ការតវ៉ានៅក្នុងទីក្រុងញូវដេលី ដើម្បីប្រឆាំងនឹងច្បាប់ស្ដីពីសញ្ជាតិដ៏ចម្រូងចម្រាសមួយបានក្លាយជាហិង្សាកាលពីថ្ងៃអាទិត្យ នៅពេលដែលប៉ូលិសបានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យមួយ និងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងនិស្សិតដែលធ្វើការតវ៉ា។
និស្សិតនៅសាកលវិទ្យាល័យ Jamia Millia Islamia បានរាយការណ៍ថា ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបណ្ណាល័យរបស់ពួកគេ និងបានវាយនិស្សិតនឹងដំបង មុនពេលបិទរបងសាកលវិទ្យាល័យនោះទាំងអស់។ និស្សិតយ៉ាងហោចណាស់ជាង២០នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យដេលី។
ក្រុមនិស្សិតដែលរៀបចំការតវ៉ានោះបានបន្ទោសអ្នកមកពីខាងក្រៅដែលបានបង្កឲ្យមានអំពើហិង្សានោះ។ ពួកគេបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ពួកគេគ្រាន់តែធ្វើការតវ៉ាដោយសន្ដិវិធីនិងអហិង្សាប៉ុណ្ណោះ។
កាលពីព្រឹកថ្ងៃអាទិត្យ រថយន្តក្រុងចំនួនបីគ្រឿងនៅក្នុងទីក្រុងញូវដេលីបានឆេះ។ ប៉ូលិសនិយាយថា ប៉ូលិសចំនួន៦នាក់បានរងរបួសនៅក្នុងហេតុការណ៍នោះ។
ស្ថានីយ៍រថភ្លើងយ៉ាងហោចណាស់ចំនួន១៥កន្លែងនៅក្នុងទីក្រុងដេលី បានបិទកាលពីថ្ងៃអាទិត្យ ដោយសារតែការតវ៉ាហិង្សា។ ក្រុមសកម្មជនបានអំពាវនាវលើបណ្ដាញសង្គម Twitter ឲ្យធ្វើការតវ៉ានៅខាងក្រៅប៉ុស្ដិ៍ប៉ូលិស ដោយបានចែករំលែកព័ត៌មានអំពីវិធីធ្វើដំណើរ ខណៈមានការបិទផ្លូវទៀតផង។ បាតុកររាប់ពាន់នាក់បន្ថែមទៀតគ្រោងនឹងធ្វើដំណើរទៅតាមដងផ្លូវដើម្បីធ្វើបាតុកម្មបន្ថែមទៀត៕