​បច្ចេកវិទ្យា​ថ្មី​ជួយ​ពលរដ្ឋ​អាមេរិក​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​បោះ​ឆ្នោត​យ៉ាង​ម៉េច

រូបភាព​ផ្គុំ​គ្នា​មួយ​ដែល​បង្ហាញ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋនិង​គណបក្ស​ប្រជាធិបតេយ្យក្នុង​ទីក្រុង Los Angeles រដ្ឋ California កាល​ពី​ថ្ងៃទី ០៥ និង​ ០៦ ឧសភា ២០១៦។ REUTERS/Lu

មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ដឹង​ថា​តើ​អ្នក​ណា​ដែល​ពួក​គេ​ចង់​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​នោះ។ ប៉ុន្តែ​មាន​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​នានា​ក្នុង​ការ​ជួយ​ពួកគេ​ឲ្យ​សម្រេច​ចិត្ត​លើ​រឿង​នេះ។

ក្រុមហ៊ុន​អាជីវកម្ម​ទើប​បង្កើត​ថ្មី​នានា កំពុង​បង្កើត​ផលិតផល​ដែល​ព្យាយាម​ធ្វើ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក​បោះ​ឆ្នោត​ទាំង​នោះ និង​បង្កើន​ការ​ចូលរួម​របស់​ពួកគេ​នៅ​ក្នុង​វិស័យ​នយោបាយ។

ក្រុមហ៊ុន​មួយ​ទើប​នឹង​បាន​បង្កើត​កម្មវិធី​ដែល​ហៅ​ថា Brigade ដែល​ជា​កម្មវិធី និង​វេបសាយ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​នយោបាយ​ណា​មួយ​នោះ​ទេ។ កម្មវិធី​នេះ​មិន​ដែល​មាន​កាល​ពី​បោះ​ឆ្នោត​ប្រធានាធិបតី​អាណត្តិ​មុនៗ​នោះ​ទេ។

លោក Matt Mahan សហ​ស្ថាបនិក និង​ជា​ប្រធាន​របស់​ក្រុមហ៊ុន Brigade នេះ បាន​និយាយ​ថា ដើម្បី​បង្កើន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ បញ្ហា​មួយ​ចំនួន​ចាំបាច់​ត្រូវតែ​ដោះស្រាយ។

លោក Mahan ថា៖ «យើង​ចាំបាច់​ត្រូវ​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​នូវ​លទ្ធភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​ពួកគេ​ត្រូវការ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ធ្វើ​ការ​បញ្ចូល​ចំណុច​ហ្នឹង​ទៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ផង​ដែរ។ យើង​ចាំបាច់​ត្រូវ​ធ្វើ​រឿង​ហ្នឹង​ឲ្យ​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​ការ​សន្ទនា​ដែល​ពួកគេ​មាន​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ ហើយ​យើង​ចាំបាច់​ត្រូវ​ធ្វើ​រឿង​នេះ​ឲ្យ​ទៅ​ជា​ភាព​ធម្មតា​សម្រាប់​ពួកគេ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​របស់​ពួកគេ​នៅ​ក្នុង​វិស័យ​នយោបាយ»។

មនុស្ស​មួយ​ចំនួន​ដែល​ធ្វើ​ការ​លើ​ផ្នែក​បច្ចេកវិទ្យា​នេះ​ថា កម្មវិធី​បច្ចេកវិទ្យា​ទាំង​នេះ កំពុង​រារាំង​ដល់​វិធី​ពី​មុនៗ​នៃ​ការ​ចូលរួម​ផ្នែក​នយោបាយ ដោយ​បាន​បង្កើត​នូវ​វិធី​ថ្មី​ដែល​ប្រជាពលរដ្ឋ​អាច​ចូលរួម​ទៅ​វិញ។ ឧទាហរណ៍ កម្មវិធី Brigade នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​ចំពោះ​បញ្ហា​ផ្សេងៗ និង​ព្យាយាម​ទាក់ទាញ​អ្នក​ដទៃ​ឲ្យ​ប្រកាន់​ជំហរ​តាម​ខ្លួន។ អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ ក៏​អាច​ឃើញ ថា​តើ​ទស្សនៈ​របស់​ពួកគេ​ស្រដៀង​ទៅ​នឹង​ទស្សនៈ​របស់​បេក្ខជន​នយោបាយ​រូប​ណា ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​នោះ​បេ្តជ្ញា​ថា​នឹង​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ដែល​ខ្លួន​ពេញ​ចិត្ត៕