របាយការណ៍សិក្សាថ្មីមួយ ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានធ្វើការប៉ាន់ប្រមាណ«បែបអភិរក្ស»ថា មានសត្វស្រមោចសរុបចំនួនប្រមាណ២០០បកោដិ ឬ២០ពាន់លានលានក្បាល ឬប្រហែល២លាន៥សែនក្បាលប្រៀបធៀបនឹងចំនួនមនុស្សម្នាក់នៅលើផែនដី។
ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យក្រុងហុងកុង និងសាកលវិទ្យាល័យ Wurzburg នៅអាល្លឺម៉ង់ ដែលបានកត់សម្គាល់ថា សត្វស្រមោចគឺជាភាវៈរស់ដែលជោគជ័យនិងមានអំណាចជាងគេមួយនៅលើពិភពលោក។ ប៉ុន្តែការសិក្សានេះបានលើកឡើងថា ការសន្មត់ពីចំនួនសរុបរបស់សត្វស្រមោចគឺនៅមានភាពខ្វះចន្លោះ ហើយគ្រាន់តែជាការទស្សន៍ទាយដោយផ្អែកលើព័ត៌មានស្រាវជ្រាវតែប៉ុណ្ណោះ។
នៅក្នុងការសិក្សា ដែលបានចុះផ្សាយនៅពាក់កណ្តាលខែកញ្ញានេះនៅក្នុងរបាយការណ៍ស្រាវជ្រាវឈ្មោះទម្រង់ការបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ Proceedings of the National Academy of Sciences ក្រុមអ្នកស្រាវជ្រាវពន្យល់ថា ពួកគេបានប្រមូលទិន្នន័យសត្វស្រមោចដែលរស់នៅលើដីនិងលើដើមឈើពីការស្រាវជ្រាវចំនួន៤៨៩ ពី «គ្រប់ទ្វីប ជីវសហពន្ធ និងជម្រកផ្សេងៗ» ដើម្បីឈានទៅដល់អ្វីដែលពួកគេហៅថា ជាការប៉ាន់ប្រមាណ «បែបអភិរក្ស»ថា មានសត្វស្រមោចសរុបប្រមាណ២០០បកោដិ ឬ២០ពាន់លានលានក្បាល ហើយបើប្រមូលផ្តុំចូលគ្នាគឺមានជីវថាមពលចំនួន ១២មេហ្គាតោន។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ជីវថាមពលនេះគឺច្រើនជាងការប្រមូលផ្តុំចូលគ្នានៃជីវថាមពលបក្សីព្រៃ និងថនិកសត្វព្រៃ ហើយស្មើនឹង២០ភាគរយនៃជីវថាមពលរបស់មនុស្សលើផែនដី។
នៅក្នុងរបាយការណ៍ចេញផ្សាយពីសាកលវិទ្យាល័យក្រុងហុងកុង ក្រុមអ្នកស្រាវជ្រាវពន្យល់ថា ការដឹងចំនួនជាក់លាក់ពីសត្វស្រមោចនៅលើផែនដី និងការយល់ដឹងពីទម្រង់សម្បូរហូរហៀររបស់សត្វស្រមោចអាចជួយអភិរក្សប្រព័ន្ធអេកូឡូស៊ី និងពពូជភាវៈផ្សេងៗនៅជុំវិញពិភពលោក។
ការសិក្សាក៏បានរកឃើញថា ស្រមោចមិនមានចំនួនស្មើគ្នានោះទេនៅលើដីនៅលើពិភពលោក។ ជាទម្រង់ទូទៅ សត្វស្រមោចគឺ មានច្រើននៅតំបន់ត្រូពិច ប៉ុន្តែចំនួនស្រមោចគឺខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ ផ្អែកលើប្រព័ន្ធអេកូឡូស៊ី។
អ្នកស្រី Sabine Nooten អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តជីវៈនៃសាកលវិទ្យាល័យក្រុងហុងកុង និងជាសហនិពន្ធរបាយការណ៍ស្រាវជ្រាវនេះ បាននិយាយថា សត្វស្រមោចបំពេញ «សេវាផ្នែកអេកូឡូស៊ី» ដូចជាបំបែកសារធាតុសរីរាង្គ និងគ្រប់គ្រងលើចំនួនសត្វល្អិត នៅតាមកន្លែងណាដែលពួកវារស់នៅ។
លោក Benoit Guénard អ្នករៀបរៀងចម្បងនៃរបាយការណ៍ខាងលើ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យក្រុងហុងកុង បាននិយាយថា តួលេខសត្វស្រមោចនេះឆ្លុះបញ្ចាំងពីកង្វះខាតទិន្នន័យច្រើនអំពីធម្មជាតិរបស់ពិភពលោក។ លោកជំរុញឲ្យរដ្ឋាភិបាល និងសង្គមនានាមានភាពសកម្មជាងមុន ក្នុងការជំរុញឱ្យពលរដ្ឋចូលរួមជួយបំពេញចន្លោះប្រហោងផ្នែកចំណេះដឹងនេះ៕
(ព័ត៌មានខ្លះនៅក្នុងរបាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារព័ត៌មាន Reuters)
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា