ការបង្កើនពន្ធគយលើទំនិញរបស់ចិនដោយសហរដ្ឋអាមេរិកចូលជាធរមាន

រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steve Mnuchin (ស្ដាំ) និង​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក Robert Lighthizer ជួប​ជាមួយ​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន Liu He នៅ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៩។

សហរដ្ឋ​អាមេរិក​បាន​បង្កើន​ពន្ធគយ​ពី​ ១០ ​ទៅ ​២០ ​ភាគរយ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ ​២​រយ​ពាន់ ​ដុល្លារ​។

នៅ​ថ្ងៃ​សុក្រ​នេះ ​ចិន​បាន​និយាយ​ថា ​ខ្លួន​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំងចំពោះ​ការ​បង្កើន​ពន្ធគយ​នេះ​ហើយ​ថា​ ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​តប​ត​វិញ។​ ក៏ប៉ុន្តែ ចិន​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​លើ​វិធានការ​នេះ​ទេ។

​ការ​បង្កើន​ពន្ធគយ​នេះ​នឹង​ចូល​ជា​ធរមាន ​ខណៈ​មាន​ការ​ការ​ចរចា​រវាង​លោក​ Liu He ឧបនាយករដ្ឋ​មន្រ្តី​ចិន​ និង​លោក ​Robert Lighthizer ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​និង​លោក​ Steven Mnuchin ​រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​អាមេរិក។

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ ក្រុម​អ្នក​ចរចា​សហរដ្ឋ​អាមេរិក​និង​ចិន​ បាន​បញ្ចប់​ការ​ចរចា​លើកទី​មួយ​ ដែល​មាន​គោល​បំណង​ជួយ​ស្រោច​ស្រង់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នោះ ​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ និយាយ​ថា​នឹង​មាន​ការ​ការ​បង្កើន​ពន្ធគយ​ជា​ថ្មីលើ​ទំនិញ​របស់​ចិន។​

សេតវិមាន​បាន​ឲ្យ​ដឹង​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ឯកអគ្គរដ្ឋ​ទូត ​Lightizer​ និង​រដ្ឋមន្រ្តី​ហរិញ្ញវត្ថុ​លោក ​Mnuchin​ បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី ​Trump ដើម្បី​ពិភាក្សា​អំពី​ការបន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន។ បន្ទាប់​មក​លោក​ឯកអគ្គ​រដ្ឋទូត​និង​លោក​រដ្ឋមន្រ្តី​បាន​ទទួល​ទាន​អាហារ​ល្ងាច​ជាមួយ​នឹង​លោក ​Liu He ​និង​បាន​យល់​ព្រម​ថា​នឹង​បន្ត​កិច្ច​ចរចា​នៅ​ព្រឹក​ថ្ងៃ​ស្អែក។

ប្រធានា​ធិបតី​ ត្រាំ និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ក្នុង​បន្ទប់​ Roosevelt​ នៅ​សេតវិមាន​ថា៖​ «យើង​កំពុង​ខិត​កាន់តែជិត​ទៅ​នឹង​កិច្ច​ព្រមព្រៀង​មួយ ​បន្ទាប់​មក ​ពួកគេ​បាន​ចាប់​ផ្តើម​ការ​ចរចាឡើង​វិញ»។

​ប្រធានា​ធិបតី​ ត្រាំ ​និយាយ​ថា​ វា​ជាគំនិត​របស់​ពួក​គេ​វិល​ត្រឡប់​មក​កន្លែង​ដើម​វិញ ​ហើយ​បន្តការ​ចរចា​មុន​ពេល​កំណត់​នៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​យក​ពន្ធគយ​បន្ថែម។

​ប្រធានា​ធិបតី​ ត្រាំ និយាយ​បន្ត​ទៀត​ថា ​លោក​បាន​ទទួល​លិខិត​ដ៏​សំខាន់​មួយ​មក​ពី​ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ​ជីនពីង ​ដែល​បាន​សម្តែង​នូវ​មនោ​សញ្ចេត​នា​នៃ​ការ​ធ្វើ​ការ​ជាមួយ​គ្នា។ លោក​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា ​លោក​គិតថា ​ការ​យក​ពន្ធគយ​សម្រាប់​ប្រទេស​របស់​យើង​មាន​អានុភាព​ណាស់។ ​លោក​បាននិយាយថា ​ការបង្កើន​ពន្ធ​គយ​នេះ​ជា​ការ​ល្អ​សម្រាប់​សេដ្ឋ​កិច្ច​អាមេរិក។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​សេដ្ឋវិទូ​ខ្លះ​ព្យាករណ៍​ថា ​ការ​យក​ពន្ធគយ​បែប​នេះ​នឹង​កាត់​បន្ថយ​ការ​រីក​លូត​លាស់​សេដ្ឋ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ពាក់​កណ្តាល​ដែល​បាន​ឃើញ​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ៕