ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍រួចរាល់ហើយដែលបង្ហាញវិសាលភាពអំណាចរបស់ខ្លួនយ៉ាងធំធេងលើការគ្រប់គ្រងប្រព័ន្ធទូរស័ព្ទនិងការពង្រឹងការរឹតបន្តឹងការត្រួតត្រាកាន់តែខ្លាំងលើសេវាកម្មអ៊ីនធឺណែតបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីគ្រប់គ្រងអ៊ីនធឺណែតដែលទទួលរងការរិះគន់យ៉ាងខ្លាំងក្លានោះ។
នៅក្នុងមាត្រា១នៃច្បាប់ដែលVOAសំឡេងសហរដ្ឋអាមេរិកទទួលបានរៀបរាប់ថាច្បាប់នេះមានគោលបំណងធានាដល់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញនិងការផ្តល់សេវាទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព គុណភាព ភាពអាចទុកចិត្តបាននិងថ្លៃសមរម្យដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
សេចក្តីព្រាងច្បាប់ដដែលនេះបង្ហាញថាក្រសួង មានសិទ្ធិ គ្រប់គ្រង តាមដានប្រតិបត្តិការទូរគមនាគមន៍នៅក្នុងប្រទេស តាមដានថ្លៃសេវាទូរគមនាគមន៍ដោយបញ្ជាក់ពីការត្រួតពិនិត្យនិងវាយតម្លៃលើកំណត់តម្លៃយ៉ាងច្បាស់លាស់។ ក្រៅពីនោះសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ក៏បានបញ្ជាក់ពីធានាដល់អភិបាលកិច្ច គ្រប់គ្រងប្រតិបត្តិករទូរគមនាគមន៍និងការប្រកួតប្រជែងស្របច្បាប់ ស្មោះត្រង់និងមានតម្លាភាព។
មាត្រា៥ចែងថាក្រសួងប្រៃសណីយ៍មានសិទ្ធិអំណាច«គ្រប់គ្រង ត្រួតពិនិត្យ និងតាមដានការប្រើប្រាស់»សេវាកម្មអ៊ីនធឺណែត។ក្នុងនោះមាត្រា៦ចែងថា«ទិន្នន័យ សេវាទូរគមនាគមន៍/បច្ចេកវិទ្យានិងព័ត៌មាន»ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ហើយប្រតិបត្តិករឬផ្នែកពាក់ព័ន្ធត្រូវផ្តល់ទិន្នន័យនៃប្រតិបត្តិការរបស់ខ្លួនដល់ក្រសួង»។
ក្រៅពីនោះទៀតរដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសិទ្ធិបញ្ជាឲ្យផ្ទេរការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍មកឲ្យក្រសួងឬបំពាក់បរិក្ខាបន្ថែមចាំបាច់សម្រាប់ ធានាការគ្រប់គ្រងប្រតិបត្តិការទូរគមនាគមន៍ទាំងក្នុងនិងក្រៅប្រទេស ដើម្បី«ធានាដល់ផលប្រយោជន៍ សន្តិសុខនិងស្ថិរភាព របៀបរៀបរយសាធារណៈ»។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ត្រង់មាត្រា៧។
លោកសឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាដែលមានអង្គការសង្គមស៊ីវិលជាច្រើនជាសមាជិកលើកឡើងថាសេចក្តីព្រាងច្បាប់នេះប៉ះពាល់ដល់ការប្រើប្រាស់និងការផ្គត់ផ្គង់និងអ្នកប្រើប្រាស់អ៊ីនធឺណែតជាអវិជ្ជមាន។
«ច្បាប់នេះបើវិភាគមួយភ្លែតវាគ្របដណ្តប់តែលើវិស័យឯកជននិងក្រុមហ៊ុន។ តែបើយើងវិភាគឲ្យស៊ីជម្រៅជាងនេះទៅទៀតគឺវាអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតឬអ្នកប្រើប្រាស់ជាIP User នៅពេលដែលអ្នកប្រើប្រាស់នោះសម្តែងមតិឬការចូលរួមបែបណាមួយដែលរដ្ឋាភិបាលវិភាគថាមិនប្រក្រតីនិងប៉ះពាល់ដល់សង្គមគឺរដ្ឋាភិបាលអាចធ្វើការតាមរយៈក្រុមហ៊ុនឯកជនក្នុងការបិទIP address របស់អ្នកប្រើប្រាស់»។
VOAសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាបានព្យាយាមទូរស័ព្ទទៅកាន់មន្ត្រីផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមន៍ជាច្រើនថ្ងៃ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយតាមទូរស័ព្ទនោះទេ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍នៅថ្ងៃសុក្រនេះថាលោកមិនទាន់ទទួលដំណឹងថាសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ត្រូវបញ្ជូនមកដល់គណៈរដ្ឋមន្ត្រីហើយឬនៅនោះទេ។
«រហូតមកដល់ពេលនេះខ្ញុំមិនទាន់ដឹងថាសេចក្តីព្រាងច្បាប់នេះមកដល់ទីណានៅឡើយទេ»។
យ៉ាងណាក៏ដោយសេចក្តីព្រាងច្បាប់នេះកើតឡើងក្រោយពេលមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទចល័តកាលពីប៉ុន្មានឆ្នាំមុនលើការផ្តល់តម្លៃថោកបំផុតសម្រាប់អ្នកប្រើប្រាស់។
សេចក្តីព្រាងច្បាប់នេះក៏មានចែងអំពីការបង្កើតនិយ័តករទូរមនាគមន៍កម្ពុជាមួយផងដែរដែលជាអង្គភាពដើរតួត្រួតពិនិត្យនិងដាច់ដោយឡែកពីក្រសួង។ហើយក្រសួងធានាការប្រកួតប្រជែងលើផ្នែកតម្លៃនិងមានសិទ្ធិសើរើតម្លៃតាមការចាំបាច់។
មួយវិញទៀតសេចក្តីព្រាងច្បាប់បានចែងអំពីការដាក់ទោសយោងតាមក្រមព្រហ្មទណ្ឌ។
អ្នកលក់លេខទូរគមនាគមន៍រូមមានលេខទូរស័ព្ទជាដើមដោយមិនមានបណ្ណសំគាល់អត្តសញ្ញាណអ្នកប្រើប្រាស់នឹងត្រូវពិន័យពី៥០លានទៅ១០០លានរៀលឬស្មើនឹងពី១២.៥០០ដុល្លារអាមេរិកដល់២៥.០០០ដុល្លារ។ ដោយឡែកការផាកពិន័យត្រូវកំណត់ចាប់ពី ១២.៥០០ដុល្លារអាមេរិករហូតដល់១.២៥០.០០០ដុល្លារអាមេរិក។ហើយទោសជាប់ពន្ធនាគារចាប់ពីមួយសប្តាហ៍ដល់១៥ឆ្នាំ៕