ទណ្ឌ​កម្ម​ថ្មី​របស់​ស.រ.អា.​លើ​អ៊ីរ៉ង់​អាច​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ខណៈ​លោក​ឈប់​ដើម្បី​និយាយ​ជាមួយ​អ្នក​សារព័ត៌មានកាល​ពី​ថ្ងៃ​សុក្រ។

ស.រ.អា.​បាន​បោះ​ជំហាន​ដំបូង​ក្នុង​ការ​គាំទ្រ​ការ​ពិភាក្សា​តឹង​តែង​អំពី​ប្រទេស​អ៊ីរ៉ង់ ​ដោយ​ដាក់​បម្រាម​ថ្មី​លើ​បុគ្គល​ចំនួន​១៣​នាក់ ​និង​ស្ថាប័ន​ចំនួន​១២​ ដែល​ជាប់​ទាក់​ទង​នឹង​កម្មវិធី​កាំជ្រួច​ផ្លោង​របស់​ប្រទេស​អ៊ីរ៉ង់​ និង​ឥទ្ធិពលរបស់​អ៊ីរ៉ង់​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា។

ផែនការ​នោះ​រួម​មាន​បណ្តាញ​គាំទ្រ​អ៊ីរ៉ង់​នៅ​ប្រទេស​ចិន ​និង​នៅ​រាជាណាចក្រ​អេម៊ីរ៉ាត​អារ៉ាប់រួម​ ដែល​បាន​ជួយ​រដ្ឋាភិបាល​ក្រុង​តេហរ៉ង់​ ទទួល​បាន​បច្ចេក​វិជ្ជា​ និង​សម្ភារៈ​សម្រាប់​កម្មវិធី​កាំជ្រួច​ផ្លោង​របស់​អ៊ីរ៉ង់។ ​

ក្រសួង​រតនាគារ​និយាយថា ​បម្រាម​នេះ​ក៏​ត្រូវ​ធ្វើ​ឡើង​ប្រឆាំង​នឹង​បុគ្គល​ និង​បណ្តាញ​ក្រុម​ការងារ​ដែល​ធ្វើ​ការ​ជា​មួយ​កង​ទ័ព​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ ​Islamic Revolutionary Guard Corps​ របស់​ក្រុម​អ្នក​មាន​អំណាច​ ឬ​ហៅ​ថា​ Quds Force​ គឺ​កង​កម្លាំង​ Quds ​និង​ក្រុម​ភេរវករ លីបង់​ Hezbollah ​គាំទ្រ​ដោយអ៊ីរ៉ង់៕