ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ថ្មី​មួយ៖ វត្ត​មាន​ស្ត្រី​​ក្នុង​អត្ថបទ​​សារ​ព័ត៌​មាន​ មាន​ចំនួន​តិច​នៅ​ឡើយ


យុវតីម្នាក់កំពុងតែមើលរបាយការណ៍របស់អង្គការយូណេស្កូ នៅរាជធានីភ្នំពេញ។ (ស៊ឹម ចាន់សំណាង/វីអូអេ)
យុវតីម្នាក់កំពុងតែមើលរបាយការណ៍របស់អង្គការយូណេស្កូ នៅរាជធានីភ្នំពេញ។ (ស៊ឹម ចាន់សំណាង/វីអូអេ)

សំឡេងឬ​វត្តមានរបស់​ស្រ្តី​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​ នៅ​មានចំនួន​តិច​នៅ​ឡើយ បើ​ធៀប​នឹង​បុរស។ នេះ​បើ​យោង​តាមការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​អង្គ​ការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ​។

ការ​សិក្សា​នេះ​ធ្វើ​ឡើងកាល​ពី​ដើម​ឆ្នាំ​២០២៣​ ក្រោម​គម្រោង​«ការ​ពង្រឹង​ការ​អភិវឌ្ឍប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ និង​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា»​របស់​អង្គ​ការ​យូណេស្កូ​ គាំទ្រ​ដោយ​ទី ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ស៊ុយ​អែត​ (SIDA) ដើម្បី​លើក​កម្ពស់​បរិយា​កាស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​សុវត្តិ​ភាព សេរី ពហុនិយម​ និង​ឯក​រាជ្យ។ ការ​សិក្សា​នេះ​ធ្វើ​ឡើង តាម​រយៈ​ការ​ស្រាវជ្រាវ​ឯកសារ​ដែល​មានស្រាប់ ការ​តាម​ដាន​លើ​អត្ថបទ​សារព័ត៌មាន​ជាង​៤០០០​អត្ថបទ និង​ការ​សម្ភាស​ស៊ី​ជម្រៅ​ជាមួយ​អ្នក​ពាក់ព័ន្ធ។

ការ​សិក្សា​ដែល​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីនេះៗ ត្រូវបាន​រក​ឃើញ​ថា​ស្រ្តី​ដែល​ត្រូវ​បាន​សម្ភាស​ក្នុង​អត្ថបទ​សារព័ត៌មាន ឬ​សំឡេង​របស់​ស្រ្តី​ ​មាន​តិច​ជាង​៥% បើ​ធៀប​នឹងសំឡេងបុរសដែល​ត្រូវ​បាន​សម្ភាស។ ចំណែកអ្នក​នាំ​ពាក្យដែល​ត្រូវបាន​សម្ភាស​ជា​ប្រភព​ព័ត៌​មាន​ជា​ស្រ្តី​ មាន​ប្រមាណ​២% ខណៈអ្នក​ជំនាញ​ និង​អ្នក​ផ្តល់​ឯក​ទេស​លើ​ប្រធាន​បទ​ដែល​ផ្តល់​បទ​សម្ភាស​ ជា​ស្ត្រី​មាន​ប្រមាណ​៧%។ ​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​សម្ភាស​ន៍​ជាប្រជាពលរដ្ឋ​ទូទៅ​ ​មាន​ប្រមាណ​១២​%​ជា​ស្រ្តីតែប៉ុណ្ណោះ។

