម្រូវការ​នៃ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​សង្គ្រោះ​ជីវិត និង​ការ​ការពារ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ គឺ​ជា​ការ​ពិចារណា​ដ៏​សំខាន់​នៅ​ក្នុង​ការ​ឆ្លើយតប​នេះ ជា​ពិសេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក»។

ទ្វីប​អាហ្វ្រិក​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន។ អ្នកស្រី Moeti និយាយ​ថា បញ្ហា​ប្រឈម​ធំ​បំផុត​នោះ​គឺ​កង្វះ​ឧបករណ៍​ធ្វើ​តេស្ត និង​សម្ភារៈ​ផ្គត់ផ្គង់​ផ្សេង​ទៀត។

អ្នកស្រី​បាន​កត់​សម្គាល់​ថា សេវា​ផ្នែក​សុខាភិបាល​សំខាន់​ជាច្រើន​ត្រូវ​បាន​គេ​មើល​រំលង ដោយសារ​តែ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិបត្តិ​រោគ​រាត​ត្បាត​នេះ។ អ្នក​ស្រី​លើក​ឧទាហរណ៍​ថា យុទ្ធនាការ​ផ្ដល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ដែល​អាច​ការពារ​បាន និង​ការ​ផ្ដល់​ថ្នាំ​បង្ការ​ការ​ពារ​ជំងឺ​កាច​សាហាវ​ជាទូទៅ​ត្រូវ​បាន​កាត់​បន្ថយ។

អ្នកស្រី​រំពឹង​ថា ពលរដ្ឋ​អាហ្វ្រិក​នឹង​ត្រូវ​សម្រប​ទៅ​តាម​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ជំងឺ​កូវីដ១៩ រហូត​ទាល់​តែ​មាន​វ៉ាក់សាំង​ការពារ​ដែល​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជាក់​ថា ជំងឺ​នេះ​ប្រហែល​ជា​អាច​គ្រប់​គ្រង​បាន ប្រសិនបើ​ទ្វីប​អាហ្វ្រិក​ទទួល​បាន​ឧបករណ៍ និង​ជំនួយ​អន្តរជាតិ​ផ្សេង​ទៀត​ដែល​ត្រូវការ​ចាំបាច់ ដូច្នេះ​ប្រព័ន្ធ​សុខាភិបាល​នឹង​មិន​អាច​ហួស​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​ការ​ទទួល​ព្យាបាល​អ្នក​ជំងឺ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ សឿន​ វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG