ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា​ថ្មី​ COVID-19 អាច​ផលិត​បាន​ក្នុង​​​១៨​ខែ​ទៀត


ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ Munich ប្រចាំ​ឆ្នាំ នៅ​ក្នុង​ប្រទេស​អាល្លឺម់ង់ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក WHO រាយការណ៍​ថា វ៉ាក់សាំង​ការពារ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ថ្មី ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 អាច​ផលិត​បាន​ក្នុង​រយៈពេល​១៨​ខែ​ទៀត។

អ្នក​វិទ្យាសាស្ត្រ​ជាង​៤០០នាក់ ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រយៈពេល​២ថ្ងៃ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ដោយ​ផ្ទាល់ និង​តាមរយៈ​វីដេអូ ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ស្រាវជ្រាវ​ ក្នុង​ការ​ពន្លឿន​ការ​អភិវឌ្ឍ​វីធី​ព្យាបាល​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus និយាយ​ថា លោក​មិន​គិត​ថា អ្នក​វិទ្យាសាស្ត្រ​នឹង​អាច​ផ្តល់​ចម្លើយ​ភ្លាមៗ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​នឹង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​នោះ​ទេ។ ប៉ុន្តែ​លោក​និយាយ​ថា លោក​រំពឹង​ថា ពួកគេ​នឹង​ផ្តល់​ផ្លូវ​ណែនាំ​សម្រាប់​ការ​ស្រាវជ្រាវ​ទៅ​លើ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​បញ្ចប់​ជំងឺ​ដែល​ឆ្លង​រាលដាល​ដ៏​លឿន​មួយ​នេះ។

លោក​និយាយ​ថា ការ​ផលិត​វ៉ាក់សាំង​ និង​វិធី​ព្យាបាល​ដើម្បី​ការពារ​មនុស្ស​មិន​ឱ្យ​ឆ្លង​មេរោគ និង​ព្យាបាល​អ្នក​ដែល​ឆ្លង​មេរោគ​នេះ គឺ​ជា​រឿង​សំខាន់។ ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ថា ការ​ផលិត​វ៉ាក់សាំង​នេះ​ត្រូវ​ការ​ពេលវេលា ហើយ​នេះ​មាន​ន័យ​ថា មេរោគ​នេះ​នឹង​បន្ត​ឆ្លង​រាលដាល​ឥត​ឈប់ឈរ​នៅ​ជុំវិញ​ពិភពលោក។

លោក Tedros Adhanom Ghebreyesus ថ្លែង​ថា៖ «ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ មិន​មាន​ន័យ​ថា យើង​មិន​អាច​ការពារ​ខ្លួន​បាន​នោះ​ទេ។ មាន​វិធីសាស្ត្រ​អន្តរាគមន៍​ផ្នែក​សុខភាព​សាធារណៈ​ជា​មូលដ្ឋាន​ជាច្រើន ដែល​យើង​អាច​ប្រើប្រាស់​បាន​នៅ​ពេល​នេះ និង​ដែល​អាច​បង្ការ​ការ​ឆ្លង​ជំងឺ​នេះ​បាន​នៅ​ពេល​នេះ។ ជា​ឧទាហរណ៍ វ៉ាក់សាំង​លើក​ដំបូង​អាច​នឹង​បង្កើត​បាន​ក្នុង​រយៈពេល​១៨​ខែ ដូច្នេះ យើង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នៅ​ពេល​នេះ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ដែល​មាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​មួយ​នេះ»។​

លោក Tedros និយាយ​ថា WHO កំពុង​ជួយ​ប្រទេស​នានា​ត្រៀម​ខ្លួន​សម្រាប់​ការ​រាលដាល​នៃ​ជំងឺ​ដែល​អាច​កើត​មាន ដោយ​ពង្រឹង​នូវ​សមត្ថភាព​ការ​តេស្ត​ពិសោធន៍​របស់​ពួកគេ ដើម្បី​ឱ្យ​ពួកគេ​អាច​រកឃើញ​មេរោគ​នេះ​បាន​លឿន។ លោក​និយាយ​ថា បុគ្គលិក​សុខាភិបាល​រាប់​ពាន់​កំពុង​ទទួល​ការ​បណ្តុះបណ្តាល​ពី​របៀប​ព្យាបាល​អ្នក​ជំងឺ។ ​លោក​បាន​បន្ថែម​ថា ពលរដ្ឋ​នានាអាច​ការពារ​ខ្លួន​របស់​ពួកគេ​បាន​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សាមញ្ញ​ជាច្រើន ដែល​រួម​មាន​ការ​លាង​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក និង​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​ក្អក និង​កណ្ដាស់។

លោក​និយាយ​ថា​អង្គការ​សុខភាព​ពិភពលោក WHO និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​យល់ស្រប​ដាក់​ឈ្មោះ​ឱ្យ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ថា COVID-19។ ចាប់​ពី​ថ្ងៃ​នេះ​ទៅ មេរោគ​មួយ​នេះ​នឹង​ត្រូវ​បាន​គេ​ហៅ​ថា COVID-19។

លោក Tedros និយាយ​ថា៖ «យើង​ត្រូវ​តែ​រក​ឈ្មោះ​ណា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ទីកន្លែង សត្វ បុគ្គល ឬ​ក្រុម​មនុស្ស​ណា​មួយ និង​ឈ្មោះ​ដែល​អាច​អាន​បាន និង​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​នោះ។ ការ​ដាក់​ឈ្មោះ​ឱ្យ​នេះ​គឺ​ចាំបាច់​ ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការប្រើប្រាស់​ឈ្មោះ​ផ្សេង​ទៀត ដែល​មិន​ត្រឹមត្រូវ​ ឬ​មាន​ការ​រើសអើង»។

លោក Tedros កំពុង​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ធ្វើ​ការ​គាំទ្រ​ដល់​ការ​ស្វែងរក​ថវិកា​ចំនួន​៦៧៥​លាន​ដុល្លារ​របស់ WHO។ លោក​និយាយ​ថា ទឹកប្រាក់​នេះ​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ជួយ​ដល់​ប្រទេស​ក្រីក្រ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​របស់​ពួកគេ ដើម្បី​អាច​ឱ្យ​ពួកគេ​ការពារ​ខ្លួន​ពី​មេរោគ​ដ៏​គ្រោះថ្នាក់​មួយ​នេះ។​

លោក​និយាយ​ថា ​ការ​វិនិយោគ​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ពេល​នេះ​ ដើម្បី​បញ្ឈប់​ការ​ផ្ទុះ​ឡើង​នៃជំងឺ​នេះ​កុំ​ឲ្យ​រាលដាល​បន្ត។ ប្រសិនបើ​មេរោគ​នេះឆ្លង​រាលដាល​ដល់​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​នោះ លោក​ព្រមាន​ថា វា​នឹង​បង្កចលាចល​នៅ​ជុំវិញ​ពិភពលោក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG