នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការសមាគមធាងត្នោតបានបង្ហាញការរកឃើញអំពីការគំរាមកំហែង ការបំភិតបំភ័យ ការរឹតត្បិតសិទ្ធិសេរីភាព ការរើសអើង និងការលាបពណ៌នយោបាយទៅលើក្រុមស្ត្រីជាតំណាងសហគមន៍ក្រីក្រពីសំណាក់អាជ្ញាធរមូលដ្ឋាន។
កាលពីខែឧសភា ឆ្នាំ២០២២ អង្គការសមាគមធាងត្នោតបានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយនៅក្នុងរាជធានីភ្នំពេញ ទៅលើបញ្ហាប្រឈមរបស់ស្ត្រីរស់នៅក្នុងសហគមន៍ក្រីក្រដើម្បីឈ្វេងយល់ពីវិសាលភាពនៃបញ្ហាស្ត្រីទាំងនោះលើបញ្ហាប្រឈមទាក់ទងការតស៊ូ និងបញ្ចេញមតិលើបណ្តាញទំនាក់ទំនងសង្គម។
អង្គការសមាគមធាងត្នោតបានសម្ភាសស្ត្រី៦នាក់នៅក្នុងសហគមន៍ផ្សេងគ្នាក្នុងខណ្ឌមួយចំនួននៃរាជធានីភ្នំពេញ ដោយពួកគេជាតំណាងសហគមន៍ ជាប្រធានសហគមន៍ និងអនុប្រធានសហគមន៍។ បន្ទាប់ពីសម្ភាសស្ត្រីទាំង៦នាក់ អង្គការបានរកឃើញនូវបញ្ហាប្រឈម ដូចជាការញុះញង់ ការលាបពណ៌នយោបាយ ការរើសអើសក្នុងការផ្តល់សេវាសាធារណៈពីសំណាក់អាជ្ញាធរ ការបំភិតបំភ័យ ការគំរាមកំហែង និងការរឹតត្បិតសិទ្ធិសេរីភាពជាដើម។
សមាគមធាងត្នោតកត់សម្គាល់ថា ជារឿយៗ អាជ្ញាធរមូលដ្ឋានបានចាត់ទុកការតស៊ូមតិ និងការនិយាយស្តីពីបញ្ហាប្រឈមនៅក្នុងសហគមន៍របស់ស្រ្តីខាងលើជាការប្រឆាំងនឹងរដ្ឋាភិបាល។
បើតាមរបាយការណ៍ដដែល ស្ត្រីដែលបានផ្តល់បទសម្ភាសន៍ទាំងអស់រងការរឹតត្បិតសិទ្ធិសេរីភាព ក្រោមរូបភាពផ្សេងៗគ្នា ដូចជាការដាក់កងកម្លាំងមានសមត្ថកិច្ចឃ្លាំមើលសកម្មភាព ការគំរាមកំហែង និងការនាំខ្លួនទៅសាលាសង្កាត់ដើម្បីសាកសួរ និងផាកពិន័យជាដើម។
បើតាមស្ត្រីម្នាក់ឈ្មោះ មីង ចាន ដែលអង្គការសមាគមធាងត្នោតបានចងក្រង សហគមន៍របស់អ្នកស្រី ចាន់ កាលពីខែកញ្ញា ឆ្នាំ២០១៨ បានប្រារព្ធពិធីសិទ្ធិលំនៅដ្ឋានពិភពលោក ប៉ុន្តែអ្នកស្រីត្រូវបានអាជ្ញាធរហៅទៅសង្កាត់ ដោយអាជ្ញាធរដែលសុទ្ធតែប្រុសៗ បានគំរាមកំហែង ស្រែកគំហក និងចោទប្រកាន់អ្នកស្រីថា ធ្វើសកម្មភាពមិនត្រឹមត្រូវ ដោយគួរតែលុបចោលការបង្ហោះលើបណ្តាញសង្គមអំពីសកម្មភាពនានា និងមានសកម្មភាពទះតុ និងមិនអនុញ្ញាតឱ្យបន្តសកម្មភាពណាដែលអាជ្ញាធរថា ជារឿងប៉ះពាល់រាជរដ្ឋាភិបាលជាដើម។ អ្នកស្រី ចាន់ ត្រូវបានដកស្រង់សម្តីថា អាជ្ញាធរមិនបានពន្យល់ណែនាំដោយសន្តិវិធី និងផ្តល់ដំណោះស្រាយសមរម្យឡើយ ដែលអ្នកស្រីថា វាប៉ះពាល់ដល់សិទ្ធិមនុស្ស រំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកស្រី។
ស្ត្រី៥នាក់ផ្សេងទៀតក៏ផ្តល់បទសម្ភាសន៍ទៅកាន់សមាគមធាងត្នោតអំពីបញ្ហាស្រដៀងគ្នានឹងអ្នកស្រី ចាន់ ផងដែរ។
របាយការណ៍របស់សមាគមក៏បានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៦នាក់នេះ គឺអាជ្ញាធរហាមឃាត់មិនឱ្យបង្ហោះរូបភាពអំណោយរបស់អង្គការសង្គមស៊ីវិលដែលផ្តល់ឱ្យក្នុងអំឡុងពេលកូវីដ១៩ទេ ដោយអាជ្ញាធរហៅថា ការផ្តល់អំណោយនោះជា«កិច្ចកលនយោបាយ»។
អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សមាគមបានចុះជួបជាមួយស្រ្តីជាច្រើន ប៉ុន្តែស្រ្តីមួយចំនួនធំដែលរស់នៅក្នុងសហគមន៍ក្រីក្រមិនផ្តល់ព័ត៌មាន ដោយហេតុផលផ្សេងៗគ្នា។ ចំណែកស្រ្តី៦នាក់ក្នុងរបាយការណ៍នេះគឺបានស្ម័គ្រចិត្តក្នុងការផ្តល់បទសម្ភាសន៍នេះ។
អ្នកស្រីយល់ថា ប្រសិនបើករណីទាំងអស់នេះ នៅតែបន្តកើតមាន នោះវាធ្វើឱ្យប៉ះពាល់សិទ្ធិពលរដ្ឋ និងសិទ្ធិបញ្ចេញមតិយ៉ាងខ្លាំង ដូច្នេះរដ្ឋាភិបាលគួរតែពិចារណា ដោះស្រាយបញ្ហាទាំងអស់នេះ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបញ្ចេញមតិ និងលើកឡើងពីបញ្ហាប្រឈមឱ្យបានពេញលេញ ដោយកុំឱ្យមានការភ័យខ្លាច។
អ្នកស្រីថ្លែងថា៖ «កាលណាសិទ្ធិសេរីភាពអត់ត្រូវបានផ្តល់ឱ្យ សូម្បីនិយាយពីបញ្ហារបស់ខ្លួនឯងជួបប្រទះរាល់ថ្ងៃក៏អត់បានផង អាហ្នឹងយើងដឹងហើយថា សិទ្ធិរបស់គាត់គឺប៉ះពាល់ខ្លាំងមែនទែន គឺវាចូលលក្ខណៈរំលោភសិទ្ធិមនុស្ស គឺសិទ្ធិនៃការបញ្ចេញមតិរបស់គាត់។ ហើយអាហ្នឹងបើគាត់បញ្ចេញមតិអត់បាន គាត់និយាយពីបញ្ហាអត់បាន អ៊ីចឹងការរស់នៅរបស់គាត់ ការផ្សេងៗដែលធ្វើឱ្យគាត់ធ្លាក់ទៅក្នុងភាពក្រីក្រ ក៏វាជំរុញទៅតាមក្រោយហ្នឹងដែរ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ការពារថា មិនមានការគំរាមកំហែង ដូចរបាយការណ៍របស់សមាគមធាងត្នោតឡើយ។ លោកថែមទាំងចោទថា របាយការណ៍នេះធ្វើដើម្បីតម្រូវចិត្តម្ចាស់ជំនួយតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «គាត់និយាយអ៊ីចឹងធម្មតា ព្រោះអង្គការធាងត្នោតជាអង្គការដែលទទួលលុយពីបរទេស ដូច្នេះគាត់ត្រូវធ្វើរបាយការណ៍យ៉ាងណា ដើម្បីយកចិត្ត ឬលួងលោមឱ្យចៅហ្វាយគាត់ពេញចិត្ត»។
លោកបន្ថែមថា៖ «ការគំរាមកំហែង ឬមិនគំរាមកំហែងមិនមែនអាស្រ័យលើពូនិយាយម្នាក់ឯងទេ គឺយើងមើលទៅលើសន្លឹកឆ្នោតដែលពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនដែលបង្កើតរដ្ឋាភិបាលហ្នឹងបានហើយ»។
បើតាមរបាយការណ៍នេះ អង្គការសមាគមធាងត្នោតបានផ្តល់អនុសាសន៍ថា អាជ្ញាធរមូលដ្ឋានគួរលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងលើកឡើងពីបញ្ហាប្រឈម និងត្រូវដោះស្រាយបញ្ហាទាំងនោះ ដោយមិនត្រូវចាត់ទុកការបញ្ចេញមតិជាការប្រឆាំងរដ្ឋាភិបាល ហើយរដ្ឋបាលថ្នាក់ជាតិត្រូវពិនិត្យមើលការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាក់ទងការការពារ គោរព និងធានាសិទ្ធិពលរដ្ឋ និងបញ្ឈប់ការបំភិតបំភ័យតាមគ្រប់រូបភាពទាក់ទងការបញ្ចេញមតិ និងត្រូវអនុវត្តគោលនយោបាយ លើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយសុខដុមនីយកម្មសង្គមទាំងមូល ប្រឆាំងរាល់ទម្រង់នៃការរើសអើង បែងចែកសង្គមជាដើម៕