អត្ថបទស្រាវជ្រាវស៊ីជម្រៅដំបូងមួយ ដែលរៀបរៀងដោយអ្នកស្រាវជ្រាវខ្មែរពីររូបដែលកំពុងបន្តការសិក្សានៅប្រទេសអូស្រា្តលី បានបង្ហាញថា ការវិនិយោគរបស់ចិននៅកម្ពុជាបានបង្កបញ្ហាជាច្រើនដល់ការរស់នៅ និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋខ្មែរ។ អត្ថបទនោះ បានព្រមានថា អំពើហិង្សាទ្រង់ទ្រាយធំក៏អាចផ្ទុះឡើងផងដែរ ប្រសិនបើរដ្ឋាភិបាលខកខានមិនបានរកដំណោះស្រាយនានាទៅលើបញ្ហាដែលបង្កដោយជនជាតិចិនមួយចំនួននៅកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា នេះគ្រាន់តែជាការរកឃើញមួយជ្រុងប៉ុណ្ណោះ ហើយវាមិនបានបញ្ជាក់ពីតថភាពពិតក្នុងសង្គមកម្ពុជានោះទេ។
ការណ៍ដែលរដ្ឋាភិបាលកម្ពុជាបន្តទុកចោល មិនដោះស្រាយចំណុចអវិជ្ជមានទាំងឡាយ ដែលកើតចេញពីសកម្មភាពវិនិយោគដ៏ផុសផុលរបស់ចិន និងឥរិយាបថរបស់ជនជាតិចិនដែលមិនស្របនឹងទំនៀមទម្លាប់របស់ពលរដ្ឋខ្មែរ អាចនឹងជំរុញឲ្យមានអំពើហិង្សាទ្រង់ទ្រាយធំនិងភាពចលាចលក្នុងសង្គម។ នេះបើយោងតាមការព្រមានរបស់អត្ថបទសិក្សាស្រាវជ្រាវស៊ីជម្រៅដំបូងថ្មីមួយ ដែលបានធ្វើការវាយតម្លៃលើផលប៉ះពាល់នានា ដែលបណ្តាលមកពីការវិនិយោគទុនយ៉ាងគំហុករបស់ចិននៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតនៅប៉ែកនិរតីប្រទេសកម្ពុជា។
អត្ថបទសិក្សាស្រាវជ្រាវដែលមានកម្រាស់១៩ទំព័រនិងត្រូវចេញផ្សាយដោយវិទ្យាស្ថាន«វេទិកាប៉ាស៊ីហ្វិក» Pacific Forum ដែលមានមូលដ្ឋាននៅកោះហាវ៉ៃ សហរដ្ឋអាមេរិកនេះ បានវាយតម្លៃជារួមអំពីផលប៉ះពាល់ទាំងឡាយ ដែលផ្តើមចេញការវិនិយោគរបស់ចិនក្នុងខេត្តព្រះសីហនុ។ អត្ថបទស្រាវជ្រាវនេះបានផ្អែកជាសំខាន់ទៅលើការវិភាគរបស់អ្នកជំនាញដែលត្រូវបានសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានជាតិ និងក្រៅប្រទេសជាច្រើនដកស្រង់អំពីខេត្តព្រះសីហនុក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការវាយតម្លៃនេះ រួមមានផលប៉ះពាល់ខាងនយោបាយ វប្បធម៌ បរិស្ថាន សង្គម និងសេដ្ឋកិច្ច និងអារម្មណ៍ប្រឆាំងនឹងជនជាតិចិន។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា អារម្មណ៍ប្រឆាំងនឹងជនជាតិចិននេះអាចនឹងបង្កឲ្យមានបាតុភាពចលាចល និងអំពើហិង្សាទ្រង់ទ្រាយធំ ប្រសិនបើរដ្ឋាភិបាលកម្ពុជា និងចិនមិនអាចលើកឡើងនូវវិធានការដោះស្រាយចំណុចរំខានផ្សេងៗកន្លងមកបណ្តាលមកពីជនជាតិចិនមួយចំនួន ដែលមកធ្វើការរកស៊ី និងបោះទុនវិនិយោគក្នុងសង្គមខ្មែរ។
ក្រុមអ្នកនិពន្ធអត្ថបទដែលមានចំណងជើងថា«ការវាយតម្លៃផលប៉ះពាល់របស់វិនិយោគចិននៅកមុជា៖ ករណីខេត្តព្រះសីហនុ»បានកត់សម្គាល់នូវបញ្ហាសំខាន់ៗមួយចំនួនដែលកើតឡើងនៅខេត្តព្រះសីហនុ និងដែលអាចញ៉ាំងឲ្យពលរដ្ឋខ្មែរទប់កំហឹងមិនបាន ហើយរកវិធីវាយបកប្រឆាំងនឹងជនជាតិចិនវិញ។
បញ្ហាទាំងនោះរួមមានការកើនឡើងថ្លៃជួលផ្ទះ ការកើនឡើងថ្លៃចំណាយសម្រាប់ការរស់នៅ ការបាត់បង់ប្រាក់ចំណូលដោយសារតែការហូរចូលនៃឈ្មួញរកស៊ីរបស់ចិន សកម្មភាពផ្តល់កម្ចីឥណទានខុសច្បាប់ប្រព្រឹត្តក្នុងចំណោមជនជាតិចិនគ្នាឯង ហើយនិងការបើករបររកស៊ី ដែលពលរដ្ឋខ្មែរពិបាកទទួលយកគឺការបើកបនស្រី និងសកម្មភាពបាញ់បោះ វាយទាត់ធាក់ និងកាប់ចាក់គ្នា ក៏ដូចការបើកបរបង្កគ្រោះថ្នាក់ជាដើម។
ក្រុមអ្នកស្រាវជ្រាវខ្មែរទាំងពីររូបដែលជានិសិ្សតថ្នាក់បណ្ឌិតកំពុងបន្តការសិក្សានៅប្រទេសអូស្រា្តលីផងនោះ បានសរសេរថា៖
«ការប្រែប្រួលទាំងឡាយ ដែលកំពុងកើតមានក្នុងតំបន់នេះបានធ្វើឲ្យសាធារណជនខ្មែរគ្មានទឹកចិត្តនឹងទៅលេងខេត្តព្រះសីហនុនោះឡើយ ទោះបីទីនោះធ្លាប់ជាកន្លែងលំហែកាយដ៏ពេញនិយមក្នុងប្រទេសកម្ពុជាក៏ដោយ»។ ពលរដ្ឋខ្មែរជាច្រើនមិនទៅលេងខេត្តព្រះសីហនុនោះក៏ដោយសារតែហេតុផលសន្តិសុខ វត្តមានជនបរទេស[ចិន] និងអំពើហិង្សា។
បើក្រឡេកមើលផលប៉ះពាល់ខាងបរិស្ថានវិញនោះ អត្ថបទស្តីពីផលប៉ះពាល់របស់វិនិយោគចិននៅខេត្តព្រះសីហនុបានពណ៌នាត្រួសៗថា បនល្បែងស៊ីសង រោងចក្រផលិតថាមពល និង កន្លែងចម្រាញ់ប្រេង ដែលដំណើរការដោយចិន បានបង្កឲ្យមានការខូចខាតគុណភាពបរិស្ថានយ៉ាងដំណំ ដោយសារតែការបោះចោលនូវសារធាតុបំពុលពីរោងចក្រ និងកន្លែងសាងសង់ជាច្រើនដោយប្រយោលចូលទៅក្នុងសមុទ្រ។
ការសរសេរអក្សរខ្មែរមិនត្រឹមត្រូវពីសំណាក់ជនជាតិចិនក៏ត្រូវបានលើកឡើងនៅក្នុងអត្ថបទដដែលនេះដែរ។
