ការ​តវ៉ា​ថ្មីៗ​បាន​ផ្ទុះ​ឡើង​នៅ​តាម​ប្រទេស​អារ៉ាប់​និង​ប្រទេស​សម្បូរ​អ្នក​កាន់​សាសនា​ឥស្លាម ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​លោក ត្រាំ ចំពោះ​ទីក្រុង Jerusalem

កងកម្លាំង​សន្តិសុខ​លីបង់​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ដើម្បី​បំបែក​បាតុករ​ នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង Awkar កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។

ការ​ធ្វើ​បាតុកម្ម​ថ្មីៗ​ជាច្រើន​ទៀត​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​តាម​ប្រទេស​អារ៉ាប់​និង​ប្រទេស​សម្បូរ​អ្នក​កាន់សាសនា​ឥស្លាម។​

កងកម្លាំង​សន្តិសុខ​លីបង់​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង បេរ៉ុត បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​អ្នក​តវ៉ា​ជនជាតិ​លីបង់និង​ប៉ាឡេស្ទីន ដែល​គប់​ដុំ​ថ្ម​ដាក់​ស្ថានទូត​អាមេរិក​និង​បាន​ដុត​រូប​សំណាក​លោក ត្រាំ និង​ទង់ជាតិ​អាមេរិក​និង​អ៊ីស្រាអែល​នោះ។ ​

នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​រដ្ឋធានី ហ្សាការតា ខណៈ​ដែល​មាន​ការ​តវ៉ា​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស ហ្សកដានី តួកគី ប៉ាគីស្ថាន ម៉ាឡេស៊ី អេហ្ស៊ីប និង​ដែនដី​ប៉ាឡេស្ទីន​ដែល​នៅ​ជាប់​ព្រំប្រទល់​ជាមួយ​នឹង​អ៊ីស្រាអែល​ផង​ដែរ។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង Gothenburg នៃ​ប្រទេស​ ស្វ៊ីស បាន​ចាប់​ខ្លួន​មនុស្ស​៣នាក់​ចំពោះ​ការ​ចោទប្រកាន់​ថា បាន​គប់​ដុំ​ភ្លើង​ទៅ​លើវិហារ​សាសនា​ជ្វីប។ អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ហេតុការណ៍​នេះ​កំពុង​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ថា​ជា​ការ​បង្ក​អគ្គិភ័យ។ ពុំ​មាន​នរណា​ម្នាក់​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ​នោះ​ទេ៕