លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយកពន្ធ ១៥ ភាគរយលើផលិតផលនាំចេញរបស់ចិនដែលមានតម្លៃប្រហែល ១១២ ពាន់លានដុល្លារអាមេរិកទៅកាន់សហរដ្ឋអាមេរិក។ ពន្ធគយថ្មីនេះទំនងជានឹងបណ្តាលឲ្យពលរដ្ឋអាមេរិកាំងចំណាយប្រាក់លើសមុនលើការទិញម្ហូបអាហារ ឧបករណ៍កីឡា សម្លៀកបំពាក់កីឡា ឧបករណ៍ភ្លេងនិងគ្រឿងសង្ហារិម មួយចំនួន។
នៅពេលទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្តើមបន្ថែមពន្ធគយចំនួន ៥ និង ១០ ភាគរយលើទំនិញនាំចេញរបស់អាមេរិក ទៅលក់នៅប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ ៧៥ពាន់លានដុល្លារ ដែលចិនបាននិយាយថា ខ្លួនបានធ្វើបែបនេះ ដើម្បីសងសឹកទៅក្នុងសង្គ្រាមពន្ធគយ ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ដើមដំបូង ប្រទេសចិនបាននិយាយថា ការនាំចេញពោត ថ្លើមជ្រូក ថ្មម៉ាប និងសំបកកង់ ស្ថិតនៅក្នុងចំណោមមុខទំនិញជាង១៧.០០០ ដែលខ្លួននឹងយកពន្ធ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកប្រធានាធិបតី ត្រាំ បានច្រានចោលនូវការពន្យារពេលណាមួយលើការដាក់ពន្ធគយថ្មី លើទំនិញនាំចូលពីប្រទេសចិន។ នៅពេលដែលពន្ធគយទាំងនោះចូលជាធរមានកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រកាសថា «យើងមិនអាចអនុញាតឲ្យចិនកេងប្រវ័ញ្ចលើយើងតទៅទៀតទេ»។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua បានរាយការណ៍ថា៖ «ស.រ.អា.គួរតែរៀនអំពីវិធីដើរតួរជាមហាអំណាចពិភពលោកមួយ ដែលមានការទទួលខុសត្រូវ ហើយឈប់ធ្វើដូចសិស្សសាលាម្នាក់ ដែលដើររករឿងគេឯង។ ក្នុងនាមជាមហាអំណាចពិភពលោកតែមួយគត់ អាមេរិកត្រូវតែជួយធ្វើការទទួលខុសត្រូវរបស់ខ្លួន ហើយចូលរួមជាមួយប្រទេសឯទៀត ក្នុងការធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងមួយដែលល្អប្រសើរជាង និង រីកចម្រើនជាងសព្វថ្ងៃ។ រហូតដល់ពេលនោះទើបប្រទេសអាមេរិក អាចខ្លាំងមហិមាជាថ្មីម្តងទៀត»។
ក្រុមអ្នកចរចាសម្រាប់ប្រទេសទាំងពីរ កំពុងរៀបចំការចរចាពាណិជ្ជកម្មរបស់ពួកគេឡើងវិញ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅខែកញ្ញានេះ ទោះជាគ្មានសញ្ញាអ្វីមួយដែលថាភាគីទាំងសងខាង អាចយល់ស្របគ្នា ក្រោយពីការពិភាក្សាគ្នាចុះឡើងអស់រយៈពេលរាប់ខែ និង ការប្រកាសម្តងម្កាល អំពីការបង្កើនពន្ធគយ។ លោក ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា៖ «យើងកំពុងតែសន្ទនាជាមួយចិន។ កិច្ចប្រជុំបានគ្រោងឡើង។ មានការសន្ទនាតាមទូរស័ព្ទ។ ខ្ញុំគិតថាកិច្ចប្រជុំក្នុងខែកញ្ញា នឹងធ្វើឡើងដូចការគ្រោងទុក។ មិនមានការលប់ចោលទេ។ យើងចាំមើលសិន»។
