ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ពី​ផលប៉ះពាល់​ដ៏​ច្រើន​លើសលុប​ដែល​កើត​ចេញ​ពី​បម្រែបម្រួល​អាកាសធាតុ

លោក Antonio Guterres ដែល​ជា​អគ្គលេខាធិការ​អ.ស.ប.​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​សន្និសីទ​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ២០១៨ ក្នុង​ក្រុង Katowice ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

របាយការណ៍​ថ្មី​មួយ​បាន​ដក​ស្រង់​លទ្ធផល​ពី​ការ​ស្រាវជ្រាវ​រាប់​ពាន់​ស្តី​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ និង​បាន​ចងក្រង​ទៅ​ជា​របាយការណ៍​វាយតម្លៃ​ដ៏​ធំ​មួយ ដែល​បង្ហាញ​ពី​វិធី​ផ្សេងៗ​គ្នា​ដែល​បម្រែបម្រួល​អាកាសធាតុ​នឹង​ប៉ះពាល់​ដល់​មនុស្សជាតិ​នៅ​ក្នុង​សតវត្សរ៍​ខាង​មុខ។

លោក Camilo Mora ដែល​ជា​អ្នក​ស្រាវជ្រាវ​នាំ​មុខ​ម្នាក់​បាន​និយាយ​ថា របាយការណ៍​នេះ​បង្ហាញ​ពី​អ្វី​ដែល​លោក​ហៅ​ថា​ជា «ផល​ប៉ះពាល់​តៗ​គ្នា​ដ៏​ធំ» នៃ​ដំណឹង​អាក្រក់​ ខណៈ​ដែល​ការប្រែប្រួល​អាកាសធាតុ​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សតវត្សរ៍​ខាង​មុខ ប្រសិន​បើ​ពិភពលោក​មិន​កាត់​បន្ថយ​ចំនួន​កាបូន​ដែល​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​ទេ​នោះ។

នៅ​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៩ ខែ វិច្ឆិកា កន្លង​ទៅ​នេះ នៅ​ក្នុង​ព្រឹត្តិប័ត្រ Nature Climate Change លោក Mora បាន​និយាយ​ថា មិន​មាន​កន្លែង​ណា​មាន​សុវត្ថិភាព​នោះទេ​នៅ​លើ​ផែនដី​នេះ​។

ការ​ច្របាច់​បញ្ចូល​ព័ត៌មាន​ទាំង​អស់​ក្នុង​របាយការណ៍​តែ​មួយ​

ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​លក្ខណៈ​ពិសេស​ដោយសារ​តែ​វា​មិន​មាន​ព័ត៌មាន​ថ្មី​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ជី​គោល​ដែល​មាន​ការ​ទស្សន៍ទាយ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ទាំង​អស់ និង​ច្របាច់​បញ្ចូល​ព័ត៌មាន​ទាំង​នោះ​ទៅ​ក្នុង​របាយការណ៍​តែ​មួយ។

លោក Mora បាន​ប្រាប់ VOA ថា លោក​និង​ក្រុម​ការងារ​របស់​លោក​ដែល​មាន​អ្នក​ស្រាវជ្រាវ​រាប់​សិប​នាក់​បាន​ចំណាយ​ពេល​៦ខែ​ដើម្បី​ប្រមូល​និង​បញ្ចូល​ទិន្នន័យ​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុទៅ​ក្នុង​ប្រព័ន្ធ​របស់​ពួកគេ​ និង​ពិនិត្យ​មើល​ថា​តើ​ផល​ប៉ះពាល់​ទាំង​នោះ​នឹង​ជះឥទ្ធិពល​ដល់​ផ្នែក​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដោយ​របៀប​ណា។

អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​គឺ​ថា​ មាន​វិធី​ចំនួន​៤៦៧យ៉ាង​ដែល​ការប្រែប្រួល​អាកាសធាតុ​នឹង​ផ្តល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​ធាតុអាកាស​ ដែល​ផល​ប៉ះពាល់​ក្នុង​ស្រុក​រួម​មាន​ដូចជា​គ្រោះ​រាំងស្ងួត​ច្រើន​ជាង​មុន រលក​កម្តៅ​ ភ្លើង​ឆេះ​ព្រៃ និង​ព្យុះ ហើយ​ជា​លក្ខណៈ​សកល​រួម​មាន​ដូចជាកំណើន​កម្រិត​ទឹក​សមុទ្រ ​និង​បម្រែបម្រួល​ធាតុ​គីមី​ក្នុង​មហាសមុទ្រ​ជាដើម​។

លោកMora ក៏​បាន​មើល​ទៅ​លើ​ថា​តើ​បម្រែបម្រួល​អាកាសធាតុ​នឹង​ផ្តល់​ផល​ប៉ះពាល់​ដូចម្តេច​ខ្លះ​ទៅ​លើ​អ្វីៗ​គ្រប់​យ៉ាង ដែល​រាប់​ចាប់​ពី​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ រហូត​ដល់​ភាព​ងាយ​ឆ្លង​ជំងឺ​ដែល​កើន​ឡើង​កាន់​តែ​ច្រើន ក៏​ដូច​ជា​ផល​ប៉ះពាល់​ដែល​ពិបាក​នឹង​ប៉ាន់ស្មាន​ ដូចជា​ផល​ប៉ះពាល់​នៃ​ភាព​មិន​ទៀងទាត់​នៃ​អាកាសធាតុ​ទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត​ជាដើម។

