ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ចេញផ្សាយ​សៀវភៅ​ស​ដ៏​វែង​រៀបរាប់​ពី​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ១៩


លោក Xu Lin អនុប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​នៃ​គណបក្ស​កុម្មុយនិស្ត​បង្ហាញ​ច្បាប់​ចម្លង​នៃ​សៀវភៅ​ស​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​ចិន​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ចេញផ្សាយ​នូវ​សៀវភៅ​ស​ដ៏​វែង​ ស្តី​ពី​កាលប្បវត្តិ ឬ​ដំណើរ​នៃ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ជោគជ័យ​ដ៏​លំបាក​ពី​ការ​ប្រយុទ្ធប្រឆាំង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ ក្នុង​រយៈពេល​៥ខែ​កន្លង​ទៅ។

នៅ​ក្នុង​ឯកសារ​ដែល​មាន​តួ​អក្សរ​ចំនួន​៣៧.០០០​ពាក្យ ​(តួ​អក្សរ​ចិន) ​នេះ ប្រទេស​ចិន​បាន​និយាយ​តិច​តួច​អំពី​ការ​ឆ្លើយតប​ពី​ដំបូង​របស់​ខ្លួន​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា។​ បើ​តាម​អ្នក​វិភាគ​មួយ​ចំនួន​ មាន​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ទី​ក្រុង Wuhan ​ដែល​ជា​កន្លែង​ដំបូង​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​ចាប់​ផ្តើម​នោះ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ទៅ​នឹង​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់វេជ្ជបណ្ឌិត​ចិន​ដែល​ជា​អ្នក​ប្រកាស​ឱ្យ​ដឹង​ពី​ជំងឺ​នេះ​កាលពី​ដំបូង។ ប្រទេស​ចិន​បាន​អះអាង​នៅ​ក្នុង​ឯកសារ​នេះ​ថា​ មេរោគ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​ពី​ដំបូង​ក្នុង​ទីក្រុង Wuhan នៅ​ក្នុង​ខែធ្នូ។

អ្នក​វិភាគ​បន្ថែម​ទៀត​ថា ឯកសារ​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ជា​ឧបករណ៍​សម្រាប់​ការ​សរសេរ​រឿងរ៉ាវ​បកស្រាយ​ជា​ផ្លូវការ​របស់​ប្រទេស​ចិន​នោះ​ទេ​ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នៃ​ការ​ឃោសនា​ជា​សាកល ដើម្បី​បង្វែរ​ការ​ស្តីបន្ទោស ដែល​នេះ​នឹង​មិន​អាច​ឱ្យ​សហគមន៍​អន្តរជាតិ​មាន​ការ​ជឿជាក់​នោះ​ទេ។

សៀវភៅ​ស​ដ៏​វែង

អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កោះ​តៃវ៉ាន់ លោក Twu Shiing-jer បាន​ថ្លែង​ប្រាប់​ VOA ក្នុង​សម្តី​ដើម​ថា «ប្រទេស​ចិន​បាន​ព្យាយាម​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​បាន​បដិសេធ​ជា​ញឹកញាប់​ចំពោះ​ការ​លាក់​បំបាំង​ការ​ពិត។ចំពោះ​តួលេខ​របស់​ចិន​នៅ​ក្នុង​សៀវភៅ​ស​នេះ​ អ្នក​អាច​ដឹង​ថា ប្រទេស​ចិន​នៅ​តែ​ព្យាយាម​លាក់​បំបាំង​ការ​ពិត»។

លោក Twu បាន​ឱ្យ​ដឹង​ទៀត​ថា ឯកសារ​នេះ​មិន​បាន​បង្ហាញ​ថា​តើ​ចិន​បាន​ចាត់ចែង​ដោះស្រាយ​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ដោយ​របៀប​ណា​នោះ​ទេ ​មុន​ថ្ងៃទី២៧​ ខែ​ធ្នូ ឆ្នាំ២០១៩ ដែល​មាន​រយៈជិត​១ខែ​កន្លះ បន្ទាប់ពី​តួលេខ​របស់​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ថា ករណី​ទីមួយ​នៃ​ជំងឺ​កូរ៉ូណា​ក្នុង​ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ពិត​នោះ អាច​កើត​មាន​ឡើង​តាំងពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​មក​ម៉្លេះ។