លោក ប៉ូ សូវីនដាជានិស្សិតថា្នក់បណ្ឌិតនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី ដែលជាអ្នកនិពន្ធមួយរូបនៃអត្ថបទខាងលើនេះ បានប្រាប់ VOA បន្ថែមតាមសារអេឡិចត្រូនិក ឬ Email ថា ទោះបីករណីនៅក្នុងខេត្តព្រះសីហនុអាចមានទំហំភូមិសាស្ត្រតូចក្តី តែឥទ្ធិពលរបស់វាគឺអាចរីកសាយធំជាងនេះ។ លោកបានពន្យល់ថា បញ្ហាជាតិនិយមគឺគ្មានព្រំដែននោះទេ។
លោក ប៉ូ សូវីនដា ដែលជាអ្នកស្រាវជ្រាវមួយរូបដែរនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ឬ CICP បានបន្តប្រាប់ VOA តាមសារជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ប្រសិនបើមនុស្សមានអារម្មណ៍ថា ក្រុមពួកខ្លួនត្រូវបានគេបំពានដោយប្រការណាមួយនោះ នៅទីណាមួយ ក្នុងទឹកដីរបស់ពួកគេ ពួកគេនឹងតបតវិញរហូតដល់ទីបញ្ចប់»។
លោកបានឲ្យដឹងទៀតថា៖
«យករឿងអារ៉ែងជាឧទាហរណ៍! ប្រជាជនមកពីទីក្រុងបានរួមដៃគ្នាជាមួយប្រជាជនមកពីទីកន្លែងផ្សេងទៀត ដើម្បីជំទាស់នឹងការសាងសង់ទំនប់ដោយក្រុមហ៊ុនចិន។ ជារួមមក បញ្ហានៅខេត្តព្រះសីហនុគឺមិនមែនជារឿងក្នុងខេត្តមួយនោះទេ តែវាជារឿងរបស់ប្រជាជាតិមួយ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកមិនទាន់បានឃើញអត្ថបទស្រាវជ្រាវរបស់និស្សិតខ្មែរទាំងពីរនាក់នោះទេ។ យ៉ាងណាក៏ដោយ លោកមិនបានច្រានចោលទាំងស្រុងថា អ្វីដែលបានលើកឡើងក្នុងអត្ថបទនោះសុទ្ធតែខុស ឬត្រូវនោះទេ។
តែលោកថា លោកនឹងមិនឲ្យចំណាត់ថ្នាក់ល្អទេចំពោះការសរសេរដែលមិនបានចុះមកអង្កេតផ្ទាល់អំពីស្ថានភាពពិតនៅកម្ពុជា ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍ ក្រោយការបំផ្លាញពីក្រុមបញ្ញវ័ន្តដែលបានសិក្សាពីក្រៅប្រទេស ក្នុងនោះមានលោកខៀវ សំផន អតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ។
«អ្នកទាំងអស់គ្នា គេបានវាយតម្លៃល្អណាស់ចំពោះនិក្ខេបទដុកទ័រ ថ្នាក់បណ្ឌិតរបស់ខៀវ សំផន។ ទីបំផុត ខៀវ សំផនបានយកអាដេញ អ្វីដែលគាត់បានរៀននៅក្រៅប្រទេសនេះមកអនុវត្តនៅស្រុកខ្មែរ រហូតតាំងពីគាត់ធ្វើការងារក្នុងរាជរដ្ឋាភិបាលក្តី រហូតគាត់តស៊ូក្នុងព្រៃក្តី រហូតគាត់ដណ្តើមបានជ័យជម្នះឆ្នាំ១៩៧៥អី លទ្ធផលដឹងហើយនេះគឺជាលទ្ធផលរបស់និស្សិតខ្មែរមួយរូប ដែលបានទៅរៀននៅក្រៅប្រទេស»។
អ្នកនាំពាក្យរូបនេះសុំមិនផ្តល់ការអធិប្បាយបន្ថែម នៅពេល VOA ព្យាយាមសួរលោកទាក់ទងទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហា ដែលមានជាប់ពាក់ព័ន្ធនឹងជនជាតិចិន។ឮ