អ្នក​ស្រី គ្រី ស៊ុយហៀង នាយិកា​ប្រតិបត្តិ​អង្គការ​នារី​ ដើម្បី​សន្តិភាព ​ប្រាប់​វី​អូ​អេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កង្វះ​ខាត​វត្តមាន​ស្រ្ដី​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន និង​ក្នុង​វិស័យ​សារព័ត៌មាន​ ដោយ​សារមូលហេតុ​ជា​ច្រើន​រួម​ផ្សំ​គ្នា ​ដូច​ជា​វិសម​ភាព​យេន​ឌ័រ​ វិសម​ភាព​នៃ​អំណាច​ក្នុង​សង្គម និង​បញ្ហា​ជា​ច្រើន​ទៀត​ដែល​រារាំង​ស្រ្ដី​នៅ​ក្នុង​ការ​ចូល​រួម​ រួមមាន​សុវត្តិភាព​របស់​ស្រ្ដី​ទាក់ទង​នឹង​ការ​បៀត​បៀន​ផ្លូវ​ភេទ ការ​បៀត​បៀន​ផ្នែក​ច្បាប់ ផ្នត់​គំនិត​សង្គម​ដែល​មិន​សូវ​ឱ្យ​តម្លៃ​លើ​វត្តមាន​ស្រ្ដី​ ការមិន​សូវ​បាន​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​ និង​ការ​ចំណាយ​ពេល​បំពេញ​ការងារ​ផ្ទះ ដែល​អាច​ជា​ផ្នែក​មួយ​រារាំង​មិន​អាច​ឱ្យ​ស្រ្ដី​មាន​ពេល​វេលា​ពង្រឹង​សមត្ថ​ភាព​បន្ថែម។ អ្នក​ស្រី​បន្ត​ថា​កង្វះ​ខាត​វត្តមាន​ស្រ្ដី​នៅ​ក្នុង​វិស័យ​ព័ត៌មាន​អាច​ប៉ះ​ពាល់​ដល់​ការ​ពង្រឹង​ផ្នត់​គំនិត​សង្គម​ បទដ្ឋាន​សង្គមដែល​អវិជ្ជមាន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ចូល​រួម​របស់​ស្រ្ដី​ និង​កង្វះ​ព័ត៌មាន​ដែល​មិន​គ្រប់​ជ្រុង​ជ្រោយ​។

អ្នក​ស្រី​ថ្លែង​ថា​៖ «អ៊ីចឹង​កាល​ណា​កង្វះ​សំឡេង​របស់​ពួក​គាត់​ ហាក់​បី​ដូច​ជា​មិន​អាច​ធ្វើ​ឱ្យ​ព័ត៌មាន​មួយ​ហ្នឹងមិន​មាន​លក្ខណៈគ្រប់​ជ្រុង​ជ្រោយ។

អ៊ីចឹង​ទីមួយ​គឺ​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​។ ទីពីរ​វា​ជំរុញផ្នត់​គំនិត​ ដោយ​សារ​តែ​ព័ត៌មាន​មួយ​ចំនួន​ កាលណា​ខ្វះនូវសំឡេង​ទាំង​អស់​ហ្នឹង​ ដែល​បាន​គិត​គូរ​នឹង​មាន​លក្ខណៈឆ្លើយ​តប​ទៅ​នឹង​យេនឌ័រ វា​ធ្វើ​ឱ្យ​ផ្នត់​គំនិត​មួយ​ចំនួន​ដែល​មាន​លក្ខណ​អវិជ្ជមាន​នៅ​តែ​បន្តកើត​ឡើង​»​។

លោក​ ណុប ​វី​ នាយក​ប្រតិបត្តិ​នៃ​សមាគម​អ្នក​សារព័ត៌​មាន​កម្ពុជា ហៅ​កាត់​ថាខេម​បូ​ចា​ប្រាប់​វីអូអេ​ថាអ្នក​សារ​ព័ត៌​មាន​ជា​ស្ត្រី​មាន​ការ​ប្រឈម​ច្រើន ​ដូច​ជា​ការ​បៀត​បៀន​លើ​រូប​រាង​កាយ​ ការ​ប្រមាថ​ដោយ​ប្រើ​ពាក្យ​ពេចន៍​មិន​សម​រម្យ​ ឬ​ការ​គំរាមកំហែង​ផ្សេងៗ​ជា​ដើម។