ការ​រាតត្បាត​ជា​សាកល ដែល​បាន​សម្លាប់​មនុស្ស​ជាង​៤សែន​នាក់​នេះ​អាច​ត្រូវ​បាន​ជៀសវាង​ប្រសិន​បើ​ប្រទេស​ចិន​បាន​ប្រាប់​ទៅ​អង្គការ​សុខភាព​ពិភពលោក​មួយ​ខែ​មុន​ ពោល​គឺ​ដើម​ខែធ្នូ ឆ្នាំ២០១៩ នេះ​បើ​យោង​តាម​អតីត​រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាល​កោះ​តៃវ៉ាន់​លោក Twu Shiing-jer។​

ការ​បដិសេធ​របស់​ចិន​ក្នុង​ការ​បង្ហាញ​នូវ​កំហុស​របស់​ខ្លួន ជា​ពិសេស​ការ​ធ្វើ​ឱ្យ​គេ​យល់​ខុសដោយ​សារ​ការ​បិទបាំង​របស់​ខ្លួន​កាលពី​ដំបូង​ទី​នោះ​នឹង​មិន​ជួយ​ដល់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ក្នុង និង​ក្រៅ​ប្រទេស​ចិន ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ណា​មួយ​ក្នុង​ការ​ទប់ស្កាត់​នូវ​ជំងឺ​ថ្មីៗ​ទៀត នេះ​បើ​យោង​តាម​សម្តី​របស់​លោក Twu ។​ លោក​បន្ថែម​ទៀត​ថា ការ​កុហក​របស់​ចិន​មាន​លេច​ចេញកាន់​តែ​ច្រើន​នៅ​ក្នុង​ឯកសារ។

ការ​កុហក​ច្រើន​ថែម​ទៀត?

នៅ​ក្នុង​ជំពូកទី១​នៃ​សៀវភៅ​ស​នោះ​មាន​ចំណងជើង​ថា «ការ​ប្រយុទ្ធប្រឆាំង​របស់​ចិន​ចំពោះ​ជំងឺ​រាតត្បាត៖ ការ​សាកល្បង​នឹង​ភ្លើង» ប្រទេស​ចិន​បាន​និយាយ​ថា​ខ្លួន​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ ក្នុង​ទីក្រុង Wuhan ​ពាក់​ម៉ាស​ការពារ និង​បាន​ប្រកាស​ជា​សាធារណៈ​ពី​ជំងឺ​រាតត្បាត​នេះ នៅ​ថ្ងៃទី៣១ ខែ​ធ្នូ ហើយ​បើ​ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ចិន​បាន​រង់ចាំ​រហូត​ដល់​ថ្ងៃទី២០​ ខែ​មករា ​មុន​នឹង​បញ្ជាក់​ថា​វីរុស​កូរ៉ូណា​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ចិន​ចំនួន​២រូប​ ដែល​ជា​អ្នក​ប្រកាស​ឱ្យ​ដឹង​ពី​មេរោគ​នេះ​កាលពី​ដំបូង​ គឺ​លោកស្រី​វេជ្ជបណ្ឌិត Ai Fen និង​លោក​វេជ្ជបណ្ឌិត Li Wenliang នៃ​មន្ទីរពេទ្យ​កណ្តាល​ក្នុង​ទីក្រុង Wuhan មាន​លក្ខណៈ​ផ្ទុយ​គ្នា​ចំពោះ​អ្វី​ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​នៅ​ក្នុង​សៀវភៅ​ស​នេះ។

នេះ​ជា​រូបថត​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​រករឿង​ចំពោះ​ការ​ប្រកាស​ប្រាប់​ពី​ដំបូង​អំពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា។ លោក​បាន​ស្លាប់​កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។
នេះ​ជា​រូបថត​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​រករឿង​ចំពោះ​ការ​ប្រកាស​ប្រាប់​ពី​ដំបូង​អំពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា។ លោក​បាន​ស្លាប់​កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោកស្រី​វេជ្ជបណ្ឌិត Ai បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ក្នុង​ពេល​មួយ​នោះ​ថា ​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​បាន​ប្រាប់​លោក​ស្រី​មិន​ឱ្យ​និយាយ​រឿង​នេះ ហើយ​សហការី​របស់​លោកស្រី​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពាក់​ម៉ាស ​ឬ​សម្លៀកបំពាក់​ការពារ​ជំងឺ​នោះ​ទេ រហូត​ដល់​ចុង​ខែ​មករា។