ចំណែកលោកបណ្ឌិតឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ យល់ស្របនឹងការលើកឡើងរបស់អត្ថបទខាងលើ ចំពោះការយល់ឃើញចំណុចអវិជ្ជមានមួយជ្រុងនៃការមករកស៊ីរបស់ជនជាតិចិននៅកម្ពុជា។ តែលោកថា រដ្ឋាភិបាលទីក្រុងប៉េកាំងគ្មានគោលនយោបាយបង្កើតឲ្យមានចំណុចអវិជ្ជមានទាំងនេះទេ ដូច្នេះ អ្វីដែលអាចដោះស្រាយបាននោះគឺរដ្ឋាភិបាលខ្មែរ និងចិនត្រូវធ្វើការរួមគ្នាដើម្បីរកច្រកដោះរាល់ចំណុចខ្វះខាតនានា ព្រោះចំណុចទាំងនោះជាក្តីកង្វល់រួមរបស់ចិន និងកម្ពុជា។
«អ៊ីចឹងទេ ជាកង្វល់រួម រវាងចិន និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យស្ថានការណ៍ហ្នឹងវាប្រសើរឡើង ធ្វើម៉េចឲ្យទំនាក់ទំនងប្រជាជន និងប្រជាជនហ្នឹងល្អប្រសើរ»។
អត្ថបទស្តីពីការវាយតម្លៃផលប៉ះពាល់របស់វិនិយោគចិននៅកមុជា៖ ករណីខេត្តព្រះសីហនុ បានលើកយកឧទាហរណ៍អតីតកាលមកសង្កត់ធ្ងន់អំពីលទ្ធភាពនៃការផ្ទុះអំពីហិង្សាទៅអនាគតថា៖
«ប្រសិនបើរដ្ឋាភិបាលកម្ពុជាបន្តទុកឲ្យអារម្មណ៍ប្រឆាំងនឹងជនជាតិកើតមានឡើងតទៅទៀតនិងនៅពេលគ្មានវិធានការជាក់លាក់ត្រូវបានធ្វើឡើងនោះ នោះប្រជាជននឹងងាកទៅរកអំពើហិង្សា ដែលមានសក្តានុពលនាំដល់ចលាចលសង្គម និងអំពើហិង្សាទ្រង់ទ្រាយធំ ដូចធ្លាប់បានឃើញស្រាប់ពេលមានកុប្បកម្មប្រឆាំងនឹងប្រទេសថៃកាលពីឆ្នាំ២០០៣កន្លងទៅ យូរហើយនោះ»។
ក្រៅពីលើកឡើងអំពីផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមបង្កដោយមុខរបររកស៊ីរបស់ចិននៅកម្ពុជា អត្ថបទដដែលក៏បានព្រមានផងដែរថា ការពឹងផ្អែកខ្លាំងក្លារបស់កម្ពុជាទៅលើចរន្តវិនិយោគទុនរបស់ប្រទេសចិនតែមួយនឹងអាចបង្កផលប៉ះពាល់រយៈពេលវែងដល់ប្រជាជនកម្ពុជា ហើយប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះត្រូវតែកែលម្អកំណត់ត្រាសិទ្ធិមនុស្សដើម្បីជាផ្នែកមួយនៃការរក្សាលំហវិនិយោគទុនទៅប្រទេសផ្សេងទៀត ក្នុងនោះមានប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបកំពុងយកកំណត់ត្រាសិទ្ធិមនុស្សមិនល្អនេះមកធ្វើជាមូលដ្ឋានដើម្បីព្យួរកម្មវិធីអនុគ្រោះពន្ធដល់ការនាំទំនិញកម្ពុជាចូលទីផ្សារអឺរ៉ុប៕