មន្ត្រី​ក្នុង​រដ្ឋ New Jersey កំពុង​ទាក់​ទង​រក​​អ្នក​ចូលរួម​ក្នុង​កម្មវិធី​រៃអង្គាស​​ប្រាក់​​របស់​លោក​ Trump កាល​ពី​សប្តាហ៍​មុន 

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយអំពីការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្លឹប​វាយ​កូនហ្គោល Bedminster របស់​លោក នៅរដ្ឋ New Jersey កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

មន្រ្តី​ក្នុង​រដ្ឋ New Jersey​ កំពុង​ទាក់​ទង​មនុស្ស​ប្រមាណ​ជាង ២០០ ​នាក់​ ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធីរៃ​អង្គាស​ប្រាក់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតរបស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នៅ​ឯក្លឹប​វាយ​កូនហ្គោល Bedminster របស់​លោក ដោយ​បាន​ស្នើ​ឲ្យ​ពួក​គេ​តាម​ដាន​អាការៈ​ក្នុង​ខ្លួន​ ខ្លាច​ក្រែង​មាន​រោគ​សញ្ញា​ណា​មួយ​នៃ​វីរុស​កូរ៉ូណា។​

​ក្រុម​មន្ត្រី​បាន​ស្នើ​ឲ្យ​ពួកគេ​រង់​ចាំ​រយៈពេល​ពី ​៥ ទៅ ​៧​ ថ្ងៃ​សិន ក្រោយ​ពី​ចូល​រួម​ក្នុង​កម្មវិធី​នោះ​មុន​ពេល​ទៅធ្វើ​តេស្ត​រកមើល​ជំងឺ​កូវីដ​១៩​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ចេញ​លទ្ធផល​ខុស។​

លោក Trump​ បាន​ប្រកាស​កាល​ពីព្រឹក​ថ្ងៃ​សុក្រ​ថា​ លោក​និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា​របស់​លោក​ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​វីរុស​កូរ៉ូណា។ បច្ចុប្បន្ន​នេះ លោក​ប្រធានាធិបតី Trump កំពុង​ទទួល​ការ​ព្យាបាលជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​យោធា Walter Reed ក្នុង​រដ្ឋ Maryland ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីតោន។ ចំណែកឯ​អ្នកស្រី Melania Trump វិញ​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ គឺ​គ្រាន់​តែ​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង​ នៅ​សេតវិមាន​តែ​ប៉ុណ្ណោះ។

នាយកដ្ឋាន​សុខាភិបាល​របស់​រដ្ឋ​ New Jersey បាន​បង្ហោះ​សារ​លើ Twitter ថា​ សេតវិមាន​បាន​ផ្ញើ​បញ្ជីឈ្មោះអ្នក​ចូល​រួម​ចំនួន​ ២០៦ ​នាក់​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​រៃ​អង្គាស​ប្រាក់​នោះ ទៅ​ឲ្យ​មន្ត្រី​ក្នុង​រដ្ឋ New Jersey ហើយ។​

នាយកដ្ឋាន​សុខាភិបាល​នេះ​ក៏​បាន​ទាក់​ទង​ទៅ​អ្នកដែល​បាន​ចូល​រួមទាំង​នោះ​ និង​បាន​ប្រាប់​ឲ្យ​ពួក​គេ​តាម​ដាន​សុខភាព​ដោយ​ខ្លួន​ឯង​ផង​ដែរ ​ក្រែង​មានអាការៈ ឬ​រោគ​សញ្ញា​ណា​មួយនៃ​ជំងឺ​កូវីដ១៩ ហើយ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង ​ប្រសិន​បើ​ពួក​គេ​បាន​ស្ថិត​នៅ​ក្បែ​រលោក​ប្រធានាធិបតី​ ឬ​បុគ្គលិក​របស់​លោក​ នៅ​ក្នុង​កម្មវិធី​រៃ​អង្គាស​ប្រាក់​នោះ។

ទន្ទឹម​នឹង​នេះ​ដែរ មន្ត្រី​ក្នុង​សង្កាត់​ Somerset រដ្ឋ New Jersey ក៏​កំពុង​ទាក់​ទងដល់អ្នក​ធ្វើ​ការ​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ដែល​ភាគ​ច្រើន​ពួក​គេ​ជា​អ្នក​រស់​នៅ​ក្នុង​សង្កាត់​នេះ​តែម្ត​ង៕​