របាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលចេញផ្សាយនៅថ្ងៃសុក្រនេះបង្ហាញថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន បាន«រងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ»នៅចន្លោះខែកញ្ញា ឆ្នាំ២០២០ដល់ខែសីហាឆ្នាំ២០២១។
របាយការណ៍ជាភាសាខ្មែរ កម្រាស៦៦ទំព័រ ចេញផ្សាយនៅខែមេសានេះ ឱ្យដឹងថា ស្ថាប័នសារព័ត៌មានចំនួន៧ ត្រូវបានដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានយ៉ាងហោចណាស់៩នាក់ និងអ្នកការពារសិទ្ធិមនុស្ស១៧នាក់ ទទួលរងនូវផលប៉ះពាល់ពី«ការគាបសង្កត់មិនឈប់ឈរ» និង«គោលការណ៍មិនអត់ឱនចំពោះមតិរិះគន់ពីសំណាក់រដ្ឋាភិបាល»។ ការគាបសង្កត់នោះនៅក្រោមរូបភាពប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ដូចជាការកោះហៅ ដោយអាជ្ញាធរ ការសួរចម្លើយ ការចាប់ខ្លួន ការឃុំខ្លួន ការបង្ខំឱ្យចុះកិច្ចសន្យា ការចោទប្រកាន់ និងការផ្តន្ទាទោស។
របាយការណ៍នេះបញ្ជាក់ថា អ្នកសារព័ត៌ឯករាជ្យត្រូវបានអាជ្ញាធររើសអើង និងជួបឧបសគ្គដូចជាទទួលបានព័ត៌មានយឺត និងការបដិសេធមិនផ្តល់ព័ត៌មានពីសំណាក់អាជ្ញាធរ។
របាយការណ៍ដដែលនេះបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ដែលមានលក្ខណៈគាបសង្កត់ច្រើន ក្នុងប៉ុន្មានឆ្នាំនេះ ដោយបំពានលើសេរីភាពខាងបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន»។
តាមរយៈរបាយការណ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ដូចជាការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឱ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងត្រូវពិនិត្យមើលច្បាប់ផ្សេងទៀតដែលប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ឱ្យអនុលោមតាមច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន និងលុបចោលអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏ទាមទារឱ្យបញ្ឈប់ការយាយីតាមប្រព័ន្ធតុលាការ និងត្រូវដោះលែងជាបន្ទាន់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលកំពុងជាប់ពន្ធនាគារ ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់ដល់សកម្មជនបរិស្ថាន និងសកម្មជនផ្សេងទៀត ដើម្បីធានាបរិយាកាសអំណោយផល និងការអនុវត្តសេរីភាពបញ្ចេញមតិស្របតាមច្បាប់ ដោយសេរី គ្មានការភ័យខ្លាច គ្មានឧបសគ្គ និងគ្មានការរារាំង ឬយាយីតាមរូបភាពផ្សេងៗ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏ជំរុញឱ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ចំពោះជនល្មើស ដែលបានវាយប្រហារ និងប្រព្រឹត្តអំពើមិនគប្បីលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ហើយកាត់ទោសជនល្មើសទាំងនោះ ដើម្បីឈានទៅបញ្ឈប់និទណ្ឌភាព។
លោក ហួន ផន ជាអ្នកសម្របសម្រួលគម្រោងការលើកកម្ពស់ និងការពារសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជួបបញ្ហាប្រឈមមួយចំនួន ដូចជារងបណ្តឹងតុលាការ ការបំភិតបំភ័យនិងការប្រឈមក្នុងការទទួលបានព័ត៌មានជាដើម។ លោកចាត់ទុកថា ការយាយី និងការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សជាការគំរាមកំហែងលើសិទ្ធិសេរីភាពសារព័ត៌មាន និងគំរាមកំហែងការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោកប្រាប់វីអូអេថា៖ «នៅក្នុងរបាយការណ៍ទៀតសោត ក៏បានឆ្លុះបញ្ចាំង បង្ហាញឱ្យឃើញអំពីស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ និងសិទ្ធិទទួលព័ត៌មានក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពមួយដែលមិនសេរី»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលត្រូវបានតុលាការដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម ប្រាប់វីអូអេថា លោកកត់សម្គាល់ថា បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបញ្ចេញមតិបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ ការចាប់សកម្មជនសង្គ្រោះជាតិ និងសកម្មជនសង្គមផ្សេងទៀត។ លោកបន្តថា សិទ្ធិមនុស្ស និងសិទ្ធិសេរីភាព ក៏បន្តធ្លាក់ចុះរហូតមកបច្ចុប្បន្ននេះផងដែរ។
លោក រ៉ុង ឈុន ដែលឈ្មោះរបស់លោកត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍នេះដែរនោះ ស្នើឱ្យរដ្ឋាភិបាលគោរព និងអនុវត្តច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាសិទ្ធិមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ លោកថា ប្រសិនរដ្ឋមិនបានបំពេញតួនាទីខ្លួនទេ នោះប្រជាពលរដ្ឋនឹងបាត់បង់សិទ្ធិសេរីភាព និងភ័យខ្លាចក្នុងការចូលរួម ការប្រមូលផ្តុំទាមទារអ្វីមួយដែលពួកគេចង់បាន។
លោកថ្លែងថា៖ «យើងគិតថា រដ្ឋាភិបាលត្រូវតែគោរពអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ចៀសវាងការតាក់តែងច្បាប់ ផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការបង្កើតច្បាប់មិនអាចល្អឥតខ្ចោះឡើយ ហើយអាចធ្វើវិសោធនកម្មបាន នៅពេលមានបញ្ហាក្នុងការអនុវត្ត។ លោកបានចោទថា សកម្មជនសិទ្ធិមនុស្សមួយចំនួន បានបំពានច្បាប់ ទើបមានការចាប់ខ្លួនពួកគេ។
លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ប៉ុន្តែបញ្ហានៅកម្ពុជាមិនមែនជាបញ្ហាច្បាប់ទេ បញ្ហាមែនទែន គឺបញ្ហាដែលប្រជាពលរដ្ឋមួយក្តាប់តូច គឺថា បានធ្វើសកម្មភាពក្នុងការបំពានច្បាប់ ហើយក្រោមរូបភាពនៃការអនុវត្តសិទ្ធិសេរីភាព។ ហើយការណ៍ដែលធ្វើសកម្មភាពបំពានច្បាប់ ដោយយកលេស ឬក្រោមរូបភាពនៃការអនុវត្តសិទ្ធិសេរីភាពនៃការជួបជុំ នៃការបញ្ចេញមតិអីហ្នឹងគឺថា មិនអាចការពារខ្លួនបាននោះទេ»។
លោកបន្ថែមថាមិនថានៅកម្ពុជា និងនៅក្នុងសង្គមប្រជាធិបតេយ្យណាក៏ដោយ រាល់សកម្មភាពបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដទៃ គឺមិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់ទេ។
ចំណែកលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលការលើកឡើងក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទាក់ទងនឹងសេរីភាពសារព័ត៌មាន។ លោកថាវាមិនឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ តាមតថភាពក្នុងការអនុវត្តក្នុងសង្គមទេ។ លោកបានការពារថាសេរីភាពសារព័ត៌មានកម្ពុជាត្រូវបានការពារដោយច្បាប់នៃរបបសារព័ត៌មានរបស់ប្រទេស ហើយមានភាពរីកចម្រើន ទាំងវិសាលភាព និងមធ្យោបាយផ្សព្វផ្សាយព័ត៌មាន ដោយមានលក្ខណៈសេរី គ្មានការរើសអើង និងការបៀតបៀន គ្មានការរឹតត្បិតឡើយ។
លោកថ្លែងថា៖ «របាយការណ៍នេះវាមិនបានឆ្លុះបញ្ចាំងពីការពិតទៅតាមករណីនីមួយៗនៃករណីដែលពាក់ព័ន្ធតួនាទី ភារកិច្ច ក៏ដូចជាសិទ្ធិសេរីភាពសារព័ត៌មាននោះទេ។ អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ...ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈដទៃទៀតដែរ នៅពេលដែលខ្លួនប្រព្រឹត្តផ្ទុយនឹងច្បាប់ ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ពួកគាត់ត្រូវទទួលខុសត្រូវខាងផ្នែកវិន័យ ទាំងផ្នែករដ្ឋបាល ក៏ដូចជាការទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានផងដែរ»។
ទោះជាយ៉ាងណា លោក ហួន ផន មន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាការពាររបាយការណ៍របស់មជ្ឈមណ្ឌលនេះ ដោយលោកបញ្ជាក់ថា ទិន្នន័យ និងព័ត៌មានផ្សេងៗនៃរបាយការណ៍នេះ ត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។ លោកស្នើទៅក្រសួងព័ត៌មានពិនិត្យរបាយការណ៍នេះដើម្បីដោះស្រាយបញ្ហាប្រឈម។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា លោក ណុប វី កត់សម្គាល់ថា តាំងពីឆ្នាំ២០១៧មក សេរីភាពសារព័ត៌មានទទួលរងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ។ ហើយលោកថា ក្នុងឆ្នាំ២០២១ ករណីប្រឆាំង និងយាយីលើអ្នកសារព័ត៌មាន មានជាង៩០នាក់ ដែលរួមមានអ្នកសារព័ត៌មានមួយចំនួនស្ថិតក្នុងពន្ធនាគារនៅឡើយ។
ដូច្នេះលោកចង់ឃើញរដ្ឋាភិបាល និងអង្គការសមាគមសារព័ត៌មាន ធ្វើការរួមគ្នាក្នុងការពិនិត្យមើលគោលការណ៍ច្បាប់ គោលការណ៍គតិយុត្តិផ្សេងៗទៀត ដែលគំរាមកំហែងដល់អ្នកសារព័ត៌មាន ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាំងអស់ឱ្យមានប្រសិទ្ធភាព។ លោកបន្ថែមថា អាជ្ញាធរ ក៏ត្រូវធានាដល់កិច្ចការការពារសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងធានាថា មិនមានអ្នកសារព័ត៌មានណាម្នាក់រងការបៀតបៀន។
លោកថ្លែងថា៖ «ជារួមភាគីពាក់ព័ន្ធផ្សេងៗ យើងគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការធ្វើឱ្យប្រសើរឡើងវិញនូវសេរីភាពសារព័ត៌មាន ដូច្នេះក្រសួងព័ត៌មាន គួរធ្វើយ៉ាងណាក៏ដោយកុំឱ្យដកអាជ្ញាបណ្ណសារព័ត៌មានផុយស្រួយពេក ហើយធានាពីតម្លាភាពនៃការផ្តល់អាជ្ញាបណ្ណ ធានាតម្លាភាពនៃការអនុវត្តចំពោះអ្នកសារព័ត៌មានទូទៅឱ្យបានដូចៗគ្នា»។
លោក ណុប វី ក៏ស្នើទៅអ្នកសារព័ត៌មានទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានល្អប្រសើរ ដើម្បីធានាការអនុវត្តការងារសារព័ត៌មានត្រឹមត្រូវ៕