Donald Trump និង Hillary Clinton នាំ​មុខ​ក្នុង​ការតែង​តាំង​បេក្ខភាព​ប្រធានាធិបតី​នៅ​ក្នុង​​ការ​ស្ទង់មតិ​ថ្មីមួយ​

បេក្ខភាព​ប្រធានាធិបតី Hillary Clinton និង​ Donald Trump បាន​នាំ​មុខប្រធានាធិបតី​នៅ​ក្នុង​​ការ​ស្ទង់មតិ​ថ្មីមួយ​ សម្រាប់​ការ​បោះឆ្នោត​បឋម​រួម​ថ្ងៃ​អង្គារ​នៅ​ជាង​១០រដ្ឋ។

ការ​ស្ទង់មតិ​ថ្មី​មួយ​នៃ​ឆាក​នយោបាយ​ស.រ.អា.បង្ហាញ​ថា ​លោក​ Donald Trump មហា​សេដ្ឋី​អចលនទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នាំ​មុខគេ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង ​ដើម្បី​ឱ្យ​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ខាង​គណបក្សសាធារណរដ្ឋ​ ហើយ​លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.មាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុងការប្រកួត​ប្រជែង​ខាង​គណបក្សប្រជាធិបតេយ្យ។​

ការ​ស្ទង់មតិ​របស់​ CNN និង​ ORC បង្ហាញ​ថា​ ៤៩​ភាគរយ​នៃ​សមាជិក​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​លោក​ Trump គឺ​ច្រើន​ជាង​ការ​គាំទ្រ​ដល់​សមាជិក​បួន​នាក់​រួម​គ្នា។​ គូ​ប្រជែង​កៀក​បំផុត​របស់​លោក​ គឺ​លោក​ Marco Rubio សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ​ Florida ដែល​មាន​ការ​គាំទ្រ​១៦​ភាគរយ​ហើយ​បន្ទាប់​មក​លោក Ted Cruz ដែល​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ប្រចាំ​រដ្ឋ​ Texas មាន​ការ​គាំទ្រ​១៥​ភាគរយ។​

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា​ លោកស្រី​ Clinton ដែល​ជា​អ្នកការទូត​កំពូល​របស់​ប្រទេស​អាមេរិក​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣​មាន​ការ​គាំទ្រ​ច្រើន​លើស​លោក​ Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ​ Vermont ដែល​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​៥៥​ភាគ​រយ​ទល់​នឹង​៣៨​ភាគរយ។

ទាំង​ក្រុម​សាធារណរដ្ឋ​ ទាំង​ក្រុម​ប្រជាធិបតេយ្យ​ប្រុង​ប្រៀប​ស្រេច​ហើយ​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​រដ្ឋ១១​ដែល​ជា​ថ្ងៃ​បោះឆ្នោត​ធំ​បំផុត​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ច្រើន​ខែ​មក​ហើយ។

​លោក​ Trumpមាន​ការគាំទ្រ​ច្រើន​នៅ​ក្នុង​រដ្ឋ១០​ក្នុង​បណ្តា​រដ្ឋ​ទាំងនេះ ​នៅ​ថ្ងៃ​ដែល​ហៅ​ថា​ថ្ងៃ​បោះឆ្នោត​បឋម​រួម​ថ្ងៃ​អង្គារ​នៅ​ជាង​១០រដ្ឋ​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ «Super Tuesday» លើកលែង​តែ​នៅ​ក្នុង​រដ្ឋ​ Texas ក្នុង​ប៉ែក​និរតី​នៃ​ប្រទេស​អាមេរិក​ដែល​នៅ​ទីនោះ​លោក​ Cruz សង្ឃឹម​ថា​នឹង​ឈ្នះ​នៅ​ក្នុង​ទឹក​ដី​របស់​លោក។

លោកស្រី​ Clinton រំពឹង​ថា​នឹង​ឈ្នះ​ឆ្នោត​មាន​ការគាំទ្រ​ច្រើន ​នៅ​ពេល​លោកស្រី​ប្រឈម​មុខ​នឹង​លោក Sanders ដែល​បាន​ធ្វើការ​ឃោសនា​បោះឆ្នោត​ប្រឆាំង​នឹង​ភាព​មិន​ស្មើគ្នា​ដែល​មាន​ច្រើនឡើង​ៗ​នៃ​ប្រាក់​ចំណូល​នៅ​ក្នុង​ប្រទេស​និង​ជំទាស់​នឹង​ឥទ្ធិពល​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំៗ​នៅ​ Wall Street៕​