អង្គរ​សង្ក្រាន្ត​មាន​មនុស្ស​ជាង​មួយ​លាន​នាក់​ចូល​រួម

  • នៅ វណ្ណារិន

គោម​​ដែល​ត្រូវ​បាន​គេ​បណ្តែត​នៅ​ក្បែរ​ប្រាសាទ​អង្គរវត្ត ក្នុង​រាត្រី​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំមមែ។

តាម​ការ​បញ្ជាក់​ពីមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​អ្នក​រៀបចំ​ចាត់​ចែងកាល​ពី​ថ្ងៃអង្គារ​នេះ​ឱ្យ​ដឹង​ថា​ ការ​ប្រារព្ធ​ពិធី​បុណ្យ​មហា​សង្ក្រាន្ត​រយៈ​ពេល​បី​ថ្ងៃ​នៅ​ទី​ក្រុង​អង្គរ​សប្ដាហ៍​មុន​ធ្វើ​ឲ្យ​មាន​ការ​ចំណេញ​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ហោច​ណាស់​ ៥០​លាន​ ដុល្លារ​អាមេរិក។​

ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ដែល​រៀប​ចំឡើង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ថ្ងៃ​ទី​១៤​ ១៥​ និង​១៦​ ខែ​មេសា​ នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ជាង​១លាន​នាក់។​ នេះ​បើ​តាម​ការ​អះអាង​របស់​អភិបាល​ខេត្ត​សៀមរាប​ លោក​ ឃឹម ប៊ុនសុង។​

លោក​បាន​បន្ថែម​ទៀត​ថា​បើ​គិត​ជា​ការ​ចំណាយ​ជា​មធ្យម​ ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ម្នាក់​អាច​យ៉ាង​ហោច​ណាស់​ ៥០​ដុល្លារ​ អាមេរិក ​ក្នុង​រយៈ​ពេល​សង្ក្រាន្ត​បី​ថ្ងៃ​ ​ដែល​ធ្វើ​ឲ្យ​មានចំណូល​ប្រមាណ៥០​លាន​ដុល្លារ​ក្នុង​ពេល​តែ​បី​ថ្ងៃ​នោះ។​ ហើយ​ចំនួន​នេះ​មិន​រាប់​បញ្ចូល​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរ​ជាតិ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ​និង​ចូលរួម​អង្គរ​សង្ក្រាន្ត​ ប្រ​ហែល​ជាង​២ម៉ឺន​នាក់​ផ្សេង​ទៀត។​

«ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​មនុស្ស​ចូលរួម​ក្នុង​សៀមរាប​នេះ​ប្រមាណ​១លាន​នាក់។ យើង​គិត​តែ​មធ្យម​ភាគ​ប្រមាណ​៥០​ដុល្លារ​ក្នុង​ម្នាក់​ វា​អាច​បាន​ប្រហែល​ជា​៥០លាន​ដុល្លារ​ដែរ។​ ចំណូល​ហ្នឹង​គឺ​វា​គ្រប់​មុខ​ទាំងអស់​ ទាំង​ការ​ស្នាក់​នៅ​ហូបចុក​អី​គ្រប់​មុខ»។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ សោម រតនា​ អ្នក​នាំ​ពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែលដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​នេះ​បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថាភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​សង្ក្រាន្ត​ឆ្នាំ​នេះ​កើន​ឡើង​ជា​គំហុក​ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​២០១៤​ ដែល​មាន​ត្រឹមតែ​ ​៣៨​ម៉ឺន​នាក់​ប៉ុណ្ណោះ។​ លោក​បាន​បន្ត​ថា​ការ​កើន​ឡើង​នេះ​ដោយ​សារ​តែ​មាន​ការ​ផ្សព្វផ្សាយ​មុន​ព្រឹត្តិការណ៍​និង​ការរៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន។

«ចំនួន​អ្នកចូលរួម​ទស្សនា​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នា​ឆ្នាំ​នេះ​គឺ​មាន​ការ​កើន​ឡើង​ច្រើន​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​ទៅ។​ ព្រឹត្តិការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​សុទ្ធ​តែ​ជា​ព្រឹត្តិការណ៍​ពិសេសៗ​ ដូចជា​ការ​ដាក់​នំអន្សម​ចូល​ក្នុង​កំណត់​ត្រា​ពិភព​លោក​ ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​ចូល​កំណត់​ត្រា​ហ្គីណេស Guinness»​។​

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន​ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនៅ​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា ឆ្នាំ២០១៥។​

លោក​បាន​បន្ថែម​ថា ​វត្តមាន​របស់​ប្រមុខ​ដឹក​នាំ​គណបក្ស​ធំ​ទាំងពីរ​គឺ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ លោក​ សម រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​នោះ​ ក៏​ជា​ហេតុ​ ញ៉ាំង​ឲ្យ​មាន​ភ្ញៀវ​ទេសចរណ៍ចូលរួម​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​ច្រើន​ផង​ដែរ។​

លោក​ ហូ វណ្ណឌី​ សហ​ប្រធាន​ ក្រុម​ការងារ​វិស័យ​ទេសចរណ៍និង​ឯក​ជន​ ជា​មួយ​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា​ការ​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​នេះ​គឺ​ផ្តល់​ផល​ចំណេញ​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​ព្រោះ​វា​ធ្វើឲ្យ​មាន​ការ​ចាយ​វាយ​ច្រើន​ ដែល​ញ៉ាំង​ឲ្យ​មាន​ដំណើរការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​ ទៅ​លើ​អ្វី​ដែល​ធ្លាប់​មាន​រួច​ហើយ។​ ជា​ពិសេស​ទៀត​នោះ​ប្រាក់​ចំណូល​ជាង​៥០​លាន​ដុល្លារ​នោះ​គឺ​បាន​ទៅ​ប្រ​ជា​ពល​រដ្ឋ​ដែល​ប្រកប​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ពេល​នោះ។

«អ្នក​ដែល​បាន​ច្រើន​ជាង​គេ​គឺ​បី​ទេ​ គឺ​កន្លែង​ដែល​ទទួល​ផ្គត់ផ្គង់​ស្នាក់​នៅ​ មាន​សណ្ឋាគារ​ផ្ទះ​សំណាក់​ ទី២​គឺ​អ្នក​ដឹក​ជញ្ជូន​ ទីបី​គឺ​ភោជនីយដ្ឋាន​នេះ​ឯង។ ចំពោះ​អ្នក​ដែល​ទទួល​បាន​បន្ទាប់​បន្សំ​នោះ​វិញ​គឺ​ជា​អ្នក​លក់​នំនែក​ កំប៉ិក​កំប៉ុក​ ឬ​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍»។​

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ ហូ វណ្ណឌី ​បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ពិធី​បុណ្យ​បែប​អង្គរ​សង្ក្រាន្ត​នេះ​ឲ្យ​បាន​ច្រើន​ទៀត​នៅ​ពេល​បុណ្យ​ជាតិ​នានា​ ដើម្បី​ឲ្យ​មាន​ការ​ចរាចរណ៍​សាច់ប្រាក់​និង​ការ​ចំណេញ​សេដ្ឋកិច្ច។

​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទីបី​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នៅ​ខេត្ត​សៀម​រាប។​ ក្នុង​នោះ​មាន​ ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ការ​រាំ​របាំ​ ប្រគុំ​តន្ត្រី​ ការ​ដាក់​បង្ហាញ​ផលិតផល​ខ្មែរ​ និង​ពិធី​បណ្ដែត​គោម​ពេល​រាត្រី​ផង​ដែរ៕