របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិដែលបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្របានអះអាងថា កូរ៉េខាងជើងកំពុងធ្វើការដើម្បីធានាថា អាវុធរបស់ខ្លួនមិនអាចត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់ពួកយោធាបានទេ។
របាយការណ៍នេះត្រូវបានផ្សព្វផ្សាយនៅស្របពេលដែលលោកប្រធានាធិបតី Donald Trump បានអបអរដល់ដំណើរការវិវត្តដ៏គួរឲ្យកត់សម្គាល់កាលពីសប្តាហ៍មុនចំពោះទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង និងបានដាក់កាលបរិចេ្ឆទនៃជំនួបកំពូលជាលើកទីពីររបស់លោកនៅអំឡុងពេលថ្លែងសន្ទរកថាស្តីស្ថានភាពសហព័ន្ធកាលពីយប់ថ្ងៃអង្គារ។
លោកប្រធានាធិបតីបានថ្លែងថា«ជាផ្នែកមួយនៃទំនាក់ទំនងការទូតថ្មី យើងបន្តជំរុញជាប្រវត្តិសាស្រ្តដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េទាំងមូល»។ លោកប្រធានាធិបតី Trumpបានទទួលស្គាល់ថា នៅមានការងារជាច្រើនទៀតត្រូវធ្វើ និងបានកំណត់ពេលវេលាសម្រាប់ជំនួបកំពូលរបស់លោកម្តងទៀតជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Unពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែកុម្ភៈនៅប្រទេសវៀតណាម។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានស្វាគមន៍ចំពោះដំណឹងនេះ។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា «យើងរំពឹងថា ប្រទេសវៀតណាមនឹងជាទីតាំងដ៏សាកសមដើម្បីចារអំពីប្រវត្តិសាស្រ្តថ្មីរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក»។ របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិត្រូវបានផ្សព្វផ្សាយជាលើកដំបូងដោយទីភ្នាក់ងារសារព័ត៌មាន Reutersកាលពីថ្ងៃចន្ទ ដែលរបាយការណ៍នេះបានរកឃើញភស្តុតាងដែលកូរ៉េខាងជើងយកទីតាំងសាធារណៈនានាមកប្រើប្រាស់ រួមមាន ព្រលានយន្តហោះត្រូវបានយកធ្វើជាទីតាំងបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបដោយមានគោលដៅការពារយ៉ាងមានប្រសិទ្ធភាពពីការវាយប្រហារបំផ្លាញ។
លើសពីនេះទៀត របាយការណ៍ដែលមានកម្រាស់៣១៧ទំព័របានបង្ហាញថា កូរ៉េខាងជើងនៅតែបន្តរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខតាមរយៈការបង្កើនការដឹកជញ្ជូនប្រេងនិងធ្បូងខុសច្បាប់ ដែលជាទណ្ឌកម្មចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ៕