ប៉ូលិស​ក្នុង​ទីក្រុង Wuhan ក៏​បាន​ព្រមាន​ដល់​លោក​វេជ្ជបណ្ឌិត Li និង​សហការី​របស់​គាត់​ចំនួន​៧នាក់​ផ្សេង​ទៀត​ពី​បទ​ចែក​ផ្សាយ​នូវ​ពាក្យ​ចចាមអារ៉ាម​នៅ​ថ្ងៃទី៣​ ខែមករា បន្ទាប់​ពី​ពួកគេ​បាន​ប្រកាស​ពី​សញ្ញា​អាសន្ន​នៃ​វីរុស​នេះ។ លោក​វេជ្ជបណ្ឌិត Li បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ នៅ​ថ្ងៃទី៧​ ខែកុម្ភៈ ដោយ​បន្សល់​ទុក​នូវ​ពាក្យ​សម្តី​ចុងក្រោយ​របស់​លោក​ថា «វា​គួរ​តែ​មាន​សំឡេង​លើស​ពី​មួយ​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​សុខភាព​ល្អ​ប្រសើរ​នោះ»។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​ស​នេះ លោក Xu Lin រដ្ឋមន្រ្តី​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន​បាន​បដិសេធ​ពី​ការ​លាក់បាំង​នានា ដោយ​បញ្ជាក់​ថា «ការ​ចោទប្រកាន់​ទាំង​នេះ គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ គ្មាន​ហេតុផល និង​បង្ហាញនូវ​ភាព​មិន​គោរព​ចំពោះ​វិទ្យាសាស្រ្ត។​ ​

អត្រា​ខ្ពស់​នៃ​ការ​ព្យាបាល​ជា​សះស្បើយ​

ចំណុច​សំខាន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​របាយការណ៍​នោះ រួម​មាន​ប្រទេស​ចិន​លើក​ឡើង​ពី​អំនួត​របស់​ខ្លួន​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ដែល​មាន​ចំនួន​៩៤,៣% នៅ​ពេល​ដែល​អ្នក​ស្លាប់​មាន​ចំនូន​៤.៦៤៣នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ប្រមាណ ៨៣.០១៧នាក់ គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ២០២០​នេះ។

ប្រទេស​ចិន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា គ្រប់​អ្នក​ជំងឺ​ទាំងអស់​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ ដែល​រដ្ឋាភិបាល​ចិន​បាន​ចេញ​លុយ​ប្រមាណ​១៩០លាន​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ជំងឺ​ដែល​បាន​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជិត​៥៩.០០០នាក់ នៅ​ពេល​ដែល​ថ្នាំ​បុរាណ​ចិន​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៩២%។

ប្រទេស​ចិន​ក៏​បាន​លើក​ពី​គុណសម្បតិ្ត​របស់​ខ្លួន​ផង​ដែរ ក្នុង​ការ​ផ្តល់​ក្រុម​គ្រូពេទ្យ​ជំនាញ​ចំនួន​២៩ក្រុម​ទៅ​កាន់​ប្រទេសចំនួន​២៧ និង​ការ​ជួយ​ដល់​ប្រទេស​ចំនួន១៥០ និង​អង្គការ​អន្តរជាតិ​ចំនួន​៤។

ពលរដ្ឋ​ចិន​មួយ​ចំនួន​ដែល​និយម​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​អបអរសាទរ​ចំពោះ​ការ​លើក​ឡើង​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​សៀវភៅ​ស​នេះ។