លោក​បន្ថែម​ថា​បញ្ហា​ដែល​ស្រ្តីចូល​រួម​ក្នុង​វិស័យ​សារ​ព័ត៌​មាន​ មាន​ចំនួន​តិច​ គឺ​បណ្តាល​មក​ពី​បរិបទ​នៅ​ក្នុង​សង្គម និង​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ និង​ការ​ផ្តល់​សម្ភាស​ទៅ​ដល់​អ្នក​សារ​ព័ត៌​មាន​ជា​ដើម។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​ធ្លាប់​បាន​ពិនិត្យ​ឃើញ​យើង​ឃើញ​ថា​ទី​មួយ ​គឺ​រឿង​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ​ដោយ​សារ​យើង​ដឹង​ហើយ​ថា​កន្លង​មក​មាន​ករណី​អ្នក​សារព័ត៌​មាន​ ដូច​ជា​អ្នក​សារ​ព័ត៌​មាន​ពល​រដ្ឋ​ជា​ស្រ្តី​នៅ​ខាង​ខេត្ត​រតនគិរី​ត្រូវ​បាន​ទទួល​រង​ការ​ធ្វើ​បាប ​រហូត​ដល់​មាន​ការ​បាត់​បង់​អាយុ​ជីវិត​ ហើយ​យើង​ឃើញ​មាន​ការ​បៀត​បៀន​ពី​ពេល​ដែល​ពួក​គាត់​ចុះ​យក​ព័ត៌​មាន​ជាពិសេស​ពេល​ដែល​មាន​ជម្លោះ​ មាន​បាតុ​កម្ម​អី​ហ្នឹង​ពួក​គាត់​ទទួល​រង​ការ​បៀត​បៀន​លើ​រូប​រាង​កាយ​ ហើយ​តាម​ប្រព័ន្ធ​អន​ឡាញ​ហ្នឹង​មាន​អ្នក​សារ​ព័ត៌​មាន​ជា​ស្ត្រី​មួយ​ចំនួន​ទៀត​ដែល​គាត់​មាន​ភាព​សកម្ម​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ ក៏​ទទួល​រង​នូវ​ការ​ប្រមាថ​ ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មិន​សម​រម្យ​អ៊ី​ចឹង​ជា​ដើម​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ»។

អ្នក​ស្រី ញឹក ស្រីល័ក្ខ ជា​នាយិកា​សារព័ត៌មាន Thmey Thmey ២៥ ​យល់​ឃើញ​ដូច​គ្នា​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​UNESCO ដែល​បង្ហាញ​ថា​វត្តមាន​ស្រ្ដី​ក្នុងអត្ថបទ​សារព័ត៌មានពិត​ជា​មាន​ចំនួន​តិច​ជាង​បុរស​។ អ្នក​ស្រី​បន្ថែម​ថារយៈ​ពេល​ជាង៧​ឆ្នាំ​ដែលប្រឡូក​ក្នុង​វិស័យ​នេះ​ អ្នក​ស្រី​មើល​ឃើញ​ថាអ្នក​សារព័ត៌មាន​ដែល​សរសេរ​អំពី​បញ្ហា​នយោបាយ​មាន​ភាព​ប្រឈម​ជាង​អ្នក​សារព័ត៌មាន​ដែលសរសេរ​អំពី​បញ្ហា​ទូទៅ។

អ្នក​ស្រី ញឹក ស្រីល័ក្ខ ​ថ្លែង​ថា​៖ «អាច​និយាយ​បាន​ថា​មិន​សូវ​មាន​បញ្ហា​ប្រឈម​ ដោយ​សារ​បងFocus (ផ្ដោតលើ)​ រឿង​កសិកម្ម ​យុវជន ​SME (សហគ្រាស​ ធុន​ តូច​ និង​ មធ្យម​ ) ​ទេសចរណ៍​អី​ទេ​ អ៊ីចឹង​វា​អត់​សូវមាន​បញ្ហា​ប្រឈម​ដូច​អ្នក​ដែល​ធ្វើ​រឿង​នយោបាយ​ដែល​គាត់​រង​ការ​គំរាម​គំហែង​ផ្សេង​ៗ​ដែល​ធ្លាប់​ដឹង​ថាកើត​មាន​ឡើង​នៅក្នុង​សង្គម​។ ហើយ​មួយ​វិញ​ទៀត​ហ្នឹង ​បញ្ហា​ដែល​អ្នកសារ​ព័ត៌​មានស្រ្តី​លើក​ឡើង​ការបៀត​បៀន​របស់​អ្នកសារព័ត៌​មាននៅពេល​ដែល​ទៅ​កម្មវិធី​ផ្សេៗ យើង​ប្រជ្រៀត​ទៅ​សម្ភាសន៍​ទៅ​ក៏​មាន​ការ​បៀត​បៀន​មួយ​ចំនួន ​ហើយ​អ្នក​ខ្លះ​ទៅ​ក៏​រង​នូវ​ការ​បៀត​បៀន​ពាក្យ​សម្តី​ពីអ្នក​សារព័ត៌មាន ឬ​ក៏អ៊ី​ចឹងណា​»​។

កញ្ញា​ យ៉ាត់​ ម៉ា​ល័យ​ អ្នក​សារ​ព័ត៌​មាន​បម្រើ​ការ​នៅ​ស្ថាប័ន​សារ​ព័ត៌​មាន​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ​ប្រាប់​វីអូអេ​ថាតាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​យូ​ណេ​ស្កូ​នេះ កញ្ញា​យល់​ថា​ពិត​ជា​មិន​សូវ​មាន​អ្នក​សារ​ព័ត៌​មាន​ជា​ស្រ្តី​ច្រើន ​ដោយ​សារ​ស្រ្តី​មួយ​ចំនួន​មិន​ទាន់​មាន​ទំនុក​ចិត្ត​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ងារ​នេះ​ និង​ពេល​ខ្លះ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​គ្រួសារ​ សង្គម​ និង​មជ្ឈ​ដ្ឋាន​នា​នា​នៅ​ក្នុង​បរិបទ​ផ្សេងៗ​។ ប៉ុន្តែ​កញ្ញា​សង្ឃឹម​ថា​នឹង​មាន​អ្នក​សារ​ព័ត៌​មាន​ជា​ស្រ្តី​ច្រើន​នា​ពេល​ខាង​មុខ។

កញ្ញា​ថ្លែង​ថា​៖ ​«​និយាយ​ទៅ​ដល់​តួ​នាទី​អ្នក​សារ​ព័ត៌​មាន​ជា​ស្ត្រី​ហ្នឹង​ គឺ​អត់​ខុស​អី​ពី​បុរស​ទេ​ ព្រោះ​នៅ​ក្នុង​វិស័យ​សារព័ត៌​មាន ​គឺ​បើក​ទូលំ​ទូលាយ​អ៊ីចឹង​មាន​ន័យ​ថា​នៅ​ពេល​ដែល​បុរស​អាច​ទៅ​យក​ព័ត៌​មាន​បាន​ ហេតុ​អី​ស្ត្រី​មិន​អាច​ទៅ​សម្ភាស​គេ​បាន​។​ ស្ត្រី​ក៏​គាត់​អាច​ផ្ដល់​ព័ត៌​មាន​ អាច​នាំ​យក​បញ្ហា​ផ្សេងៗ​ក៏​ដូច​ជា​ដំណោះ​ស្រាយ​ផ្សេងៗ​ពី​រដ្ឋា​ភិ​បាល​ សង្គម​ស៊ីវិល​ដើម្បី​យក​ទៅapply (អនុវត្ត) ក៏​ដូច​ជា​យក​ទៅ​publish (ចុះ​ផ្សាយ) ទៅ​ដល់​សាធា​រណជន​ដែល​គាត់​បាន​ដឹង​ឮ​ដូច​ទៅ​នឹង​បុរស​ដែរ​ អ៊ីចឹង​ហេតុ​អី​បាន​សកម្ម​ភាព​របស់​ស្រ្តី​ត្រូវ​មើល​រំលង»។

វីអូអេ​មិន​អាច​ទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ទេព​ អស្នារិទ្ធ​ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន​បាន​នៅ​ឡើយ។

អ្នក​ស្រី​ គ្រី ស៊ុយ​ហៀង នាយិកា​ប្រតិបត្តិ​អង្គការ​នារី​ ដើម្បី​សន្តិភាព រំឭក​ថា​ស្រ្ដី​ខ្លួន​ឯង​ត្រូវ​ពង្រឹង​សមត្ថភាព ចំណេះ​ជំនាញ​ខ្លួន​ឯង​បន្ថែម​ទៀត ​ដើម្បី​មាន​សមត្ថភាព​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​សារព័ត៌មាន​នេះ។ បន្ថែម​ពី​នេះអ្នក​ស្រី​ស្នើ​ដល់គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​មាន​រដ្ឋាភិបាល ក្រសួង​ពាក់​ព័ន្ធ ស្ថាប័ន​សារ​ព័ត៌​មាន​ត្រូវ​មាន​គោល​នយោបាយ ​ដើម្បី​ការពារស្រ្ដី និងត្រូវ​មានការ​គាំទ្រ និង​ការពារពី​ក្រុម​គ្រួសារ និងអ្នក​រស់​នៅ​ក្នុង​សមាគមន៍​ផង​ដែរ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG