នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានប្រកាសថា លោកនឹងរំលាយរដ្ឋសភា និងអំពាវនាវឲ្យមានការបោះឆ្នោតជាបន្ទាន់មួយធ្វើឡើងនៅខែក្រោយនេះ ដែលការបោះឆ្នោតនេះនឹងបង្កើនឱកាសឲ្យលោកអាចក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចបានយូរជាងគេបំផុតនៅក្នុងប្រទេសជប៉ុន ដោយហេតុថា លោកអាចកាន់អំណាចបានរហូតដល់ឆ្នាំ ២០២១ ប្រសិនបើលោកអាចឈ្នះការបោះឆ្នោតនេះ។
លោក Shinzo Abe បាននិយាយនៅឯសន្និសីទព័ត៌មានមួយនៅថ្ងៃចន្ទនេះថា លោកនឹងរំលាយរដ្ឋសភានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលាខាងមុខនេះ។
ការសម្រេចដូចនេះបានធ្វើឡើង ស្របពេលដែលមានភាពតានតឹងពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងមានការគំរាមកំហែងតិចតួចពីគណបក្សប្រឆាំង។
ប៉ុន្តែ អភិបាលក្រុងតូក្យូដ៏មានប្រជាប្រិយ លោកស្រី Yuriko Koike បានប្រកាសនៅថ្ងៃចន្ទនេះថា លោកស្រីនឹងដឹកនាំគណបក្សអភិរក្សនិយមថ្មីមួយផ្ដោតលើការកែទម្រង់ ដែលមានឈ្មោះថាគណបក្សនៃក្ដីសង្ឃឹម (Party of Hope) ដើម្បីប្រជែងជាមួយនឹងគណបក្សប្រជាធិបតេយ្យសេរី (Liberal Democratic Party) ដែលជាគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe។
ការគាំទ្រចំពោះគណបក្សរបស់លោក Shinzo Abe មានការកើនឡើងឡើងវិញ ដែលមួយផ្នែកតូចបណ្ដាលមកពីការផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីរបស់លោកកាលពីខែមុន និងការធ្លាក់ចុះនូវរឿងអាស្រូវនានា ក្នុងអំឡុងពេលរដ្ឋសភាឈប់សម្រាក៕