តួលេខអ្នកផ្ទុកមេរោគកូរ៉ូណាថ្មី ហៅថា (COVID19) ដែលត្រូវគេរាយការណ៍មកថា មាន ការថមថយកាលពីថ្ងៃអង្គារក្នុងប្រទេសចិន តែតួលេខនៃចំនួនមនុស្សស្លាប់ពីជំងឺនេះនៅតែកើនឡើងដល់ទៅជិត១៩០០នាក់ រួមទាំងនាយកមន្ទីរពេទ្យនៅក្នុងទីក្រុងវូហាន ដែលជាកន្លែងផ្ទុះមេរោគនេះ។
ក្រុមមន្ត្រីចិនបានរាយការណ៍មកថា មានករណីឆ្លងថ្មីដល់ទៅ១៨៨៦ ដែលនេះជា លើកដំបូងដែលតួលេខប្រចាំថ្ងៃធ្លាក់ចុះក្រោមចំនួន២០០០ ចាប់តាំងពីចុងខែមករាមក តែតួលេខទាំងអស់មកដល់ពេលនេះកើនឡើងដល់ទៅជាង ៧២០០០នាក់ហើយ ដែលមានផ្ទុកមេរោគកូរ៉ូណាថ្មី។ ចំណែកតួលេខមនុស្សស្លាប់មានចំនួន ៩៨នាក់ដែលគេ រាយការណ៍ឲ្យដឹង ហើយនេះជាតួលេខដំបូងដែលបានធ្លាក់ចុះនៃចំនួនមនុស្សស្លាប់ ១០០នាក់ក្នុង១សប្តាហ៍។ ក្នុងចំណោមមនុស្សស្លាប់គឺមានរួមទាំង លោក Liu Zhiming នាយកមន្ទីរពេទ្យ វូចាំង ក្នុងក្រុងវូហាន ដែលជាទីក្រុងសំខាន់របស់ខេត្តហូប៉ីដែលជា ទីតាំងផ្ទុះមេរោគ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បាននិយាយថា មានអ្នកជំងឺជាង៨០ភាគរយដែលមានផ្ទុកមេរោគកម្រិតមធ្យម ហើយនឹងត្រូវជាសះស្បើយវិញ៕