សប្តាហ៍ថ្មី​នៃ​ការ​តវ៉ា​ប្រឆាំង​ថ្មី​នៅ​ក្នុង​ទីក្រុង​ហុងកុង

និស្សិត​ជាង​៣០.០០០នាក់​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​សាកលវិទ្យាល័យ Hong Kong Chinese University កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​មួយ​ និង​នៅ​ក្នុង​ឧទ្យាន​មួយ​កន្លែង​នៅ​ជិត​មជ្ឈមណ្ឌល​រដ្ឋាភិបាល ​ពួក​សិស្ស​រាប់​ម៉ឺននាក់ ​បាន​រួបរួម​គ្នា ​កាល​ពី​ថ្ងៃ​ចន្ទ​នៅពេល​ដែល​ពួកគេ​ធ្វើ​ពហិការ​មិន​ចូល​ថ្នាក់​រៀន​ហើយ​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ការ​ទាម​ទារ​របស់​ពួក​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា​អស់​រយៈ​ពេល​ជិត​៣ខែ។

ពួក​អ្នក​រៀប​ចំ​ចាត់ចែង ​បាន​និយាយថា សិស្ស​សាលា​មធ្យម​សិក្សា​រហូត​ដល់​១​ម៉ឺន​នាក់ ​មិន​ចូល​ថ្នាក់​រៀន ​ហើយ​ប្រហែល​ពាក់​កណ្តាល​នៃ​សិស្ស​ទាំង​នោះ ​បាន​ធ្វើ​បាតុកម្ម​នៅ​ជិត​មជ្ឈ​មណ្ឌល​របស់​ក្រុង។

សិស្ស​ដែល​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ដែល​ជា​របស់​ចលនា​នោះ មុខ​របស់​ពួកគេ​គ្រប​ដោយ​កន្សែង​និង​របាំង​មុខ ​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ការ​ទាម​ទារ​ចំនួន​៥​ចំណុច ​ដែល​រួម​មាន​ការ​ដក​ចេញ​ទាំង​ស្រុង​នូវ​សេចក្តី​ព្រាង​ច្បាប់​ដ៏​អាក្រក់​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិន​ដីគោក​ហើយ​និង​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ពី​ការ​ប្រើ​ហិង្សា​របស់​ប៉ូលិស។ សិស្ស​ខ្លះ​បាន​និយាយ​ថា ​បញ្ហា​នេះ ​នឹង​បន្ត បើ​មិន​លុបចោល​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​នោះ​ទាំង​ស្រុង​ទេ។

និស្សិត​ម្នាក់​មាន​ឈ្មោះ Alex អាយុ​២២​ឆ្នាំ ដែល​ទើប​ប្រឡង​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​កាល​ពីពេល​ថ្មី​នេះ​ដែល​បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​គ្រប​តាំង​ពី​ក្បាល​ដល់​ជើង បាន​និយាយ​ថា «នៅ​ពេល​ដែលអ្នក​ មើល​បញ្ហា​នេះ វា​ជា​ប្រព័ន្ធ។ បញ្ហា​គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ពលរដ្ឋ​នឹង​មិន​ចុះ​ចាញ់​ទេ»។

នៅពេល​ដែល​ពួកគេ ​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​របស់​ទីក្រុង ពួក​និស្សិត ​និង​បាតុករ​ផ្សេង​ទៀត បាន​ជ្រើសយក​មធ្យោបាយ​ហិង្សា​ដែល​ប៉ះទង្គិច​ជាមួយ​នឹង​កម្លាំង​ហួស​ប្រមាណ​របស់​ប៉ូលិស​ក្រុង​ហុងកុង៕