អ្វី​ដែល​លោក​បាន​រក​ឃើញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​។​ លោក​បាន​ប្រាប់​ VOA ថា «ខ្ញុំ​តែងតែ​មាន​ការ​ភ្ញាក់ផ្អើល​ជារៀងរាល់​ថ្ងៃ ដោយសារ​តែ​បាន​ដឹង​ថា​ ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​បម្រែបម្រួល​អាកាសធាតុ​កំពុង​តែ​ប៉ះពាល់​ដល់​មនុស្សជាតិ​នៅ​ជុំវិញ​ពិភពលោក​រួច​ទៅ​ហើយ។ យើង​គិត​ថា វា​នឹង​កើត​ឡើង​នៅ​ពេល​ក្រោយ ប៉ុន្តែ​យើង​បាន​រក​ឃើញ​ថា វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ»។

លោក Mora បាន​និយាយ​ថា «ជា​ឧទាហរណ៍ កាលពី​ឆ្នាំ​មុន រដ្ឋ Florida បាន​ជួប​ប្រទះ​នឹង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ សីតុណ្ហភាព​កើន​ឡើង​ក្តៅ​ជាង​មុន​មិន​ដែល​ធ្លាប់​មាន គ្រោះ​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ជាង​១០០ដង និង​កើត​មាន​ព្យុះ​ដែល​ខ្លាំង​ជាង​គេ​បំផុត​មិន​ដែល​ធ្លាប់​មាន​ឈ្មោះ​ថា ព្យុះ Michael កម្រិត​ទី៤ នៅ​ក្នុង​តំបន់ Panhandle។ ដូច​គ្នា​ដែរ រដ្ឋ California ឥឡូវ​នេះ​កំពុង​ជួប​ប្រទះ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​កំណាច និង​គ្រោះ​រាំងស្ងួត​រយៈពេល​ដ៏​យូរ​បំផុត​មួយ បូក​រួម​ទាំង​រលក​កម្តៅ​កាលពី​រដូវ​ក្តៅ​មុន​ផង​ដែរ»។

លោក​និយាយ​ថា ប្រសិន​បើ​កម្រិត​កាបូន​នៅ​ក្នុង​បរិយាកាស​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​កម្រិត​នេះ គ្រប់​កន្លែង​នៅ​លើ​ផែនដី​នឹង​ត្រូវ​រង​ផលប៉ះពាល់។

ដោយ​លើក​ឧទាហរណ៍​ពី​រដ្ឋ​ញូវយ៉ក លោក Mora បង្ហាញ​ពី​ស្ថានភាព​ក្នុង​ពេល​អនាគត​មួយ​ដែល​អាច​កើត​ឡើង។ នៅ​ក្នុង​ឆ្នាំ២១០០ រដ្ឋ​ ញូវយ៉ក ​នឹង​ត្រូវ​ប្រឈម​ជា​ញឹកញាប់​នឹង​ផលប៉ះពាល់​ដ៏​បំផ្លិចបំផ្លាញ​ដែល​អាច​នឹង​កើត​មាន​ដោយសារអាកាសធាតុ​ដ៏​គ្រោះថ្នាក់​៤យ៉ាង​ផ្សេងៗ​គ្នា ដែល​រួម​មាន​ទាំង​ធាតុអាកាស​ក្តៅ​ខ្លាំង​និង​កំណើន​កម្រិត​ទឹក​សមុទ្រ។​

ផលប៉ះពាល់​ទាំង​នេះ​អាច​ប៉ាន់ស្មាន​បាន ហើយ​នៅ​ពេល​អនាគត​ ទីក្រុង​នានា​ដូចជា ទីក្រុង Miami អាច​នឹង​ត្រូវ​ប្រឈម​ជាមួយ​នឹង​គ្រោះ​រាំងស្ងួត ការ​កើន​ឡើង​កម្តៅ​ខ្លាំង កំណើន​កម្រិត​ទឹក​សមុទ្រ និង​ព្យុះ​កាន់​តែ​ខ្លាំងក្លា​និង​ច្រើន​ជាង​មុន​។ លោក Mora និយាយ​ថា «តំបន់​ឆ្នេរ​សមុទ្រ​នៅ​ក្នុង​តំបន់​ត្រូពិក​នឹង​ត្រូវ​ឆេះ។ ទីក្រុង ​ស៊ីដនី ទីក្រុង Los Angeles ប្រទេស ​ប្រេស៊ីល និង​ទីក្រុង Mexico City សុទ្ធ​តែ​ប្រឈម​នឹង​ហានិភ័យ​ ខណៈ​ដែល​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​កើន​ឡើង»។

