របាយការណ៍៖ ស្រ្តី​មេម៉ាយ​កម្ពុជា​ប្រឈម​ច្រើន​នឹង​ភាព​អៀន​ខ្មាស និង​បញ្ហា​ផ្លូវ​ចិត្ត

រូបឯកសារ៖ អ្នក​ជំងឺ​ផ្លូវចិត្ត​រង់ចាំ​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០៧។

ការ​សិក្សា​មួយ​បង្ហាញ​ថា ​ស្រ្តី​ដែល​លែងលះ​ស្វាមី​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន រួម​មាន​ភាព​អៀន​ខ្មាស បញ្ហា​ផ្លូវ​ចិត្ត​ដែល​ដក់​ជាប់​អារម្មណ៍ ទទួល​រង​នូវ​ភាព​អាម៉ាស់ និង​ការ​វិនិច្ឆ័យ​ពី​សង្គម។ ស្ត្រី​ទាំង​នោះ​ងាយ​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ផ្នែក​ហិរញ្ញ​វត្ថុ និង​ផ្លូវ​ចិត្ត​ជាង​បុរស​ក្រោយ​ឆ្លង​កាត់​ការ​លែងលះ។ នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គ​ការ​ ក្លាហាន ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ។

ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​ក្លាហាន​ដែល​មាន​ចំណង​ជើង​ថា​«ផ្លូវ​បំបែក» ជា​ការ​សិក្សា​មួយ​ទាក់ទង​ពី​ផ្នត់​គំនិត​សង្គម​ទៅ​លើ​ការ​ចែក​ផ្លូវ​គ្នា​ ការ​លែងលះ​ និង​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា។ ការ​សិក្សា​នេះ​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ដើម​ឆ្នាំ​២០២៣ និង​ដាក់​ចេញ​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០២៣​ ដោយ​មាន​ការ​ចូល​រួម​ស្ទង់​មតិ​អនឡាញ​ពី​ស្រ្តី និង​បុរស សរុប​ប្រមាណ​៤០​នាក់​មក​ពី​រាជ​ធានី​ភ្នំពេញ និង​តំបន់​ដាច់​ស្រយាល​រួម​មាន​ខេត្ត​រតនគិរី​ និង​ខេត្ត​កែប។ អ្នក​ចូលរួម​២២​នាក់​ក្នុង​ចំណោម​អ្នក​ចូល​រួម​ស្ទង់​មតិ​ទាំង​៤០​នាក់​ជា​ស្រ្តី​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​លែងលះ។

ស្ត្រី​ក្រោយ​លែងលះ​ច្រើន​មាន​ភាព​អៀន​ខ្មាស​ មាន​បញ្ហា​ផ្លូវ​ចិត្ត​ដែល​ដក់​ជាប់​អារម្មណ៍ បញ្ហា​ហិរញ្ញវត្ថុ និង​ការ​ប៉ះពាល់​អាក្រក់​ដល់​ក្មេង​ដែល​ជា​កូន។ ប៉ុន្តែ​ក្រោយ​ការ​លែងលះ ស្ត្រី​ទាំង​នោះ​មិន​ប្រឈម​នឹង​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន​ពី​អតីត​ស្វាមី មាន​សេរីភាព​ផ្ទាល់​ខ្លួន​ និង​មាន​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​អតីត​ស្វាមី។ នេះ​បើ​តាម​ការ​សិក្សា​ដដែល។

អ្នកស្រី​ ម៉ៅ​ ម៉ាប់ នាយិកា​ប្រតិបត្តិ​អង្គការ​ក្លាហាន​ ប្រាប់​វីអូអេ​ថា​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ប្រើ​វិធីសាស្ត្រ​តាម​បែប​ស្ត្រីនិយម​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​ការ​លែងលះនិង​អ្នក​ដែល​មក​ពី​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​លែងលះ។ ការ​សិក្សា​នេះ​ជា​ចំណែកមួយ​ដែល​អាច​ជួយ​ដល់​ស្ត្រី​ដែល​មាន​បញ្ហា​ ក្រោយ​ការ​លែងលះ។

អ្នក​ស្រី​ថ្លែង​ថា៖ «មូល​ហេតុ​ដែល​អង្គ​ការ​ក្លាហាន​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​ទៅ​លើ​បញ្ហា​នេះ ដោយ​សារ​តែ​យើង​មើល​ឃើញ​ថា ការ​លែងលះ​ជា​ជម្រើស​ដ៏​ចម្រូងចម្រាស​មួយ​សម្រាប់​ទាំង​ស្រ្តី​ និង​បុរស​ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​គឺ​យើង​មើល​ឃើញ​ថា​ ទស្សនៈ​មួយ​ដែល​និយាយ​ថា​ ក្នុង​មួយ​ជីវិត​ហ្នឹង​រៀប​ការ​បាន​តែ​ម្តង​គឺ​នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា»។