លោក ត្រាំ បានប្រកាសផែនការបន្ថែមពន្ធគយ១៥ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារ ប៉ុន្តែបានពន្យារពេលការតម្លើងពន្ធគយលើទំនិញជាច្រើនមុខ រហូតដល់ថ្ងៃទី១៥ធ្នូ ដើម្បីកុំឲ្យពលរដ្ឋអាមេរិកាំងទិញទំនិញដែលថ្លៃជាង ក្នុងរដូវបុណ្យទានបុណ្យណូអែល នៅចុងឆ្នាំ។
លោក ត្រាំ បានអះអាងខុសថា ប្រទេសចិនជាអ្នកចេញថ្លៃពន្ធគយដែលលោកបានដាក់ ក៏ប៉ុន្តែការពន្យាពេលរបស់លោក លើពន្ធគយថ្មី ជាការទទួលស្គាល់ស្ងាត់ៗថា ក្រុមហ៊ុនអាមេរិកាំងដែលបង់ពន្ធគយនោះតែងតែផ្ទេរការចំណាយលើសដើមរបស់ខ្លួនទៅឲ្យអ្នកទិញទំនិញ។
ក្រុមហ៊ុនអាមេរិកាំង និងក្រុមអ្នកជំនួញរាប់រយបានត្អូញប្រាប់លោក ត្រាំ អំពីការតម្លើងពន្ធគយលើទំនិញនាំចូលរបស់ចិន ប៉ុន្តែលោកបានថ្លែងថា ពួកអ្នកត្អូញត្អែរទាំងនោះ មានការទទួលខុសត្រូវក្នុងនោះខ្លះដែរ។
លោកត្រាំបានសរសេរលើបណ្តាញសង្គម Twitter ថា៖ «បណ្តាក្រុមហ៊ុនដែលចាត់ចែងមិនល្អ និង ខ្សោយ កំពុងតែធ្វើជាបន្ទោសពន្ធគយតិចតួចនេះ ជាជាងបន្ទោសខ្លួនឯងចំពោះការចាត់ចែងមិនល្អក្នុងក្រុមហ៊ុន។ ហើយតើអ្នកណាអាចបន្ទោសពួកគេចំពោះការធ្វើបែបនេះ? ចេះតែរកលេស!»
នៅថ្ងៃទី១ តុលា លោកត្រាំក៏នឹងតម្លើងពន្ធគយពី២៥ ទៅ៣០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់ ២៥០ ពាន់លានដុល្លារបន្ថែមទៀតផងដែរ។ សារុបទៅ បើសិនជាបូកសារុបជាមួយការតម្លើងពន្ធគយនៅខែធ្នូខាងមុខនេ ទំនិញទាំងអស់ដែលចិននាំចូលមកលក់នៅប្រទេសអាមេរិក ទាំងអស់ដែលមានទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារ នឹងត្រូវបង់ពន្ធគយទាំងអស់។
ការតម្លើងពន្ធគយភ្លាមៗកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉ះពាល់ដល់ទំនិញចិនជាច្រើនប្រភេទ ដូចជាទឹកប៉េងប៉ោះ សាច់ជ្រូកសាច់គោ សាច់ក្រក ផ្លែឈើ បន្លែបង្កា ទឹកដោះគោ ហ្រូម៉ាស ក៏ដូចជាឧបករណ៍កីឡា ដូចជាដំបងវាយកូនហ្គោល និងកង់ជាដើម។ ការតម្លើងពន្ធគយនេះ នឹងនាំឲ្យវាយនភ័ណ្ណ ហើយនិងសម្លៀកបំពាក់ចំនួន ៨៧ភាគរយ ព្រមទាំងស្បែកជើងចំនួន៥២ភាគរយ ដែលអាមេរិទិញពីប្រទេសចិន ត្រូវឆ្លងកាត់ការបង់ពន្ធគយដែរ៕
ប្រែសម្រួលដោយ ប៉ូច រាសី