សម្ព័ន្ធអារ៉ាប់បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល គឺជា «ការវិវត្តដ៏គ្រោះថ្នាក់មួយដែលធ្វើសហរដ្ឋអាមេរិកស្ថិតក្នុងគោលជំហរលំអៀងទាក់ទិនទៅនឹងការគ្រប់គ្រងទីក្រុង Jerusalem នេះ និងគឺជាការរំលោភទៅលើច្បាប់ និងសេចក្ដីសម្រេចអន្តរជាតិនានា»។
សេចក្ដីថ្លែងការណ៍នេះបានចេញផ្សាយកាលពីព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់បានជួបប្រជុំគ្នាជាបន្ទាន់មួយនៅក្នុងទីក្រុងគែ ប្រទេសអេហ្ស៊ីប និងបានបញ្ជាក់ថា ការសម្រេចរបស់លោក Trump ដូចនេះ ក៏បញ្ចប់នូវតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជា «អ្នកគាំទ្រ និងអ្នកសម្របសម្រួល» នៅក្នុងដំណើរការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាផងដែរ។
សេចក្ដីសម្រេចរបស់សម្ព័ន្ធអារ៉ាប់នេះក៏បានបញ្ជាក់ផងដែរថា ការសម្រេចរបស់លោក Trump អំពីទីក្រុង Jerusalem នេះ «ប៉ះពាល់ដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព បង្កឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង ក៏ដូចជានឹងបង្កឲ្យមានកំហឹងដែលនឹងរុញច្រានតំបន់ទាំងមូលទៅរកមាត់ជ្រោះនៃអំពើហិង្សា ភាពចលាចល និងការបង្ហូរឈាម»។
មេដឹកនាំសម្ព័ន្ធអារ៉ាប់បានអំពាវនាវឲ្យបណ្ដាប្រទេសនានានៅលើពិភពលោកទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យមួយដែលមានទីក្រុង Jerusalem ជារដ្ឋធានីដើម្បីជាការឆ្លើយតបទៅនឹងវិធានការរបស់លោក Trump ដូចនេះ។
រដ្ឋមន្ត្រីការបរទេសទាំងឡាយនៃសម្ព័ន្ធអារ៉ាប់ក៏បានអំពាវនាវផងដែរឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តនូវសេចក្ដីសម្រេចមួយថ្កោលទោសការសម្រេចចិត្តរបស់លោក Trump។
កិច្ចប្រជុំរបស់សម្ព័ន្ធអារ៉ាប់នេះបានធ្វើឡើង បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវរយៈពេល ៣ ថ្ងៃនៅក្នុងតំបន់ West Bank និងតំបន់ Gaza Strip ក៏ដូចជាការតវ៉ានៅឯវិហារឥស្លាម Al-Azhar ក្នុងរដ្ឋធានីប្រទេសអេហ្ស៊ីបផងដែរ៕