រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក​រិះគន់​ចិន​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​ទៅ​កាន់​តំបន់​អាស៊ី

លោក Mark Esper ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​រិះគន់​សកម្ម​ភាពចិន​ដែល​ធ្វើឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​ដំបូង​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី។

ថ្លែង​ទៅ​កាន់​អ្នក​យកព័ត៌មាន​នៅ​ក្នុង​ក្រុង​ស៊ីដនីជាមួយ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក​លោក Mike Pompeo និង​សមភាគី​របស់​លោក។ លោក​ Esper បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ឥរិយាបថរំខាន​ដ៏គគ្លើន​ និង​អស្ថិរភាព​របស់​ចិន។

លោក Esper និង​លោក Pompeo បាន​ចង្អុល​បង្ហាញ​ដល់​ប្រជុំ​កោះ​ដែល​ប្រើ​ដើម្បី​ប្រយោជន៍​ខាង​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​បាន​ចោទ​ប្រកាន់​ចិនថា​ បាន​លួច​កម្មសិទ្ធ​បញ្ញា​របស់​ប្រទេស​ដទៃ​ និង​ជា​អ្នក​ជញ្ជក់​ប្រយោជន៍​ខាង​សេដ្ឋ​កិច្ច​ពី​ប្រទេស​ដទៃ។

អត្ថាធិប្បាយ​នេះ​ទំនង​សំដៅ​ដល់ «អន្ទាក់​បំណុល» ដូចជា​កិច្ចព្រម​ព្រៀង​ឆ្នាំ​២០១៧ ​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ត្រួតត្រា​កំពង់ផែ​ក្នុង​ប្រទេស​ស្រីលង្កា។ ​បន្ទាប់​ពី​មិន​បាន​សងប្រាក់​បំណុល​របស់​ខ្លួន​ទៅ​ឲ្យ​ចិន ស្រីលង្កា ​បាន​ប្រគល់​កំពង់ផែនិង​ដី​ចំនួន​១ម៉ឺន​៥​ពាន់​ហិកតា​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈ​ពេល​៩៩​ឆ្នាំ។

លោក Bradley Bowman ជា​នាយកនៃ​មជ្ឈមណ្ឌល​ស្តី​ពី​យោធា​និង​អំណាច​នយោបាយ​នៅ​ឯ​មូលនិធិ​ការពារ​ប្រជាធិបតេយ្យ និយាយ​ថា កម្មសិទ្ធ​បញ្ញា​ដែល​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​បាន​លួច បាន​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​អាវុធ​ចិន​ទំនើប ក្នុង​ករណី​មាន​ជម្លោះ​ខាង​យោ​ធា​នៅ​ថ្ងៃ​អនាគត ​នឹង​ត្រូវ​ចិន​ប្រើ​ដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​អាមេរិកាំង​ និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។

រដ្ឋ​មន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​លោក​ Mike Pompeo ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា ​សហរដ្ឋ​អាមេរិក ​មិន​សុំ​ឲ្យ​ប្រទេស​នានា​ធ្វើ​ការ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ទេ៕