ការ​សិក្សា​របស់​លោក Mora ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដោយសារ​តែ​ព័ត៌មាន​លម្អិត​នានា​នៅ​ក្នុង​របាយការណ៍​នោះ។ លោក Mora បាន​និយាយ​ថា «យន្តហោះ​មិន​អាច​ហោះ​បាន​ទេ​ក្នុង​រលក​កម្តៅ ដោយសារ​ខ្សែ​ភ្លើង​នឹង​ឆ្លង​គ្នា​ក្នុង​ពេល​មាន​រលក​កម្តៅ»។ សម្រាប់​អ្នក​ដែល​ធ្វើ​ការ​នៅ​ខាង​ក្រៅ វា​អាច​នឹង​ក្តៅ​ខ្លាំង​ហួសហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួកគេ​ដែល​ពឹងផ្អែក​លើ​ការងារ​នោះ។​

ផល​ប៉ះពាល់​ទាំង​នេះ​រួម​បញ្ចូល​គ្នា​ នឹង​ជះឥទ្ធិពល​លើ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។ លោក Mora និយាយ​ថា ផលប៉ះពាល់​ទាំង​នេះ​នឹង​បង្កើត​ឲ្យ​មាន​ភាព​ស្មុគស្មាញ​នៅ​ក្នុង​សហគមន៍ ដែល​មាន​សមត្ថភាព​សេដ្ឋកិច្ច​ទាប​ជាង​មុន​ដើម្បី​ទប់ទល់​នឹង​ការ​ផ្លាស់ប្តូរ បូក​រួម​ទាំង​ការ​ចំណាយ​ផ្នែក​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន ដោយសារ​តែ​ការ​បំផ្លិចបំផ្លាញ​ និង​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ធាតុអាកាស​ក្តៅ​ហួស​កម្រិត។ ​

តើ​វា​យឺត​ពេល​ហើយ​ឬ​នៅ?

ទោះ​មាន​ព័ត៌មាន​អាក្រក់ៗ​ទាំង​នេះ​នៅ​ក្នុង​របាយការណ៍​វាយតម្លៃ​នេះ​ក៏​ដោយ ក៏​លោក Mora ជឿជាក់​លើ​សមត្ថភាព​របស់​យើង​គ្រប់​គ្នា​ដើម្បី​គេច​ចេញ​ឲ្យ​ផុត​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​នេះ។

លោក​បាន​និយាយ​ថា «វា​មិន​ទាន់​ដល់​នាទី​ចុង​ក្រោយ​នៅ​ឡើយ​ទេ។ យើង​មិន​ទាន់​យឺត​ពេល​ក្នុង​ការ​ផ្លាស់ប្តូរ​នោះ​ទេ ហើយ​យើង​មាន​ផ្លូវ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​។ ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​អនុវត្ត​មធ្យោបាយ​ទាំង​នេះ»។

លោក Mora និយាយ​ថា ដំណោះស្រាយ​ចំពោះ​បញ្ហា​កាបូន​ក្នុង​ពិភពលោក​នឹង​មិន​កើត​ចេញ​ពី​បណ្តា​មេដឹកនាំ​ពិភពលោក​នោះ​ទេ ទោះ​ណា​មាន​កិច្ចព្រមព្រៀង​ផ្សេងៗ​ ដូចជា​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ដែល​មេដឹកនាំ​ពិភពលោក​រាប់​រយ​នាក់​បាន​រួម​គ្នា​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ពួកគេ​ក៏​ដោយ។

លោក​និយាយ​ថា ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​ដើម្បី​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បន្តិច​ម្តងៗ​ នឹង​កើត​ចេញ​ពី​សាធារណជន ហើយ​លោក​លើក​ឡើង​ពី​កិច្ចប្រឹងប្រែង​នានា ដូចជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ Hawaii ដើម្បី​ក្លាយ​ជា​រដ្ឋ​មួយ​ដែល​មិន​បញ្ចេញ​កាបូន​នៅ​ត្រឹម​ឆ្នាំ២០៤៥ និង​ផ្លាស់ប្តូរ​ទៅ​ប្រើ​ថាមពល​កើត​ឡើង​វិញ​១០០%។

លោក Mora ក៏​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដាំ​ដើម​ឈើ​នៅ​ក្នុង​រដ្ឋHawaii ផង​ដែរ ដែល​លោក​និយាយ​ថា ប្រសិន​បើ​ការ​ដាំ​ដើម​ឈើ​អាច​ធ្វើ​បាន​នៅ​ទូទាំង​ពិភពលោក​ វា​អាច​ជួយ​ស្រូប​កាបូន​ចេញ​ពី​បរិយាកាស​បាន​ បន្ថែម​ពី​លើ​ការ​ឈប់​បញ្ចេញ​កាបូន​ចូល​ទៅ​ក្នុង​បរិយាកាស។ លោក​បាន​ហៅ​វិធី​នេះ​ថា​ជា​វិធីសាស្ត្រ​សាមញ្ញ​មួយ​ក្នុង​ចំណោម «វិធីសាស្ត្រ​សាមញ្ញៗ​ដទៃ​ទៀត​ដើម្បី​ជួយ​សម្អាត​ផែនដី​យើង​ទាំង​អស់​គ្នា»៕