មនោសញ្ចេតនា​ជាតិ​និយម

នៅ​លើ​បណ្តាញ​សង្គម​ចិន​ឈ្មោះ Weibo ដែល​មាន​ភាព​ស្រដៀង​គ្នា​នឹង​បណ្តាញ​សង្គម Twitter ដែរ​នោះ សារ​បញ្ចេញ​យោបល់ ​ឬ comment បែប​ជាតិ​និយម​ជាច្រើន​ ដូចជា «ខ្ញុំ​ស្រលាញ់​ប្រទេស​ចិន។​ ចិន​ជា​ប្រទេស​ដ៏​អស្ចារ្យ​ដោយ​មាន​ប្រជាជន​ដ៏​អស្ចារ្យ​របស់​ខ្លួន» ឬ «ប្រទេស​ចិន​គិត​គូរ​ពី​ជិវិត​ពលរដ្ឋ​របស់​ខ្លួន​លើស​អ្វីៗ​ទាំង​អស់។ មូលធន​និយម​អាមេរិក​ ចាត់​ទុក​សំឡេង​ឆ្នោត​សំខាន់​ជាង​រឿង​អ្វីៗ​ផ្សេងៗ​ទៀត​ទាំង​អស់» ជា​ដើម​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ Weibo របស់​ចិន ។

ប៉ុន្តែ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ Weibo ខ្លះ​ក៏​បាន​ធ្វើ​ការ​រិះគន់​ផង​ដែរ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​បាន​សួរ​ថា «តើ​យើង​បាន​ភ្លេច​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ក្រុង Wuhan ​ក្នុង​ដំណាក់កាល​ដំបូងៗ​ហើយ​ ឬ​យ៉ាង​ណា? តើ​នេះ​វា​ជា​ការ​លឿន​ពេក​ទេ​ដឹង​ក្នុង​ការ​ទទួល​យក​នូវ​គុណសម្បត្តិ​ (ឬ​ការ​សរសើរ​ខ្លួន​ឯង) ទាំង​នេះ?»។​ អ្នក​ផ្សេង​ម្នាក់​ទៀត​បាន​លើក​ឡើង​យ៉ាង​ដូច​នេះ​ថា «តើ​អ្នក​គិត​ថា ពិភពលោក​នឹង​ជឿ​ជាក់​មន្រ្តី​របស់​ចិន នៅ​ពេល​ដែល​គេ​និយាយ​ថា មិន​មាន​ការ​លាក់បាំង​អ្វី​នោះ​ ហើយ​ពន្យារពេល​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​នេះ?»។

លោក Ross Feingold អ្នក​វិភាគ​នយោបាយ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​តៃប៉ិ​បាន​ឱ្យ​ដឹងថា ឯកសារ​នេះ​គ្រាន់​តែ​ជា​ឯកសារ​កំណត់ហេតុ​របស់​ចិន​ប៉ុណ្ណោះ ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩ និង​ជា​ឯកសារ​សម្រាប់​អ្នក​នយោបាយ អ្នក​ការ​ទូត និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​របស់​ចិន សម្រាប់​ប្រើប្រាស់​ជា​មូលដ្ឋាន​នៅ​ពេល​គេ​និយាយ​ការពារ​ដល់​ប្រទេស​ចិន។ ​

លោក​ថា ឯកសារ​សៀវភៅ​ស​នេះ​មាន​ការ​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ទៅ​លើ​ទស្សនៈ​យល់​ឃើញ​របស់​ពិភពលោក​ចំពោះ​ប្រទេស​ចិន។

លោក Ross Feingold បន្ថែម​ក្នុង​សម្តី​ដើម​ថា៖ «សារ​ប្រភេទ​នេះ​របស់​ចិន​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នូវ​មាគ៌ា​នយោបាយ​ជា​សាធារណៈ​ក្នុង​សហរដ្ឋអាមេរិក​ទេ បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នូវ​មតិ​ស្រប​គ្នាទាំង​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សារធារណ​រដ្ឋ ឬ​ក្នុង​មជ្ឈដ្ឋាន​វិស័យ​នានា ឬ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​អំពី​ថាតើ​ត្រូវ​ប្រកាន់​យកជំហរ​ដោយ​របៀប​ណា​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​នោះ»៕

ប្រែសម្រួលដោយលោក​ ជ្រា វណ្ណារិទ្ធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG