របាយការណ៍​ថ្មី​រក​ឃើញ​ថា ​ការ​ធ្វើ​​ផែនទី​កំណត់​ដី​កម្មសិទ្ធិ​ជួយ​កាត់​បន្ថយ​ទំនាស់

រូបថត​នៃ​រ​បាយការណ៍​​ថ្មី​ទៀត​មួយ​ស្តី​​អំពី​ ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​ចំនួន​៤​នៃ​ប្រទេស​កម្ពុជា​​ដែល​មាន​ចំណងជើង​ថា «ការ​គូស​ផែនទី ផល​ប៉ះពាល់​ និង​ដំណោះស្រាយ​ដែល​អាច​មាន‍» របស់​​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា NGO Forum និង​អង្គការ​ជីវិត​ថ្លៃថ្នូរ​​​​នៅ​ថ្ងៃ​ពុធ​នេះ បាន​ផ្សព្វផ្សាយ​។ ​ខេត្ត​ទាំង​៤នោះ​មាន​​ ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​។

វិវាទ​ដីធ្លី​ជា​រឿយៗ​បាន​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​ប្រជាជន​នៅ​តាម​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ​ ស្រប​ពេល​ដែល​យន្តការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដែល​មាន​ស្រាប់​ហាក់​ដូច​ជា​​ឆ្លើយ​តប​យឺតយ៉ាវ​នៅ​ឡើយ។

ការ​បោះ​បង្គោលកំណត់​ព្រំដែន បែក​ចែក​ឲ្យ​បាន​ច្បាស់លាស់​រវាង​ ​ដី​សាធារណៈ​របស់​រដ្ឋ ដី​ឯកជន​របស់​រដ្ឋ និង​ដី​សហគមន៍ គឺ​ជា​ជំហានដំបូង​សំខាន់​មួយ​ឈាន​ទៅ​ដល់​ការ​កាត់បន្ថយ និងដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ដែល​បាន​តាម​ដាន​ការវិវត្តន៍​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា។

លោក តឹក វណ្ណារ៉ា ​នាយក​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា៖

«យើង​អត់​ទាន់​មាន​ Mapping ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ដី​រដ្ឋ​ ដី​ឯកជន​របស់​រដ្ឋ​ ហើយ​ដី​សហគមន៍​ឲ្យ​បាន​ច្បាស់លាស់​នេះ​គឺ ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ទាំង​រាជរដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ។ នៅ​ពេល​មាន​លក្ខណៈ​ច្បាស់លាស់ ​វា​អាច​ជួយ​កាត់បន្ថយ​ជម្លោះ​ដីធ្លី​ផង​ដែរ​»។​

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា NGO Forum និង​អង្គការ​ជីវិត​ថ្លៃថ្នូរនៅ​ថ្ងៃ​ពុធ​នេះ បាន​ផ្សព្វផ្សាយ​របាយការណ៍ថ្មី​ទៀត​មួយ​ស្តីអំពី​ ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​ចំនួន​៤​នៃ​ប្រទេស​កម្ពុជាដែល​មាន​ចំណងជើង​ថា៖ ការ​គូស​ផែនទី ផល​ប៉ះពាល់​ និង​ដំណោះស្រាយ​ដែល​អាច​មាន។ ​ខេត្ត​ទាំង​៤នោះ​មាន ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​។

លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា​ខេត្ត​ទាំង​៤នេះ​ ​ជា​តំបន់​ដែល​មានជម្លោះ​ដីធ្លី​មាន​កើត​ឡើង​មិន​ចេះ​ចប់​ និង​មិនទាន់​ដំណោះ​ស្រាយ​ច្បាស់លាស់​នៅឡើយ។ មួយ​វិញ​ទៀត​ ខេត្ត​ទាំង​៤នេះ​ ក៏​កំពុងស្ថិត​ក្រោម​ដំណាក់កាលអនុវត្ត​ដីសម្បទាន​សេដ្ឋកិច្ច​ផង​ដែរ​។

​វិវាទ​ដីធ្លី​ជា​រឿយៗ​បាន​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​ប្រជាជន​នៅ​តាម​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ​ ស្រប​ពេល​ដែល​យន្តការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដែល​មាន​ស្រាប់​ហាក់​ដូច​ជាឆ្លើយ​តប​យឺតយ៉ាវ​នៅ​ឡើយ។

​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ដដែលៗ​នេះ​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ លោក ​តឹក ​វណ្ណារ៉ា​បញ្ជាក់ថា​៖​ «ទី១​គឺ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​គួរ​ផ្តល់​ធនធាន​គ្រប់គ្រាន់​ទៅដល់​យន្តការ​ដែល​មាន​ស្រាប់ មាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​ធនធាន​មនុស្ស​ ធនធាន​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុដើម្បី​ឲ្យ​គាត់​ធ្វើ​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និងអាច​ឆ្លើយ​តប​ឲ្យ​ទាន់​ពេលវេលា​ ប្រជាជន​ដែល​កំពុង​រងគ្រោះ​ ​ដង្ហោយ​ហៅ​ដំណោះស្រាយ ។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ក៏​ធ្វើ​ Mapping [ផែនទី​] ដែរ ដើម្បី​ធានា​ថា​ករណី​ធំៗ​មួយ​ចំនួន ​ត្រូវ​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សមស្រប​ក្នុង​ខេត្ត​ទាំង​៤»។

របាយការណ៍​សិក្សា​ពី​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ទាំង​៤ខាង​លើ​នេះ ធ្វើឡើង​ដើម្បី​យល់​ដឹង​ពី​ស្ថានភាព​វិវាទ​ និង​ផល​ប៉ះពាល់​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​សហគមន៍​មូលដ្ឋាន​ ដើម្បី​ចងក្រង​ជា​ឯកសារ (ជា​ភាសាខ្មែរ៖ http://bit.ly/1YesWBq ជា​ភាសា​អង់គ្លេស៖ http://bit.ly/1kBBqVd)​ ​ករណី​ជោគជ័យ​នានាចេញ​ពី​ការ​តស៊ូ​មតិ​លើ​បញ្ហា​វិវាទ​ដី​ធ្លី​ ព្រម​ទាំង​គូស​ផែនទីកំណត់​ទី​តាំង​ច្បាស់​លាស់​ទៅ​លើដី​ដែល​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ទាំង​៤​នេះ​ផង​ដែរ៕