នាយក​ប្រតិបត្តិ​រូប​នេះ​យល់​ឃើញ​ថា​ ដើម្បី​ឱ្យ​ស្ត្រី​ដែល​មាន​បញ្ហា​ក្នុង​ការ​លែងលះ​ទទួល​បាន​នូវ​ភាព​ប្រសើរ​ឡើង​ ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ពាក់​ព័ន្ធពិសេស​ពី​សំណាក់​រដ្ឋាភិបាល។ អ្នក​ស្រី​ថា ​រដ្ឋាភិបាល​គួរ​បង្កើត​ឱ្យ​មាន​នីតិវិធី​ដែល​អាច​ជួយ​ពន្លឿន​ការ​លែងលះ​ ​កាត់​បន្ថយ​នីតិវិធី​ផ្សះផ្សា​ដោយ​តុលាការ ពង្រីក​យន្តការ​គាំពារ​ផ្នែក​សុខភាព​ស្រ្តី​ និង​លុប​បំបាត់​វប្បធម៌​បន្ទោស​ជន​រងគ្រោះ​ពី​អ្នក​អនុវត្ត​ច្បាប់។

អ្នក​ស្រី​ ម៉ៅ​ ម៉ាប់​ ថ្លែង​ថា៖ «រដ្ឋាភិបាល​ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ពង្រឹង​ឬ​ក៏​បង្កើន​ការ​វិនិយោគ​ទៅ​លើ​ការ​ពង្រឹង​សមត្ថ​ភាព​របស់​ស្រ្តី​ដើម្បី​ឱ្យ​ពួក​គាត់​មាន​ភាព​ឯករាជ្យ​ផ្នែកហិរញ្ញ​វត្ថុ ក៏​ដូច​ជា​ឯករាជ្យភាព​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្តផ្សេងៗ»។

ស្រ្តី​បន្ទាប់​ពី​លែងលះ​ច្រើន​តែ​ប្រឈម​ជាមួយ​ការ​វាយ​តម្លៃ​ពី​មនុស្ស​ចាស់ និង​ងាយ​ទទួល​រង​នូវ​សម្ពាធ​ជាង​បុរស​ដែល​ជា​អតីត​ស្វាមី។ ៨៧%​នៃ​អ្នក​ស្ទង់​មតិ​ជឿ​ថា​ស្ត្រី​រង​នូវ​ភាព​អាម៉ាស់ និង​ការ​វិនិច្ឆ័យ​ច្រើន​ជាង​បុរស​បន្ទាប់​ពី​លែងលះ។

ស្រ្តី​ម្នាក់​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​របាយការណ៍ ក្នុង​ន័យ​ដើម​ថា៖ «មនុស្ស​ចាស់​តែង​តែ​ព្យាយាម​ផ្សះ​ផ្សាគូ​ស្នេហ៍ ទោះ​បី​ជា​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏​ដោយ ក៏​ពួក​គាត់​មិន​ចង់​ឱ្យ​កូន​របស់​ខ្លួន​លែងលះ​គ្នា​ដែរ»។

ស្ត្រី​ម្នាក់​ទៀត​ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​របាយការណ៍​ស្ទង់​មតិ​នោះ​ថា៖ «ពេល​ដែល​ខ្ញុំ​ព្យាយាម​លែងលះ​ដំបូង គ្រួសារ​ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​ខ្ញុំ​ឱ្យ​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​ និង​ផ្សះផ្សា​ជាមួយ​អតីត​ស្វាមី។ ខ្ញុំ​ទទួល​រង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​មិន​ទទួល​បាន​ការ​ពិភាក្សា​អំពី​សុខ​ភាព​ផ្លូវ​ចិត្ត និង​សុខុមាល​ភាព​របស់​ខ្ញុំ​ទេ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី​បាន​នៅ​ឡើយ​ទេ។

តាម​របាយ​ការណ៍​អង្កេត​ប្រជាសាស្ត្រ​និង​សុខភាព​កម្ពុជា ឆ្នាំ​២០២១-២០២២​របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ សហការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២៣ បង្ហាញ​ថា​ ១៩%​នៃ​ស្ត្រី​ធ្លាប់​មាន​ស្វាមី ធ្លាប់​រង​អំពើ​ហិង្សា​ផ្លូវ​អារម្មណ៍ ដោយ​ពាក្យ​ប្រមាថ និង​ការ​និយាយ​បំបាក់​មុខ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ៕