ការលេចឡើងនៃគណបក្សនយោបាយជប៉ុនថ្មីមួយមាននិន្នាការអភិរក្សនិយមបានដាក់ឱ្យមានការប្រជែងមួយដែលមិនបានរំពឹងទុកជាមុនដល់ក្រុមចម្រុះគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe នៅក្នុងការបោះឆ្នោតដែលលោកបានកំណត់កាលពីពេលថ្មីៗនេះដើម្បីបន្តការកាន់អំណាចរបស់លោកតទៅទៀត។
កាលពីចុងខែកញ្ញា លោកនាយករដ្ឋមន្ត្រីជប៉ុនបានរំលាយសភាជាន់ទាបដែលគេហៅថា Diet ហើយអំពាវនាវឱ្យមានអ្វីដែលគេស្គាល់ថាជាការបោះឆ្នោតមុនពេលកំណត់នៅថ្ងៃទី ២២ខែតុលាគឺជាងមួយឆ្នាំមុនការបោះឆ្នោតលើកក្រោយត្រូវកំណត់ធ្វើ។ ប្រសិនបើគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក Abe ហៅកាត់ថា LDP មានសមាជិកភាគច្រើនក្នុងសភា Diet លោកអាចបម្រើការជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២១។
នៅក្នុងការអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ លោក Abe ស្វះស្វែងទាញយកអត្ថប្រយោជន៍ពីការគាំទ្រលោកជិត៥០ភាគរយនៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះដោយសារលោកបានប្រកាន់យកគោលជំហខ្សែតឹងប្រឆាំងនឹងការគំរាមកំហែងខាងបរមាណូនិងខាងកាំជ្រួចមីស៊ីល ដោយប្រទេសកូរ៉េខាងជើង។ កាលពីពីរបីខែមុននេះអត្រាគាំទ្រលោកបានចុះថយដល់កម្រិតទាបត្រឹមតែជាង៣០ភាគរយដោយសារមានរឿងអាស្រូវនៅក្នុងប្រទេសទាក់ទិននឹងការចោទប្រកាន់ថាលោកបានប្រើតំណែងរបស់លោកដើម្បីជួយពួកមិត្តភក្តិនិងសមាជិកគ្រួសារលោកឱ្យមានកម្រៃនានា ដែលជាការចោទប្រកាន់លោកបានបដិសេធហើយ៕